ភ្នំពេញៈ ក្រោយពីស្នាដៃគំនូរចំនួន ២ ផ្ទាំងរបស់ខ្លួនទទួលបានការចាប់អារម្មណ៍ និងកោតសរសើរពីទឹកដៃថាល្អពីការចូលរួមតាំងពិព័រណ៍ស្នាដៃគំនូរនៅឯប្រទេសចិនពេលកន្លងមកថ្មីៗនោះក៏ជំរុញឲ្យវិចិត្រករស្រីខ្មែរអ្នកនាង ឆន ឌីណា បង្កើតបានបណ្តុំស្នាដៃថ្មីដែលប្រើបច្ចេកទេសគំនូរថ្មីដោយប្រើទឹកថ្នាំខ្មៅរបស់ចិនបានចំនួន ១២ ផ្ទាំង និងមានស្នាដៃគំនូរសិស្ស ២០ ផ្ទាំងនឹងបើកសម្ពោធតាំងពិព័រណ៍ស្នាដៃក្រោមចំណងជើងថា «Flying Higher» នាចុងសប្តាហ៍នេះ នៅឯវិចិត្រសាលនៃ The Plantation Urban Resort & Spa ។
វិចិត្រករស្រីដែលធ្លាប់បានពានរង្វាន់ Young Artist Award នៅប្រទេសថៃ កាលពីឆ្នាំ ២០១៦ អ្នកនាង ឆន ឌីណា ពន្យល់ត្រួសៗឲ្យដឹងពីអត្ថន័យចំណងជើង «Flying Higher» នៃបណ្តុំស្នាដៃគំនូរប្រើទឹកខ្មៅចិន ដំបូងគេ សម្រាប់វិស័យវិចិត្រកម្មខ្លួនថា៖ «ពិព័រណ៍ដែលចាត់ទុកថាគឺជាការប្រើស្ទីលនៃទឹកថ្នាំខ្មៅចិន នាងខ្ញុំជាលើកដំបូងនេះគឺចង់ផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយឲ្យមានការស្វែងយល់ និងជួយការពារទៅលើធនធានសត្វស្លាបរបស់ប្រទេសកម្ពុជា។ នាងខ្ញុំមានស្នាដៃចំនួន ១២ ផ្ទាំង ខណៈកូនសិស្សរបស់ខ្ញុំចំនួន ២០ នាក់ក៏មានស្នាដៃគំនូរម្នាក់ ១ ផ្ទាំងដែលស្តីពីបញ្ហាសត្វស្លាបផងដែរ សម្រាប់ការចូលរួមតាំងពិព័រណ៍នៅវិចិត្រសាលក្នុង The Plantation Urban Resort & Spa ដែលមានរយៈពេល ១ ខែគឺចាប់ថ្ងៃទី ១៦ ខែមីនាទៅដល់ទី ១៥ ខែមេសា ឆ្នាំ ២០១៩ ខាងមុខហើយខ្ញុំក៏សប្បាយចិត្តដែរ សម្រាប់សមិទ្ធផលស្នាដៃថ្មីនេះ។ វាមានលក្ខណៈថ្មីប្លែកនៅក្នុងទឹកដៃគំនូររបស់ខ្ញុំ»។
ថ្លែងដោយក្តីរីករាយ និងរំភើបក្នុងចិត្តសម្រាប់កម្រងស្នាដៃគំនូររបស់ខ្លួន ដែលផ្តោតសំខាន់ទៅលើខ្លឹមសារស្តីពីសត្វនៅប្រទេសកម្ពុជាបានផុសចេញឡើងក្នុងគោលបំណងបណ្តុះគំនិតកូនខ្មែរឲ្យមានការស្វែងយល់ពីសត្វស្លាបរបស់ប្រទេសខ្លន ដែលកំពុងតែរងភាពជិតផុតពូជ និងចង់ណែនាំដល់វិចិត្រករខ្មែរជំនាន់ក្រោយឲ្យចេះប្រើស្នាដៃសិល្បៈគំនូរខ្លួនបង្កប់ន័យអប់រំទៅលើផ្នែកវប្បធម៌នានារបស់ខ្លួនផងដែរ។
វិចិត្រករស្រីដែលមានបទពិសោធផ្នែកគំនូរអរូបីច្នៃប្រឌិតបែបខ្មែរជាង ១០ ឆ្នាំរូបនេះបង្ហើបឲ្យដឹងទៀតថា៖ «ចំពោះគោលបំណងចម្បងនោះគឺចង់បង្ហាញពីក្តីរំភើបចិត្តសម្រាប់ក្រុមវិចិត្រករខ្មែរនៅពេលបានឃើញស្នាដៃគំនូរខ្លួនត្រូវបានប្រជាជនខ្មែរមានការនិយមគាំទ្រ និងលើកស្ទួយស្នាដៃខ្លាំងជាងមុន ជាពិសេសនោះមានខ្មែរចាប់ផ្តើមមើលឃើញ និងយល់ពីតម្លៃនៃស្នាដៃគំនូរ ហើយបានជាវទុកលម្អ ឬបានទិញទៅដាក់តាំងតាមគេហដ្ឋានខ្លួនជាបណ្តើរៗហើយ»៕