ខណៈការតភ្ជាប់ផ្លូវដែករវាងប្រទេសកម្ពុជា និងប្រទេសថៃ ព្រមទាំងការបើកជាផ្លូវការនៃច្រកទ្វារអន្តរជាតិថ្មីចំនួន ២ កន្លែងនៅក្រុងប៉ោយប៉ែត កាន់តែខិតជិតចូលមកដល់នោះគេសង្កេតឃើញថា វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅតំបន់ប៉ោយប៉ែត នាពេលនេះកាន់តែមានភាពល្អប្រសើរជាលំដាប់។
លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បាននិយាយថា ប៉ោយប៉ែត គឺជាច្រកទ្វារអន្តរជាតិដែលមានសក្តានុពលជាងគេរបស់ប្រទេសកម្ពុជា ព្រោះច្រកនេះមានទាំងលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយសកម្មភាពនៃការធ្វើពាណិជ្ជកម្មក៏មានភាពមមាញឹក និងមានដង់ស៊ីតេប្រជាជនរស់នៅខ្ពស់ទៀតផង។
លោកបន្តថា ម្យ៉ាងវិញទៀត នៅក្រុងប៉ោយប៉ែត ក៏មានតំបន់សេដ្ឋកិច្ចជាច្រើនផងដែរដូចជា តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែតអូរនាង ( POSEZ - Poipet Oneang Special Economic Zone) តំបន់សេដ្ឋកិច្ចពិសេស សានកូ (Sanco Poipet Special Economic Zone) និងតំបន់សេដ្ឋកិច្ចពិសេសមួយទៀតដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ)។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល រៀលធី បានលើកឡើងទៀតថា ៖ «ដោយសារលក្ខណៈអំណោយផលទាំងអស់នេះបានធ្វើឱ្យហាងឆេងដីធ្លី នៅតំបន់ប៉ោយប៉ែតមានតម្លៃខ្ពស់ជាងតំបន់នៅតាមច្រកទ្វារអន្តរជាតិ ដទៃទៀត ក្នុងប្រទេសកម្ពុជា»។
លោក ស៊ា ឆៃលីន បានប្រាប់ទៀតថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដែលដកចេញនូវរបាំងពន្ធគយ ក៏បានរួមចំណែកយ៉ាងច្រើនដល់ភាពរីកចម្រើននៅក្រុងប៉ោយប៉ែតផងដែរ។
ក្រុងប៉ោយប៉ែត ជាផ្នែកមួយរបស់ខេត្តបន្ទាយមានជ័យ ដែលមានទីតាំងស្ថិតនៅជាប់ស្រុកអារញ្ញប្រាថេត ប្រទេសថៃ។ ប៉ោយប៉ែតមានចម្ងាយប្រហែល ៤១៣ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចម្ងាយ ២៥៨ គីឡូម៉ែត្រពីទីក្រុងបាងកក ប្រទេសថៃ។
លោក តាន យិមឆាយ អនុប្រធានក្រុមហ៊ុន ឆាយ ឆាយ អ៊ិនវេសមេន អិលធីឌី (CCI) ដែលជាក្រុមហ៊ុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង បានប្រាប់ថា ជាទូទៅស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅតាមតំបន់ព្រំដែនក្នុងក្រុងប៉ោយប៉ែត គឺមានភាពល្អប្រសើរជាលំដាប់ ដោយពេលនេះប៉ោយប៉ែត បានក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់ការរស់នៅ និងវិនិយោគ។
លោកបន្តថា យើងសង្កេតឃើញថា មានវិនិយោគិនក្នុងស្រុក និងបរទេសកាន់តែច្រើនបានចូលមកបោះទុនវិនិយោគក្នុងតំបន់នេះដែលមានដូចជា ការសាងសង់រោងចក្រ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន សំណង់ផ្ទះល្វែង និងបុរីជាដើម។
លោកមានប្រសាសន៍ថា ៖ «យើងអាចនិយាយថា ស្ថានភាពសេដ្ឋកិច្ចនៅប៉ោយប៉ែត នាពេលនេះគឺមានភាពល្អប្រសើរ ព្រោះនៅទីនេះមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងធំទូលាយ ហើយអ្វីដែលកាន់តែពិសេសនោះគឺផ្លូវរថភ្លើងដែលតភ្ជាប់ពីប្រទេសកម្ពុជាទៅថៃ គ្រោងនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខផងដែរ»។
ទាក់ទងនឹងតម្លៃអចលនទ្រព្យនៅប៉ោយប៉ែត លោក យិមឆាយ បាននិយាយថា ៖ «វិស័យអចលនទ្រព្យនៅប៉ោយប៉ែតនឹងរឹតតែមានដំណើរការល្អបន្ថែមទៀត នៅពេលណាដែលច្រកទ្វារអន្តរជាតិថ្មីទាំង២ គឺច្រកអូរនាង និងស្ទឹងបត់ បើកដំណើរការជាផ្លូវការ»។
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង មានទីតាំងស្ថិតក្នុងភូមិក្បាលស្ពាន ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ដោយមានចម្ងាយ ៣ គីឡូម៉ែត្រពីច្រកទ្វារព្រំដែនអន្តរជាតិអូរនាង និងចម្ងាយ៣គីឡូម៉ែត្រពីផ្លូវហាយវ៉េដ៏ធំមួយដែលទើបស្ថាបនារួចរាល់ជាជំនួយរបស់ប្រទេសចិន តភ្ជាប់ពីប៉ោយប៉ែត ទៅខេត្ត ឧត្តរមានជ័យ។
តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង ត្រូវបានវិនិយោគដោយក្រុមហ៊ុន ឆាយ ឆាយ អ៊ិនវេសមេន អិលធីឌី លើផ្ទៃដីចំនួន ៤៦៧ ហិកតា (តំបន់ពាណិជ្ជកម្ម និងតំបន់ឧស្សាហកម្ម)។ បច្ចុប្បន្នក្នុងតំបន់សេដ្ឋកិច្ចនេះ មានរោងចក្រចំនួន៣កំពុងដំណើរការ។
បើតាម លោក យិមឆាយ បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត អូរនាង មានរោងចក្រមួយចំនួនដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអលង្ការ ដែលជាការវិនិយោគរបស់វិនិយោគិន មកពីប្រទេសថៃ និងចិន។
ហេតុផលធំៗចំនួន៤ ដែលធ្វើឱ្យគេគិតថា វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅក្រុងប៉ោយប៉ែត មានភាពល្អប្រសើរ គឺទី ១ ផ្លូវដែកភ្ជាប់កម្ពុជាទៅប្រទេសថៃ ជិតបើកដំណើរការ ទី២ គម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបើកច្រកទ្វារអន្តរជាតិថ្មីបន្ថែម ទី៣ កំណើននៃវិនិយោគិនបរទេស និងទី ៤ ការស្ថាបនាផ្លូវក្រវាត់តាមព្រំដែនកម្ពុជា ថៃ (ផ្លូវលេខ ៥៨) ដែលជាជំនួយរបស់ប្រទេសចិន។
លោក ឈួ វិចិត្រ ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Sanco Cambo Investment Group Co., Ltd ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងកម្ពុជា និងជប៉ុន អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស សានកូ-ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត បាននិយាយថា តំបន់ប៉ោយប៉ែតនាពេលនេះកំពុងទទួលបាននូវការចាប់អារម្មណ៍ច្រើនពីសំណាក់វិនិយោគិនបរទេស ព្រោះតាមផែនការរបស់រាជរដ្ឋាភិបាល គឺក្នុងពេលឆាប់ៗនេះប៉ោយប៉ែត នឹងមានបើកច្រកទ្វារព្រំដែនអន្តរជាតិថ្មីចំនួន២បន្ថែមទៀត(ស្ទឹងបត់ និងអូរនាង) ព្រមទាំងការភ្ជាប់ផ្លូវរថភ្លើងពីប្រទេសថៃផងដែរ។
លោកបានអះអាងថា ៖ «បើតាមការលេចឮដំណឹង គឺរាជរដ្ឋាភិបាលគ្រោងបើកច្រកទ្វារអន្តរជាតិស្ទឹងបត់នៅអំឡុង ឆ្នាំ ២០១៩។ សម្រាប់វិស័យអចលនទ្រព្យនៅប៉ោយប៉ែត ខ្ញុំគិតថា កំពុងមានការរីកចម្រើន ព្រោះខ្ញុំឃើញការលក់ផ្ទះ និងបុរីមានភាពផុលផុសខ្លាំង»។
ការរីកចម្រើននៃវិស័យអចលនទ្រព្យនាពេលនេះអាចបណ្តាលមកពីមានការចូលមកវិនិយោគច្រើននៅក្រុងប៉ោយប៉ែតពីសំណាក់វិនិយោគិនបរទេស ពិសេសវិនិយោគិនជប៉ុន ចិន ថៃ។
បច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត មានក្រុមហ៊ុនចំនួន១០កំពុងបោះទីតាំងនៅទីនោះ មានដូចជា NHK Spring, Steel Hub, SC Wado Component, (Toyota) TechnoPark & Koiwabond ជាដើម។ តំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត មានផ្ទៃដីជាង៨៣ហិកតា។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ច័ន្ទ សំឡេង មានប្រសាសន៍ថា ដំណើរការនៃការតភ្ជាប់ផ្លូវដែកពីក្រុងសិរីសោភ័ណ ទៅកាន់ស្រុកអារញ្ញប្រាថេត ប្រទេសថៃ នាពេលនេះដំណើរការបានប្រហែល៩៥ភាគរយហើយ ដោយតាមការប៉ាន់ស្មាននឹងត្រូវរួចរាល់ទាំងស្រុងនាចុងខែកុម្ភៈនេះតែម្តង។ លោកបានបញ្ជាក់ថា បញ្ហាដែលសល់នោះក្រុមការងារនឹងខិតខំដោះស្រាយឱ្យបានឆាប់រហ័ស។
លោកបានថ្លែងថា ៖ « ចំពោះពេលវេលានៃការធ្វើពិធីតភ្ជាប់ផ្លូវដែកនេះ គឺអាស្រ័យទៅលើថ្នាក់ដឹកនាំនៃប្រទេសទាំង២ ជាអ្នកកំណត់តែប៉ុណ្ណោះ»។
លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍តាមទូរស័ព្ទកាលពីល្ងាចថ្ងៃចន្ទនេះថា ក្រុងប៉ោយប៉ែត ពិតជាមានការអភិវឌ្ឍលឿន ដោយពេលនេះគេឃើញមានសំណង់ធំៗជាច្រើនបានលេចឡើងជាបន្តបន្ទាប់។ ការអភិវឌ្ឍលឿនបែបនេះបានធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងជាលំដាប់ ជាក់ស្តែងដីនៅតំបន់ពាណិជ្ជកម្មក្បែរកាស៊ីណូ អាចមានតម្លៃរហូតដល់ជាង ១ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីស្រែក្បែរតំបន់ឧស្សាហកម្ម មានតម្លៃចន្លោះពី ២០-៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
លោកបញ្ជាក់ថា ៖ «ក្នុងនាមជាថ្នាក់ដឹកនាំ ខ្ញុំនឹងខិតខំធ្វើយ៉ាងណាឲ្យក្រុងប៉ោយប៉ែតកាន់តែមានការរីកចម្រើនលឿនបន្ថែមទៀត ខណៈបច្ចុប្បន្ននេះក្រុមការងាររបស់ខ្ញុំកំពុងរៀបចំផែនការអភិវឌ្ឍន៍ជាច្រើនដើម្បីធ្វើយ៉ាងណាប្រែក្លាយក្រុងប៉ោយប៉ែតឲ្យទៅជាកន្លែងមួយដែលកាន់តែមានភាពទាក់ទាញទាំងសម្រាប់ការរស់នៅ និងវិនិយោគ»។
បើតាមលោក ស៊ានហូ នៅពេលនេះអាជ្ញាធរក្រុងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងទីក្រុង តាមរយៈការសម្អាតអនាម័យ ដាក់ភ្លើងបំភ្លឺតាមផ្លូវ ភ្លើងស្តុប រង្វង់មូល ដាក់កាមេរ៉ា និងរថយន្តសម្អាតផ្លូវជាដើម។
ថ្នាក់ដឹកនាំក្រុងប៉ោយប៉ែតខាងលើបានប្រាប់ទៀតថា នៅក្នុងក្រុងប៉ោយប៉ែត បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍បុរីសរុបចំនួន ១០ និងក្រុមហ៊ុនពុះដីឡូត៍លក់ជាង៥០ផ្សេងទៀត។
អ្នកស្រី ស្រូយ ធីតា ជាម្ចាស់បុរី សុខ ស្រេង ដែលមានទីតាំងក្នុងក្រុងប៉ោយប៉ែត នាពេលកន្លងមកបាននិយាយថា បច្ចុប្បន្ននេះការលក់ផ្ទះក្នុងបុរីមិនសូវមានភាពមមាញឹកនោះទេ ប៉ុន្តែបើនិយាយពីការទិញលក់ដីឡូត៍ គឺមានដំណើរការល្អខ្លាំង ពិសេសដីដែលមានតម្លៃចន្លោះពី ២ ៥០០ទៅ ៥ ០០០ ដុល្លារ សម្រាប់សង់លំនៅឋាន។
អ្នកស្រី ធីតា បានអះអាងថា៖«មួយរយៈចុងក្រោយនេះតម្លៃដីនៅក្រុងប៉ោយប៉ែត បានកើនឡើងពី២ ទៅ៣ដង បើធៀបទៅនឹងរយៈពេលជាង១ឆ្នាំមុន។ ការកើនឡើងដ៏លឿននេះ ដោយសារតែរាជរដ្ឋាភិបាល មានគម្រោងរៀបចំទីក្រុងប៉ោយប៉ែតឱ្យក្លាយទៅជាតំបន់ឧស្សាហកម្ម ដែលប្រមូលផ្តុំដោយរោងចក្រ និងសហគ្រាសធំៗ។
ការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន ស៊ីអិល រៀលធី កាលពីចុងឆ្នាំ ២០១៧ កន្លងមក បានរកឃើញថា ដីនៅតាមបណ្តោយផ្លូវធំៗក្នុងក្រុងប៉ោយប៉ែត អាចមានតម្លៃចន្លោះពី ៥០០-១០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចំណែកដីលំនៅឋាន មានតម្លៃចន្លោះពី ១០០-៥០០ ដុល្លារ និងដីនៅតំបន់ឧស្សាហកម្ម មានតម្លៃចន្លោះពី ១០០-៥០០ ដុល្លារ។
ក្រុងប៉ោយប៉ែត មានក្រឡាផ្ទៃសរុប ២៦២ គីឡូម៉ែត្រការ៉េ ចែកចេញជា៣សង្កាត់ គឺសង្កាត់ប៉ោយប៉ែត សង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត ដោយមានប្រជាជនរស់នៅអចិន្ត្រៃយ៍ចំនួន ៩១ ៦១៣ នាក់ និងអ្នកដែលមកស្នាក់នៅបណ្តោះអាសន្នមានចំនួនជាង ៣ ម៉ឺននាក់។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត៕