ភ្នំពេញៈ ការប្រកាសកាត់ជំនួយរបស់សហរដ្ឋអាមេរិកបានធ្វើឲ្យក្រុមមន្ត្រីរដ្ឋាភិបាល បញ្ចេញប្រតិកម្មព្រមៗគ្នា ដោយចាត់ទុកថាជា «ការមាក់ងាយប្រជាធិបតេយ្យកម្ពុជា តាមរយៈទឹកលុយ» និងថាជា «ព្យុះនយោបាយដ៏ឃោរឃៅរបស់ប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួន» ដែលកំពុងបក់បោកជាន់ឈ្លីនូវសុខសន្តិភាពរបស់កម្ពុជា។
ប្រតិកម្មទាំងនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសបញ្ឈប់ជាបណ្ដោះអាសន្ននូវកម្មវិធីផ្តល់ជំនួយមួយចំនួនដល់កម្ពុជាដើម្បីឆ្លើយតបទៅនឹងអ្វីដែលប្រទេសមហាអំណាចមួយនេះហៅថា «ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលថ្មីៗនេះ»។
ការសម្រេចរបស់អាមេរិកនេះបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សាកិច្ចការបរទេស សហភាពអឺរ៉ុប បានអនុម័តលើសេចក្តីសន្និដ្ឋានមួយដោយថ្កោលទោសចំពោះ «ដំណើរវិវឌ្ឍន៍នយោបាយនាពេលថ្មីៗ ដែលមានលក្ខណៈគួរឲ្យបារម្ភ និងការបន្តធ្លាក់ដុនដាបនៃលទ្ធិប្រជាធិបតេយ្យ» នៅកម្ពុជា។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងការបរទេសកាលពីម្សិលមិញលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសថ្លែងថា៖ «ព្យុះនយោបាយដ៏ឃោរឃៅបង្កឡើងដោយប្រទេសមហាអំណាច និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបាននិងកំពុងបក់បោកយ៉ាងខ្លាំងក្លាមកលើទឹកដីមាតុភូមិកម្ពុជា សំដៅបំផ្លិចបំផ្លាញសន្តិភាព ស្ថិរភាព បង្កភាពចលាចល ក្នុងសង្គមជាតិ សំដៅចាប់បង្ខំរាជរដ្ឋាភិបាលឲ្យដើរតាមគន្លងនយោបាយរបស់ពួកគេ តាមរយៈជនលក់ឧត្តមគតិជាតិ បម្រើផលប្រយោជន៍ឱ្យបរទេស»។
ជាមួយគ្នានេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក៏បានបញ្ចេញប្រតិកម្ម ស្រដៀងគ្នានេះផងដែរដោយបានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា៖ «ការមាក់ងាយប្រជាធិបតេយ្យកម្ពុជា តាមរយៈទឹកលុយនៃជំនួយរបស់គេ គឺធ្វើឲ្យកម្ពុជាក៏ដូចជាប្រជាជាតិដទៃយល់ឃើញថា ការប្តេជ្ញារបស់មិត្តបរទេស ជាដៃគូទាំងនោះក្នុងកិច្ចកសាងលទ្ធិប្រជាធិបតេយ្យ គឺគ្មាននិរន្តរភាព ហើយមិនមានផ្តល់ផលប្រយោជន៍ និងទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរក្នុងកិច្ចប្រឹងប្រែងកសាងលទ្ធិប្រជាធិបតេយ្យ និងអធិបតេយ្យភាពរបស់ខ្លួននោះ គឺជាការដាក់ទណ្ឌកម្មលើប្រជាពលរដ្ឋដែលជាអ្នកស្រឡាញ់ប្រជាធិបតេយ្យពិតប្រាកដ»។
ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក៏បានសរសេរបង្ហោះតាមប្រព័ន្ធតេឡេក្រាមរបស់លោកផងដែរថា៖ «ការសម្រេចផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិកមកឲ្យកម្ពុជា គឺជាសិទ្ធិសម្រេចរបស់សហរដ្ឋអាមេរិកជាម្ចាស់ជំនួយ»។
លោក ឥសាន បានកត់សម្គាល់ថា នេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃនយោបាយរួមរបស់អាមេរិកដែលបានកាត់ជំនួយពីអង្គការសហប្រជាជាតិ យូណេស្កូ...។ «ចំពោះកម្ពុជា ការកាត់ជំនួយតាមរយៈយូអេសអេអាយឌី ភាគច្រើនប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាល មិនប៉ះពាល់ដល់រាជរដ្ឋាភិបាលកម្ពុជាទេ»។
លោក បូររិទ្ធ បានគូសបញ្ជាក់ទៀតថា៖ «ដើម្បីសម្រេចមហិច្ឆតានយោបាយរបស់ខ្លួន ប្រទេសមហាអំណាច និងលោកខាងលិចមួយចំនួនមិនញញើត និងជាន់ឈ្លីនឹងជើងនូវសន្តិភាព ស្ថិរភាព ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា បានទទួលដោយលំបាក»។
ប៉ុន្តែលោក បូររិទ្ធ បញ្ជាក់ថាបើទោះបីជាសភាសហភាពអឺរ៉ុបបានអនុម័តសេចក្តីសម្រេចស្តីពីបញ្ហាការអនុវត្តលទិ្ធប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាជាមួយនឹងការគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកម្ពុជាយ៉ាងណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប នៅពេលនេះបាននិងកំពុងបន្តវិវត្តន៍ជាធម្មតា ហើយថាក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៧ ការនាំចេញទៅសហភាពអឺរ៉ុបមានទឹកប្រាក់ចំនួនប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក។
អាមេរិកបានប្រកាសកាលពីថ្ងៃអង្គារថា សេតវិមាននឹងកាត់ជំនួយជាច្រើនមកកម្ពុជាដើម្បីឆ្លើយតបទៅនឹងអ្វីដែលអាមេរិកហៅថា «ការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានាពេលថ្មីៗនេះ»។
យោងតាមអ្នកនាំពាក្យសេតវិមានលោកស្រី Sarah Huc-kabee Sanders បានឲ្យដឹងថា កម្មវិធីមួយចំនួនដែលគាំទ្រដល់នាយកដ្ឋានពន្ធដារកម្ពុជាដូចជាយោធា និងរដ្ឋាភិបាលក្នុងមូលដ្ឋាននឹងត្រូវកាត់ ឬកាត់បន្ថយ ដើម្បីធានាថា ប្រាក់ពន្ធដែលពលរដ្ឋអាមេរិកបានបង់នឹងមិនត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់អាកប្បកិរិយាដែលប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនោះទេ»។
ប្រទេសកម្ពុជាបានក្លាយជាប្រធានបទនៃការតវ៉ាពីសហគមន៍អន្តរជាតិ គិតចាប់តាំងពីគណបក្សប្រឆាំងដ៏ធំតែមួយគត់គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយទាំងបង្ខំតាមសំណើរបស់រដ្ឋាភិបាលកាលពីខែវិច្ឆិកាកន្លងទៅ។ មេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានចាប់ខ្លួនពីបទក្បត់ជាតិនៅ ២ ខែមុនពេលមានការរំលាយបក្សរបស់លោក ហើយមន្ត្រីគណបក្សប្រឆាំងជាច្រើនរូបបានរត់ភៀសខ្លួនចេញពីប្រទេស ដើម្បីគេចចេញពីការចាប់ខ្លួន។
វានៅមិនទាន់ច្បាស់នៅឡើយទេ ថាតើនឹងមានកម្មវិធីណាខ្លះ ឬថវិកាចំនួនប៉ុន្មានដែលនឹងត្រូវកាត់នោះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹង កាលពីថ្ងៃអង្គារថា ក្រុមមន្ត្រីនឹងធ្វើការទំនាក់ទំនងជាក់លាក់ «ដោយផ្ទាល់ដល់អង្គភាពណាដែលរងផលប៉ះពាល់នៅក្នុងរាជរដ្ឋាភិបាលកម្ពុជាឱ្យបានឆាប់បំផុត»។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងជំរុញដល់រដ្ឋាភិបាលកម្ពុជា ឱ្យពិចារណាឡើងវិញអំពីចំណាត់ការរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។ ជាពិសេសរដ្ឋាភិបាលកម្ពុជាត្រូវដោះលែងមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ហើយត្រូវអនុញ្ញាតឱ្យបក្សសង្គ្រោះជាតិបានដំណើរការដូចដើម និងអនុញ្ញាតឱ្យអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានាអាចបន្តសកម្មភាពស្របច្បាប់របស់ពួកគេឡើងវិញបាន»។
លោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍ថ្លែងតាម Twitter បន្ទាប់ពីការប្រកាសកាត់ជំនួយនោះថា៖ «កម្ពុជា សម្រេចបានសមិទ្ធផលជាច្រើននៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ប៉ុន្តែការវិវត្តថយក្រោយនៃលទ្ធិប្រជាធិបតេយ្យនាពេលថ្មីៗនេះជារឿងដែលមិនគួរកើតឡើងទេ ហើយវាបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ។
ចំណាត់ការនេះត្រូវបានស្វាគមន៍ដោយលោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិដែលម្តងហើយម្តងទៀត លោកស្រីបានអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើកម្ពុជា។ «[ការស្តារ] លទ្ធិប្រជាធិបតេយ្យឡើងវិញ គឺត្រូវការចំណាត់ការតឹងរ៉ឹង និងទាន់ពេលវេលា។ យើងត្រូវបានលើកទឹកចិត្តនៅពេលឃើញសហគមន៍អន្តរជាតិខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់ឱកាសឱ្យរដ្ឋាភិបាលវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញ»។
លោក មាស នី អ្នកវិភាគនយោបាយថ្លែងថា ជំនួយរបស់អាមេរិក គឺផ្តោតច្រើនទៅលើវិស័យអប់រំ និងសុខាភិបាលហើយនៅពេលដែលគេផ្តាច់ជំនួយទាំងនេះ រដ្ឋាភិបាលត្រូវតែទទួលបន្ទុកឡើងវិញទៅលើការផ្តល់ការគាំទ្រលើវិស័យណាដែលគេកាត់ចេញ។ «ទាំងអាមេរិក ទាំងសហគមន៍អឺរ៉ុបមានចំនួនរាប់ពាន់លានដុលារក្នុងមួយឆ្នាំ ដូច្នេះវាអាចច្រើនជាងផលប្រយោជន៍ដែលចិនផ្តល់ឲ្យយើង...វានឹងប៉ះពាល់ទាំងការអភិវឌ្ឍនឹងការធ្វើជំនួញ (នៅពេលអាមេរិក និងអឺរ៉ុបដាក់ទណ្ឌកមុ្ម)...»។
បើតាមសេតវិមានខ្លួននឹងកាត់បន្ថយ ឬព្យួរកម្មវិធីជំនួយយោធា ឬកម្មវិធីជំនួយដល់ភ្នាក់ងារ USAID និងកម្មវិធីជាច្រើនទៀត ប៉ុន្តែកម្មវិធីណាដែលផ្តល់ការគាំទ្រដល់ប្រជាជនកម្ពុជាដែលមានដូចជាវិស័យសុខាភិបាល កសិកម្ម និងការបោសសម្អាតមីនគឺមិនរងផលប៉ះពាល់ទេ។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយថ្លែងថា លោកមិនប្រាកដថាតើវានឹងបានផល ឬអត់នោះទេ ប៉ុន្តែសហរដ្ឋអាមេរិកមានភាគរយចាញ់តិចតួចណាស់ នៅក្នុងដំណាក់កាលនេះ។ លោកបានចោទសួរថា៖ «តើកម្ពុជាអាចធ្វើអ្វីបានដើម្បីឆ្លើយតបត្រឡប់ទៅវិញ...? សំណួរគឺថា តើវិធានការនេះគ្រប់គ្រាន់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរដែរឬទេ ហើយចម្លើយគឺប្រហែលមិនទេ។ ប៉ុន្តែខ្ញុំគិតថា វាគឺជាសញ្ញាមួយបញ្ជាក់ថានឹងមានផលវិបាកច្រើនជាងនេះកើតឡើងដែលអាចធ្វើឲ្យមានផលប៉ះពាល់បន្ថែមទៀត»។
លោក វីរៈ បញ្ជាក់ថា ប្រសិនបើសហរដ្ឋអាមេរិកដាក់សម្ពាធលើ IMF ឬ World Bank ឲ្យដកចេញពីកម្ពុជា នោះវានឹងធ្វើមានផលប៉ះពាល់ច្រើនជាងនេះ។ ប៉ុន្តែសំណួរសួរថា តើសហរដ្ឋអាមេរិកនឹងធ្វើតាមចំណាត់ការនេះដែរឬទេ?
លោក វីរៈ បានចោទសួរទៀតថា តើប្រទេសចិនពិតជាខ្លាំងដែលធ្វើឲ្យប្រទេសកម្ពុជាមានលទ្ធភាព មិនអើពើទៅនឹងអាមេរិកឬយ៉ាងណា? ប៉ុន្តែលោក វីរៈ ថ្លែងថា លោកមិនជឿថា កម្ពុជានឹងផ្តាច់ទំនាក់ទំនងជាមួយអាមេរិកទាំងស្រុងនោះទេ ទោះបីជាមានការមិនទុកចិត្តពីឥទ្ធិពលរបស់ពួកគេលើនយោបាយកម្ពុជាក្តី។ «ប្រទេសកម្ពុជាឆ្លាតវៃជាងនេះ។ កម្ពុជាដឹងថា យើងមិនអាចពឹងផ្អែកទាំងស្រុងទៅលើចិនទេ។ សូម្បីតែនៅពេលដែលចិនផ្តល់ជំនួយឥតសំណងដោយឥតលក្ខខណ្ឌដល់កម្ពុជាក៏ដោយ នោះមិនមែនជាការពិតទេ។ ចិនមានផលប្រយោជន៍ផ្ទាល់ខ្លួនដែលត្រូវគិតគូរ... នៅពេលដែលកម្ពុជាពឹងផ្អែកទាំងស្រុងទៅលើប្រទេសចិន នោះពួកគេ (ចិន) អាចយកកម្ពុជាជាចំណាប់ខ្មាំង»៕ NS