ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ប្រកាស​ពី​ការ​វិវឌ្ឍ​សំខាន់​ពីរ​ក្នុង​វិស័យ​ផលិត​សំបក​កង់​កម្ពុជា។​លោក​បាន​ចែក​រំលែក​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប ពេលប្រារព្ធ​​​​កម្មវិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៨ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ដែល​រៀបចំ​ដោយ​ក្រសួង​ការងារ នៅ​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៤។

យោង​តាម​លោក​នាយក​រដ្ឋមន្ដ្រី ក្រុមហ៊ុន​ថ្មី​ចំនួន​ពីរ​គ្រោង​នឹង​ចូលរួម​ក្នុង​ឧស្សាហកម្ម​សំបក​កង់​ដែល​កំពុង​រីកចម្រើន​ជាមួយ​នឹង​ការ​វិនិយោគ​ដំបូង​រួមគ្នា​ចំនួន ៥០០ លាន​ដុល្លារ​អាមេរិក ដែល​នឹង​ត្រូវ​ពង្រីក​ដល់​ចំនួន​សរុប ១ ពាន់​លាន​ដុល្លារ​នាពេល​អនាគត។

ការ​បណ្តាក់ទុន​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ស្រុក ខណៈពេល​ដែល​បង្កើត​ឱកាស​ការងារ​ជាច្រើន។

លោក​នាយករដ្ឋមន្ត្រី​បាន​កោត​សរសើរ​ចំពោះ​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​ថ្មី ដោយ​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​ផលិត​សំបក​កង់​​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា (ARDC)។

វា​ត្រូវបាន​រំពឹងទុក​ថា​ ភាពជា​ដៃគូ​នឹង​ពង្រឹង​ការគាំទ្រ​ដល់​ចម្ការ​កៅស៊ូ​ក្នុង​ស្រុក ធានា​នូវ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដ៏​រឹងមាំ​សម្រាប់​ឧស្សាហកម្ម​នេះ។

លោក ម៉ែន សុភ័ក្រ ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ចំណុច​នេះ​ពិតជា​ល្អសម្រាប់​ទីផ្សារ​ជ័រ​កៅស៊ូ​កម្ពុជា​ដោយសារ​ទីផ្សារ​កាន់តែ​ខិតជិត​មកដល់​សម្រាប់​ផលិតផល​ជ័រ​កៅស៊ូ​ ខណៈ​កន្លងមក​កម្ពុជា​រំពឹង​លើការ​នាំ​ចេញ​សឹង​តែ​ ១០០ ភាគរយ​។ 

លោក​បាន​និយាយ​ថា​៖ «អ្វីៗ​កាន់តែ​ប្រសើរ​សម្រាប់​ផលិត​ផល​កៅស៊ូ​របស់​កម្ពុជា​យើង​ជាមួយ​ខាង​រោងចក្រ​នានា ជាពិសេស រោង​ចក្រ​ផលិត​កង់​ឡាន ដែល​ជា​អ្នក​ប្រើ​ប្រាស់​ផលិតផល​ជ័រ​កៅស៊ូ​ធម្មជាតិ​ច្រើន​»។ 

លោក​បាន​ឱ្យដឹងថា ក្រុមហ៊ុន​ផលិតកង់​រថយន្ដ​ដែល​កំពុង​តែ​ដំណើរ​ការ​​បាន​ទិញ​ផលិតផល​ជ័រ​កៅស៊ូ​ជាបណ្ដើរៗ​រួចហើយ។

លោក សុភ័ក្រ បាន​បន្ត​ថា​៖ «​យោងតាម​របាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ជាង ៣០ ម៉ឺន​តោន​»។ 

ចំពោះ​អ្នក​មាន​ចម្ការ​ លោករំពឹងថា ពួកគេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​បង្កើត​រោងចក្រ​ផលិត​កង់​រថយន្ដ ដោយ​មិន​ចាំបាច់​ធ្វើ​ការ​នាំចេញ​ផលិតផល​កៅស៊ូ​នោះទេ។ ប៉ុន្ដែ​លោក សុភ័ក្រ ថា លោក​មិន​ច្បាស់ថា គួរ​លើក​ទឹកចិត្ដ​ឱ្យប្រជាពលរដ្ឋ​ធ្វើ​ការ​ដាំ​ដំណាំ​កៅស៊ូ​ថ្មីៗ​បន្ថែម​ទៀត​ឬ​យ៉ាងណា ដោយសារ​លោក​មិន​ទាន់​ប្រាកដ​ចំពោះ​តម្លៃ​របស់វា។ 

លោក សុភ័ក្រ បានបន្ថែម​ថា​៖ «បច្ចុប្បន្ន​នេះ យើង​ធ្វើ​ការ​ប្រមូល​ផ្ដុំ និង​កែច្នៃ​ជ័រ​កៅស៊ូ​ឱ្យមាន​បទដ្ឋាន​ស្ដង់ដារ​តម្រូវ​ទៅតាម​រោង​ចក្រ​ផលិតកង់​រថយន្ដ​ផ្សេងៗ»​។ 

លោក​បាន​បញ្ជាក់​ថា​៖ «ដោយ​មាន​ការ​កំណត់​តម្លៃ​លើ​ទីផ្សារ​អន្ដរជាតិ បើសិន​ជា​មាន​គេមក​វិនិយោគ​នៅ​ក្នុង​ស្រុក​តែម្ដង ខ្ញុំ​ជឿ​ថា ជាទូទៅ វាមាន​ចំណុច​ល្អ​ច្រើន​ជាង​ការ​នាំ​ផលិតផល​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​។ ជាក់ស្ដែង យើង​កាត់​ចំណាយ​លើ​ការ​នាំចេញ ដែលត្រូវ​ចាយ​ខ្ពស់​ដែរ ទាំងការ​ដឹកជញ្ជូន​ និង​ឯកសារ​នាំចេញ​ជាដើម»។ 

លោក​បាន​បន្ដថា ការ​លក់​ដូរ​ក្នុង​ស្រុក​ មាន​ការ​ទូទាត់​ប្រាក់​ឆាប់​រហ័ស​ជាង​ការ​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស ដែល​ត្រូវ​ការ​ពេលវេលា​យូរ។ 

គួរ​ឱ្យកត់​សម្គាល់​ថា នៅ​កម្ពុជា​មាន​សិប្បកម្ម​កែច្នៃ​ជ័រ​កៅស៊ូ​តាម​ប្រមាណ​តិចតួច​ ដូចជា ការ​ផលិត​បាតស្បែកជើង ខ្សែ​យឺត ជាដើម​។ 

បច្ចុប្បន្ន​នេះ នៅ​កម្ពុជាមាន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ដ​ចំនួន ៣ ដូចជា ​ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ដែល​ទើប​ត្រូវ​បាន​សម្ពោធ​​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​។​ ​រោងចក្រ​ដែលមាន​ការវិនិយោគ និង​សមត្ថភាព​ផលិត​យ៉ាងច្រើន កំពុង​ផ្តោតលើ​ទីផ្សារ​ក្នុងស្រុក និង​​អន្តរជាតិ​។​

ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការ​តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​គឺ​ក្រុមហ៊ុន Cart Tire Co Ltd ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Qi Lu (Cambodia) ក្រុង​បាវិត ជិត​ព្រំដែន​វៀតណាម​។​

ក្រុមហ៊ុន​ផលិត​សំបក​កង់​ធំ​ទី​បី​គឺ Qingdao Doublestar Group បាន​សាងសង់​រោងចក្រ​សំបក​កង់​ថ្មី​នៅ​ខេត្តក្រចេះ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន UBE Development Co Ltd៕