ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ថា កម្ពុជា​នឹង​បន្ត​ទទួល​បាន​វិនិយោគប្រភេទ​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ជា​បន្តបន្ទាប់ ហើយ​ថា​ កម្ពុជា​ក៏​ត្រូវ​បន្ដ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្សាហកម្ម​ដែល​បម្រើ​ទៅ​ដល់​ការ​វិនិយោគ​ផងដែរ។

លោកថ្លែងថា៖ «ខ្ញុំពិត​ជា​មាន​សុទិដ្ឋិនិយម និង​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោម​ដំបូល​នៃ​សុខសន្តិភាព ស្ថិរភាព​នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាមួយ​នឹង​ធនធាន​មនុស្ស និង​កម្លាំង​ពលកម្ម​ជំនាញ​វ័យក្មេង​ប្រកប​ដោយ​ចីរភាព​របស់​កម្ពុជា និង​ភាព​ទាក់ទាញ​នៃ​ការ​វិនិយោគ​កម្ពុជា យើង​នឹង​បន្ត​ទទួល​បាន​វិនិយោគ​ប្រភេទ​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​នេះ​ជា​បន្តបន្ទាប់»។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ដូច្នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​រោងចក្រ​ដំឡើង​រថយន្ត តូយ៉ូតា (Toyota) របស់​ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (Toyota Tsusho Manufacturing) នាថ្ងៃទី២ ខែឧសភា នៅ​រាជធានី​ភ្នំពេញ។

លោកបន្តថា៖ «កម្ពុជា​ក៏​ត្រូវ​បន្ដ​អភិវឌ្ឍ​ហេដ្ឋារចនា​សម្ព័ន្ធ​ឧស្សាហកម្ម​ដែល​បម្រើ​ទៅ​ដល់​ការវិនិយោគ​និង​ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ប្រកប​ដោយ​ជំនាញ​ស្រប​តាម​តម្រូវ​ការ​ទីផ្សារពលកម្ម​ជាបន្ត ឥតដាច់​ផងដែរ»។

លោក​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧ គឺ​ការ​ជំរុញកែប្រែ​និង​ធ្វើ​ទំនើបកម្ម​រចនា​សម្ព័ន្ធ​ឧស្សាហកម្ម​នៅ​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ឈាន​ទៅ​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥។

ចក្ខុវិស័យ​នេះ​មាន​គោលដៅ​រួម​ចំណែក​ដល់​ការ​បង្កើត​តម្លៃ​បន្ថែម​ខ្ពស់​ដែល​ទ្រទ្រង់​ដល់កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន ការ​បង្កើត​ការងារ ការ​បង្កើន​ប្រាក់ចំណូល​សមស្រប និង​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ជូន​ដល់​ប្រជាពលរដ្ឋ។

កម្ពុជា​បាន​កំណត់​ចក្ខុវិស័យ​ក្នុង​ការ​ប្រែក្លាយ​ខ្លួន​ជា​មជ្ឈមណ្ឌល​ផ្តុំ​សកម្មភាព​ផលិត​គ្រឿង​បង្គុំ​យានយន្ត និង​បរិក្ខារ​អេឡិចត្រូនិក​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្នុង​តំបន់ និង​សកល​លោក។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា៖ «ការ​សម្រេច​បាន​ចក្ខុវិស័យ​នេះ​នឹង​នាំ​មក​ជា​ផ្លែផ្កា​វិជ្ជមាន​ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ជាតិ​កម្ពុជា»។

ផែនទី​បង្ហាញ​ផ្លូវ​នៃ​ការ​អភិវឌ្ឍ​យានយន្ត​និង​អេឡិចត្រូនិក​កម្ពុជា បាន​កំណត់​វិធាន​ការ​ជា​អាទិភាព​តាម​ផ្នែក​ចំនួន​៥ រួមមាន ទី១ យុទ្ធសាស្ត្រ និង​ការ​សម្របសម្រួល​អន្តរស្ថាប័ន ទី២ ធនធាន​មនុស្ស​និង​នវានុវត្តន៍ ទី៣ ហេដ្ឋា​រចនាសម្ព័ន្ធ ទី៤ កិច្ច​សម្រួល​ពាណិជ្ជកម្ម និងទី៥ បរិយាកាស​ធុរកិច្ច​និង​ការវិនិយោគ។

លោក ហ៊ុន ម៉ាណែត ថ្លែង​បន្ត​ថា នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាល​តែងចាត់​ទុក​វិស័យ​ឯកជន​ជា​ក្បាល​ម៉ាស៊ីន​នៃ​កំណើន និង​ជា​ដៃគូ​សំខាន់​ក្នុង​ការ​បង្កើត​ការងារ ការបង្កើត​គំនិត​ច្នៃប្រឌិត ការ​លើក​កម្ពស់​ផលិត​ភាព និង​ការ​ពង្រឹង​សមត្ថភាព​ប្រកួត​ប្រជែង​របស់កម្ពុជា​នៅ​ក្នុង​ទីផ្សារ​តំបន់ និង​សកលលោក។ 

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា ការ​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ដំឡើង​រថយន្ត តូយ៉ូតា នេះគឺជា​ការ​រួមចំណែក​យ៉ាង​សំខាន់​មួយ​ទៀត​ក្នុង​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម ក៏​ដូចជា​សេដ្ឋកិច្ចជាតិ តាម​រយៈការ​ចូលរួម​បង្កើត​ភាព​ប្រកួត​ប្រជែង ការ​លើក​កម្ពស់​ការ​ធ្វើ​ពិពិធកម្ម និង​ការ​ធ្វើ​ទំនើបកម្ម​ឧស្សាហកម្ម ក៏​ដូចជា ការ​ផ្តល់​ឱកាស និង​ជម្រើស​ការងារ​ប្រកប​ដោយជំនាញ​កាន់​តែ​ច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។

លោកថ្លែងថា៖ «ការផលិត​ ការ​សម្ពោធ​នៅ​ថ្ងៃនេះ​នឹង​បាន​ផល​ជាច្រើន​ជូន​ទៅ​ដល់​សេដ្ឋកិច្ចជាតិ និង​ប្រជាពលរដ្ឋ​យើង ហើយ​សំខាន់​លើក​កម្ពស់​នូវ​ផលិត​ភាព និង​លើក​កម្ពស់​នូវកិត្យានុភាព​របស់​កម្ពុជា ហើយ​ជា​មោទនភាព​របស់​ជាតិ​យើង​ផង របស់​ប្រជាជន​ខ្មែរ​យើងផង»។

លោក Ueno Atsushi ឯក​អគ្គរា​ជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​តាម​រយៈ​អ្នក​បកប្រែ​ថា រោងចក្រ​តូយ៉ូតា​នេះ​ពិត​ជា​នឹង​រួម​ចំណែក​ទាំង​ការ​ធ្វើ​ពិពិធកម្ម និង​ទំនើបកម្ម​នៃ​ឧស្សាហកម្មកម្មន្តសាល​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ខ្ពស់។ 

លោក​បង្ហាញ​សង្ឃឹម​ថា បុគ្គលិក​កម្ពុជា​ទាំងអស់​ដែល​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ដោយក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ នឹង​រួម​ចំណែក​ជួយ​ឱ្យ​កម្ពុជា​ក្លាយ​ជា​មជ្ឈមណ្ឌល​កម្មន្តសាល នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ។ 

ចំណែក លោក Ichiro Kashitani អគ្គនាយក និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្ម តូយ៉ូតា ស៊ុយស៊ូ ថ្លែង​ក្នុង​ពិធី​នេះ​ថា ការ​ចាប់​ផ្តើម​ប្រតិបត្តិការ​ផ្គុំ​រថយន្ត​នេះ​នឹង​បន្សល់​ទុក​នូវ​កេរដំណែល​ដែល​ជា​សក្ខីកម្ម​បង្ហាញ​ពី​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ នៅ​ក្នុង​គម្រោង​នេះ។ 

លោកបញ្ជាក់ថា ក្រុមហ៊ុននេះ​នឹង​បន្ត​ធ្វើ​យ៉ាងណា​ឱ្យ​ធុរកិច្ច​នេះ​កាន់​តែ​មាន​ភាព​ជឿនលឿននៅ​កម្ពុជា​បន្ថែម​ទៀត​ដើម្បី​រួមចំណែក​ឱ្យ​បាន​កាន់​តែ​ទូលំទូលាយ​ដល់​ការ​កសាង​សុភមង្គល​នៅក្នុង​សង្គម​ទាំងមូល ដូចជា តាម​រយៈការ​ជួយ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​អព្យាក្រឹត​កាបូន និងលើក​កម្ពស់​ការ​អប់រំ​ជាដើម៕