ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានដកស្រង់សម្ដីក្រសួងការបរទេសរុស្ស៊ី ដែលនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សកម្មភាពរបស់អង្គការណាតូនៅអឺរ៉ុបខាងកើត និងតំបន់សមុទ្រខ្មៅបង្ហាញថា ប្លុកនេះកំពុងរៀបចំសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឡូកក្នុងជម្លោះជាមួយរុស្ស៊ី។
ក្រសួងការបរទេសរុស្ស៊ីចេញការចោទប្រកាន់យ៉ាងដូច្នេះ នៅពេលលើកឡើងអំពីផែនការរបស់ប្រទេសរ៉ូម៉ានី ដែលជារដ្ឋសមាជិកមួយរបស់ណាតូ ក្នុងការពង្រីកមូលដ្ឋានទ័ពអាកាសនៅក្រុងកុងស្ដង់តា ដែលស្ថិតនៅតាមបណ្ដោយឆ្នេរនៃសមុទ្រខ្មៅ។
ក្រសួងបន្ថែមថា ទង្វើរបស់ណាតូ កំពុងតែបង្កើតហានិភ័យបន្ថែមទៀត សម្រាប់សន្តិសុខរបស់រុស្ស៊ី។
គួរគូសបញ្ជាក់ថា រុស្ស៊ីតែងតែចោទប្រកាន់លោកខាងលិច និងជាពិសេសប្លុកនៃអង្គការណាតូ ថាធ្វើសកម្មភាពបង្កជម្លោះ ដែលគំរាមកំហែងដល់សន្ដិសុខអត្ថិភាពរបស់ខ្លួន។
កន្លងមក មហាអំណាចនុយក្លេអ៊ែរមួយនេះ បានទទូចថា អង្គការណាតូ ដែលមានសហរដ្ឋអាមេរិកជាមេក្លោង កំពុងតែពង្រីកខ្លួនទៅកាន់ភាគខាងកើតនៃអឺរ៉ុប ដែលនេះ ត្រូវបានរុស្ស៊ីប្រើជាលេសមួយ ដើម្បីបង្ហាញភាពត្រឹមត្រូវលើការឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ឆ្នាំ ២០២២៕