ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅក្រសួងព្រះបរមរាជវាំង ចូលរួមសហការជាមួយ សហភាពសហព័ន្ធយុវជន កម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកម្មវិធីការប្រកួតតែងនិពន្ធបទចម្រៀង និងកំណាព្យ នេះឡើងគឺដើម្បី ចូលរួម «អបអរសាទរព្រះរាជពិធីខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា»។
យោងតាមសេចក្ដីប្រកាសរបស់សហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា ក្រោមប្រធានបទ «អបអរសាទរព្រះរាជពិធី ខួបលើកទី២០ ការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា» ការប្រកួតប្រជែងបានបើកទូលាយដល់កវីនិពន្ធទាំងអស់ក្នុងការបង្ហាញស្នាដៃ និងទេពកោសល្យរបស់ខ្លួន។
សេចក្ដីប្រកាសបានឱ្យដឹងថា៖ «ការប្រកួតប្រជែងនេះស្វែងរកបេក្ខជនដែលមានទេពកោសល្យ ក្នុងគោលបំណងផលិតបទចម្រៀង និងកំណាព្យដែលល្អប្រណិត ដើម្បីក្រាបថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង»។
បេក្ខជន និងបេក្ខនារី ដែលមិនកំណត់អាយុ ភេទ សញ្ជាតិ ជាក្រុម ឬ ជាបុគ្គល ត្រូវតែងនិពន្ធបទចម្រៀង ឬ កំណាព្យជាភាសាខ្មែរ លើប្រធានបទ អបអរសាទរព្រះរាជពិធីខួបលើកទី២០ ការយាងគ្រងព្រះបរមសិរី រាជសម្បត្តិព្រះមហាក្សត្រ។
ពួកគេត្រូវផ្ញើពាក្យសុំចូលរួម និងស្នាដៃនិពន្ធចម្រៀង និងសាច់ភ្លេងថ្មី (Original Melody) ដែលមិនធ្លាប់ ផ្សព្វផ្សាយ ឬបង្ហាញជាសាធារណៈពីមុនមក មួយបទពេញលេញជា MP3 ព្រម ទាំងអត្ថបទចម្រៀងមកគណៈកម្មការដើម្បីវាយតម្លៃជ្រើសរើស ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
បេក្ខជន និងបេក្ខនារី ដែលជាប់ជ័យលាភីផ្នែកចម្រៀងចំនួន ០៣នាក់ ចុងក្រោយនឹងត្រូវប្រកាសជាផ្លូវការដើម្បីទទួលរង្វាន់ពីគណៈកម្មការប្រកួត។
ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ចំនួន ៩លានរៀល រួមជាមួយរូបសំណាកមេទ័ពសម័យបុរាណ ចំនួន០១ និងសៀវភៅ សម្រង់រូបភាពពណ៌នាអំពីការ ជួសជុល និងអភិរក្សប្រាសាទចន្ទច្ឆាយា ក្នុងរជ្ជកាល ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
ជ័យលាភីលេខ ២ ទទួលបានទឹកប្រាក់ចំនួន ៧លានរៀល ហើយ ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ចំនួន ៥លានរៀល និងរង្វាន់ដទៃទៀត។
ចំពោះផ្នែកកំណាព្យ បេក្ខជន និងបេក្ខនារី ត្រូវតែងកំណាព្យជាភាសាខ្មែរដែលស្របតាមគោលបំណងដែលបានរៀបរាប់ ដែលមានចំនួន១០ល្បៈ ហើយចំពោះប្រភេទបទកំណាព្យដ៏សេរី។
ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ចំនួន ៤លានរៀល ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ចំនួន ៣លានរៀល និង ជ័យលាភីលេខ ៣ ទទួលបានទឹកប្រាក់ចំនួន ២លានរៀល រួមរូបសំណាកមេទ័ពសម័យបុរាណ ចំនួន០១ និងសៀវភៅ សម្រង់រូបភាពពណ៌នាអំពីការ ជួសជុល និងអភិរក្សប្រាសាទចន្ទច្ឆាយា ក្នុងរជ្ជកាល ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា អ្នកចូលរួមត្រូវផ្ញើស្នាដៃនិពន្ធបទបម្រៀង និងកំណាព្យ ដែលមានចំណងជើង និងការណែនាំខ្លួនទាំងអត្ថបទ និង MP3 តាមរយៈអាសយដ្ឋាន https://www.facebook.com/UYFCRoyalPalace ឬ តាមរយៈប្រព័ន្ធតេលេក្រាម ០៧៧១ ៨៩៦ ៩៧៥១៕