សៀមរាប៖ ក្នុង​ពិធី​សម្ពោធ «ព្រឹត្តិការណ៍​ពិព័រណ៍​​វប្បធម៌​ទេសចរណ៍ និង​ព្រឹត្តិការណ៍​សម្ដែង​ក្បាច់គុន​សាវលីញ និង​គុន​ល្បុក្កតោ​នៅ​អង្គរ» ​ថ្ងៃទី​២៤ ខែមេសា រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន​ បាន​ថ្លែង​ថា ព្រឹត្ដិការណ៍​នេះ​​មិន​ត្រឹមតែ​ត្រូវ​បាន​ប្រារព្វ​ឡើង​ឱ្យ​មាន​​ភាព​អធិកអធម​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​​ប្រកប​ដោយ​ចក្ខុវិស័យ​អំពី​យុទ្ធសាស្ត្រ​ទេសចរណ៍ និង​ការទូត​របស់​កម្ពុជា ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ ជាមួយ​​ប្រទេស​ចិន​។​

នៅ​ផ្នែក​ខាង​ជើង​នៃ​​ប្រាសាទ​បាយ័ន​ក្នុង​ខេត្តសៀមរាប ព្រឹត្តិការណ៍​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ក៏ដូចជា​ ​អភិបាលរង​ខេត្ត ហ៊ឺណាន់​ និង​អភិបាលរង​ខេត្តសៀមរាប ជា​ឱកាស​លើស​ពី​ការ​បង្ហាញ​នូវ​បេតិកភណ្ឌ​វប្បធម៌។ វា​ជា​សកម្មភាព​យុទ្ធសាស្ត្រ​មួយ​ដែល​ពង្រឹង​ដល់​យុទ្ធនាការ​ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា-ចិន ២០២៤។

នៅក្នុង​សុន្ទរកថា ​លោក​​រដ្ឋមន្ត្រី សុខ សូកេន​ បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​វប្បធម៌ ប្រពៃណី និង​ការទូត​ដ៏​ជ្រាលជ្រៅ ដែល​បាន​ចែករំលែក​រវាង​កម្ពុជា និង​ចិន។ ​

លោកថ្លែង​ថា​៖ «ព្រឹត្ដិការណ៍​នេះ ជួយ​គាំទ្រ​ដល់​យុទ្ធនាការ​ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤ និង​ជាការ​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អនុវត្ដ​យុទ្ធសាស្ដ្រ​ខ្សែក្រវ៉ាត់ និង​ផ្លូវ​ផង​ដែរ»។ 

លោក សូកេន ក៏បាន​លើកឡើង​គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ «បង្កើន ៥ អភិវឌ្ឍ ៣» និង​ដាក់​ចេញ​នូវ​យុទ្ធនាការ​ផ្សេង​ៗ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។ 

ថ្លែង​ទៅកាន់​អ្នក​ចូលរួម​រាប់​រយនាក់​នៅ​ប្រាសាទ​បាយ័ន លោក​រដ្ឋមន្ដ្រី បាន​ឱ្យដឹង​ថា​៖ ​«ឆ្នាំ​២០២៣ កម្ពុជា​ទទួល​ភ្ញៀវ​ទេសចរ​អន្ដរជាតិ ៥,៤​លាន​នាក់ ដែល​ក្នុង​នោះ​ភ្ញៀវ​ទេសចរ មាន​ចំនួនប្រមាណ ៥៤ ម៉ឺន​នាក់ ក៏​ដូចជា​ទេសចរ​ជាតិ​ប្រមាណ ១៨,៥ លាន​នាក់»​។

លោករដ្ឋមន្ដ្រី បាន​បន្ដថា៖ «ដោយ​ឡែក​សម្រាប់​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​ភ្ញៀវ​ទេសរ​បរទេស ១,៥ លាននាក់ កើន​ឡើង ២២ ភាគរយ​ ដែល​ក្នុង​នោះ​ទេសចរចិន​មាន​ប្រមាណ ១៩ ម៉ឺននាក់ កើន ៤៣ ភាគរយ។ ក្នុង​ន័យ​នេះ អនាគតវិស័យ​​ទេសចរណ៍​កម្ពុជា​​ មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ស្រូបទាញ​លំហូ​ទេសចរ និង​វិនិយោគិន​ចិន​បាន​ឡើយ​។ 

ថ្នាក់​ដឹកនាំ​ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹងថា​ កម្ពុជា​បាន​ត្រៀម​លក្ខណៈ​សម្បត្ដិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​ភ្ញៀវ​ទេសចរ និងវិនិយោគិន​ចិន​តាម​រយៈការ​សម្រួល​បរិយាកាស​ទទួល​បដិសណ្ឋារកិច្ច​​ទេសចរ និង​វិនិយោគិន​នៅ​កម្ពុជា​។

ចំពោះឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​-​ចិន ២០២៤ ក្រសួង​ទេសចរណ៍ និង​ក្រសួង​ពាក់ព័ន្ធ បាន​និង​កំពុង​រៀបចំ​ព្រឹត្ដិការណ៍​កីឡា កម្មវិធី​ពិពរណ៍ ក៏ដូចជា​កម្មវិធី​ជាច្រើន​ទៀត ស្រប​ជាមួយ​ការ​ដាក់​ចេញ​ឆ្នាំ​ទស្សនា​ខេត្ដ​សៀមរាប​ឆ្នាំ​២០២៤​ ដើម្បី​រៀបចំ​ប្រតិទិន​មួយ​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ ជាពិសេស ភ្ញៀវ​ទេសចរ​ចិន​ផងដែរ។ 

លោក សូកេន បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋបាល​ខេត្ដ​ហ៊ឺណាន់ និង​ខេត្ដ​សៀមរាប​ក្នុង​ការ​រៀបចំ «ព្រឹត្តិការណ៍​ពិព័រណ៍​​វប្បធម៌​ទេសចរណ៍ និង​ព្រឹត្តិការណ៍​សម្ដែង​ក្បាច់គុន​សាវលីញ និង​គុន​ល្បុក្កតោ​នៅ​អង្គរ» ប្រកប​ដោយ​ភាព​ឱឡារឹក និង​អធិកអធម​។

លោក​បាន​ស្នើ​រដ្ឋបាល​ខេត្ដ​ហ៊ឺណាន់​បន្ដ​ផ្សព្វផ្សាយ​ និង​ជំរុញ​ការ​ហោះហើរ​ត្រង់​ពី​ខេត្ដ ហ៊ឺណាន់​ ទៅ​កាន់​កម្ពុជា ជាពិសេស​​​ខេត្ដសៀមរាប​ ក៏ដូចជាបន្ដ​គាំទ្រ​យុទ្ធនាការ ឆ្នាំ​នៃ​ការ​ផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន កម្ពុជា​- ​ចិន ២០២៤។ 

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា (CATA) បាន​ទទួល​ស្គាល់​អំពី​កំណើន​ទេសចរ​បរទេស​តាំងពី​ដើម​ឆ្នាំ​២០២៤ ដោយ​ទេសចរ​ជាតិ​ថៃ​ឈរ​លំដាប់​នាំ​មុខ​គេ បន្ទាប់មក​វៀតណាម និង​ចិន​។ 

លោកស្រី បាន​និយាយថា​៖ «ចំណោម​ជនជាតិ​ចិន​ ១៩ ម៉ឺន​នាក់​នោះ មិន​បាន​ទៅ​ធ្វើ​ដំណើរការ​កម្សាន្ដ​តាម​គោលដៅ​ទេសចរណ៍​ទាំង​អស់​នោះទេ»​។ 

ប្រធាន​ CATA បាន​ឱ្យដឹងថា សម្រាប់​ត្រីមាស​បន្ទាប់​នៃ​ឆ្នាំ​២០២៤​ នេះ លោកស្រី​រំពឹងថា នឹងមាន​ភ្ញៀវ​ទេសចរ​កើន​ឡើង​បន្ថែម​ទៀត ដោយសារ​កម្ពុជា​បង្កើន​ជើង​ហោះហើរ​ ដូចជា ការ​ហោះហើរ​ត្រង់ពី​ឌូបៃ​មក​កម្ពុជា​នៅ​ថ្ងៃទី ១ ខែ​ឧសភា ក៏ដូចជា Cambodia Angkor Air ធ្វើ​ការ​ហោះហើរត្រង់​ទៅកាន់​ទីក្រុង​ញូវដែលី របស់​ឥណ្ឌា ដែលជា​ទីផ្សារ​ដ៏ធំ​​ជាដើម​។ 

យ៉ាងណាមិញ លោកស្រីមិន​ទាន់​ហ៊ាន​រំពឹងខ្ពស់​អំពី​ទីផ្សារ​ទេសចរ​ជនជាតិ​ចិន​នោះទេ ដោយសារ​នៅ​ប្រទេស​ចិន​នៅ​បន្ដ​ការ​រឹត​ត្បិត​របស់​ប្រជាជន​ចិន​។ 

លោកស្រី ស៊ីវលីន រំពឹង​ថា ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ការ​សម្របសម្រួល​ដើម្បី​បើក​ទូលាយ​សម្រាប់​ប្រជាជន​ចិន​ចេញ​ធ្វើដំណើរ​កម្សាន្ដ។ 

លោក តុប សុភ័ក អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ពិព័រណ៍​ទេសចរណ៍​វប្បធម៌​កម្ពុជា​-​ចិន ២០២៤» នេះ ក៏​ជា​ព្រឹត្ដិការណ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​បន្ថែម​ទៀត​ និង​ជា​ការ​ផ្សព្វ​ផ្សាយ​សក្ដានុពល​វប្បធម៌​ទេសចរណ៍​កម្ពុជា​​ ជាមួយ​ការ​តាំង​ពិព័រណ៍​ផលិតផល​​វប្បធម៌ និង​ទេសចរណ៍ នៃ​ភាគី​ចិន និង​កម្ពុជា​។ 

លោក បាន​បញ្ជាក់​ថា កម្ពុជា​រំពឹងថា​នឹង​ទទួល​ភ្ញៀវ​ទេសចរចិន​ប្រមាណ ១​លាន​នាក់​។

បន្ទាប់ពីការថ្លែង​សន្ទរកថារបស់លោក​រដ្ឋមន្ដ្រី សុខ សូកេន ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​បាន​រីករាយ​ជាមួយ​ទស្សនីយភាព​នៃការ​បង្ហាញ​ក្បាច់​គុន​ល្បុក្កតោ និង​ក្បាច់​គុន​សាវលីញ​ ដែល​រំលេច​ប្រាង្គ​ប្រាសាទ​បាយ័ន​រស់​រវើក​ជា​ផ្ទៃ​ខាង​ក្រោយ​ដ៏​អស្ចារ្យ៕