កីឡាករប្រដាល់គុនខ្មែរល្បីៗនឹងប្រឈមមុខតទល់ជាមួយក្រុមតារាល្បីៗនៅសប្ដាហ៍ក្រោយនេះ ប៉ុន្តែមិនមែនដើម្បីប្រយុទ្ធគ្នានៅលើសង្វៀនប្រដាល់ទេ គឺប្រកួតបាល់ទាត់ដែលរៀបចំឡើងដើម្បីប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីអប់រំអំពីបញ្ហាគ្រឿងញៀន។
ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅរសៀលថ្ងៃទី១ ខែឧសភា នៅពហុកីឡដ្ឋានអូឡាំពិក ក្រោមប្រធានទប «រួមគ្នាដើម្បីមនុស្សធម៌និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»។
ធឿន ធារ៉ា ដែលមានរហសនាមថាជាអ្នកលេងពូថៅដៃ និងឈឿង ល្វៃ ដែលសុទ្ធសឹងជាកីឡាករជួរមុខក្នុងវិស័យកីឡាប្រដាល់នឹងត្រូវលេងក្នុងតួនាទីជាខ្សែការពារ រួមជាមួយនឹងកីឡាករ យ៉េន ឌីណា និង មឿន សុខហុច។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ ដែលជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា។
លោក ខូវ ឆាយ បានឲ្យដឹងថា រូបលោកផ្ទាល់ក៏នឹងលេងជាខ្សែបម្រើផងដែររួមជាមួយនឹងកីឡាករ ឃឹម ឌីមា, និង ម៉ឺន មេឃា។ ចំណែកខ្សែប្រយុទ្ធនឹងមានកីឡាករ ព្រំ សំណាង, រឿង សុភ័ណ្ឌ, កាន់ មេងហុង, អេ អាំរិនភូថង។
ចំណែកអ្នកចាំទីរួមមាន ធន់ រិទ្ធី, ម៉ានូ សិល្បៈ(Emmanuel Onyedikachi) និង សែន ចន្ទរិទ្ធិគុន (Thiago Teixeira)។
លោក ខូវ ឆាយ និយាយថា៖ «យើងប្រើប្រាស់កីឡាករជួរមុខទាំងអស់ ហើយយើងមិនសូវគិតពីលទ្ធផលនៃការប្រកួតប៉ុន្មានទេ។ អ្វីដែលសំខាន់គឺដើម្បីឲ្យមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋបានឃើញអាយដូលរបស់គាត់ដែលធ្លាប់តែឃើញនៅលើការប្រដាល់គុនខ្មែរ ឥឡូវនេះគាត់ឃើញគាត់ប្រកួតនៅលើទីលានបាល់ទាត់ដើម្បីបំផុសឲ្យមានការលេងកីឡាទាំងអស់គ្នា»។
លោកបន្តថា៖ «ការប្រកួតថ្ងៃ១ ឧសភានេះ គឺដើម្បីលើកទឹកចិត្តឲ្យបងប្អូនយើងជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យមួយជួយព្យាបាលកុមារកម្ពុជាយើងច្រើន ហើយយើងចង់ឲ្យមន្ទីរពេទ្យនេះដំណើរការតទៅមុខទៀតយូរអង្វែងដើម្បីកុមារកម្ពុជា»។
លោក ខូវ ឆាយ អំពាវនាវឲ្យយុវជនទាំងអស់ចៀសផុតពីការពាក់ព័ន្ធនឹងរឿងគ្រឿងញៀន និងត្រូវរួមគ្នាកម្ចាត់គ្រឿងញៀនឲ្យអស់ពីកម្ពុជា និងចូលរួមលេងកីឡាឲ្យបានទាំងអស់គ្នា។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ដោយលោកនឹងធ្វើជាប្រធានកិត្តិយសសម្រាប់ក្រុមសិល្បៈករ។ លោកថា លោកនឹងប្រើទម្រង់ ៣.៤.៣។ លោកក៏បានប្រកាសបរិច្ចាគថវិកា ២០០លានរៀល (៥ម៉ឺនដុល្លារ) ដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
លោកបានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃទី២៥ មេសាថា៖ « សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៌និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា»។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិយាយថា ការប្រកួតនេះធ្វើឡើងជាលក្ខណៈមិត្តភាព និងសាមគ្គីភាព ដើម្បីបង្កការសប្បាយដល់អ្នកគាំទ្រកីឡានិងក្រុមតារាចម្រៀង និងតារាកំប្លែងជាដើមដែលសុទ្ធសឹងជាអ្នកមានឥទ្ធិពលក្នុងសង្គម ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោកថ្លែងថា៖ «យើងសូមអំពាវនាវឲ្យមានការចូលរួមចំណែកក្នុងព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍ផ្សព្វផ្សាយប្រឆាំងនឹងគ្រឿងញៀននឹងត្រូវធ្វើជាប់រហូត ពេលនេះគ្រាន់តែជាការចាប់ផ្ដើម និងជាការដាស់ស្មារតីឲ្យបញ្ចូលបំបាត់គ្រឿងញៀន»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថាលោកសាទរចំពោះការផ្ដួចផ្ដើមនិងគោលបំណងទាំងនេះ ដោយហេតុថាព្រឹត្តិការណ៍នេះក៏អាចជួយលើកកម្ពស់ដល់វិស័យបាល់ទាត់កម្ពុជា និងជំរុញទឹកចិត្តឲ្យមានយុទ្ធនាការបញ្ចៀសពីគ្រឿងញៀនក្នុងចំណោមយុវជនផងដែរ។
លោក ចន្ទរឿន ថ្លែងថា៖ «ខ្ញុំគិតថាជារឿងល្អ ព្រោះវាជាយុទ្ធនាការមួយដែលគួរតែធ្វើឲ្យបានញឹកញាប់ មិនត្រឹមតែនៅភ្នំពេញទេ អាចពង្រីកវិសាលភាពទៅតាមខេត្តផង។ កម្មវិធីនេះបណ្ដុះពីការយកចិត្តទុកដាក់របស់កីឡាករ និងអ្នកសិល្បៈយើង»។
មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថិកាសម្រាប់ប្រតិបត្តិការប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។ មន្ទីរពេទ្យនេះពិនិត្យនិងព្យាបាលកុមារ និងស្ត្រីមានផ្ទៃរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ៕