ជា​តារា​សម្ដែង​ដ៏​ល្បីល្បាញ និង​ជា​អ្នក​តស៊ូ​មតិ​សិទ្ធិ​កីឡា និង​សិទ្ធិ​របស់​កុមារី​នៅ​កម្ពុជា កញ្ញា រ៉េត សារីតា និង​អង្គការ Happy Football Cambodia Australia (HFCA) បាន​សម្រេច​ចាប់​ដៃ​គ្នា ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​លើក​ទឹក​ចិត្ត និង​ជំរុញ​ឱ្យ​ក្មេងៗ​ក្រីក្រ​នៅ​កម្ពុជា ជាពិសេស​ក្មេងស្រី មានឱកាស​បាន​លេង​កីឡា​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ពង្រឹង​ភាព​រឹងមាំ​ទាំង​ទៅ​លើ​ការគិត និង​​ការ​កំណត់​គោលដៅ​​​ឈាន​ទៅ​សម្រេច​ក្តី​ស្រមៃ។

ជាមួយ​ការ​ចាប់​ដៃគ្នា ដែល​ត្រូវ​បាន​ប្រកាស​ជាផ្លូវ​ការ នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃទី​៣០ ខែ​មេសា កន្លងមក​នេះ កញ្ញា រ៉េត សារីតា នឹង​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​ដ៏​​សំខាន់​ ដែល​នឹង​ត្រូវ​ចូល​រួម​ក្នុង​កម្មវិធី​បាល់ទាត់​របស់​អង្គការ HFCA នៅភូមិ អូររូង ខេត្ត​សៀមរាប នាថ្ងៃពុធ ទី​៨ ខែឧសភា ខាង​មុខ​នេះ ដោយ​កញ្ញា​នឹង​ស្នាក់នៅ​មួយយប់ នៅ​ក្នុង​ភូមិ​មុន​ចូលរួម​ការ​ហ្វឹកហាត់ និង​លេង​បាល់​ទាត់​ជាមួយ​ក្មេងៗ​នៅទី​នោះ។

គម្រោង​របស់ HFCA ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ ហើយ​មាន​គោលបំណង​ផ្តល់​ភាពអង់​អាច​ដល់​យុវជន​ក្រីក្រ​នៅ​កម្ពុជា   តាម​រយៈវិស័យ​កីឡា​បាល់ទាត់ តាំងពី​ឆ្នាំ​ ២០០៥ មក​នោះ បាន​សហការ​ជាមួយ​អង្គការ​ដៃគូ​ដ៏​ជិតស្និទ្ធ​របស់ខ្លួន​មួយ​ទៀត ឈ្មោះ Build your Future Today ដើម្បី​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្មេង​ស្រី​ក្រីក្រ​នៅ​ក្នុង​ភូមិ​អូររូង​ប្រមាណ​ ២៥នាក់ ឱ្យ​ចូលរួម​កម្មវិធី​បាល់ទាត់ នៅ​ថ្ងៃទី​៨ ខែឧសភា​នោះ ជាមួយ​នឹង​ក្មេង​ប្រុសៗ​មួយ​ចំនួន​ទៀត។

ចំពោះ​ការងារ​នេះ រ៉េត សារីតា បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ភូមិអូររូង ពិត​ជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​រំភើប​ជា​ខ្លាំង​ចំពោះ​ខ្ញុំ និង​ជា​ការ​ផ្សងព្រេង​ដ៏​អស្ចារ្យ​ផងដែរ។ ខ្ញុំ​ចង់​ជួបជាមួយ​ក្មេងស្រី​ទាំងអស់​នៅ​ទីនោះ​ និង​លើក​ទឹក​ចិត្ត​ពួកគេ​ឱ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា​កាន់​តែ​ផុសផុល​ច្រើន​ឡើង​ថែម​ទៀត ហើយ​អ្វី​ដែល​សំខាន់​បំផុត គឺ​ដើម្បី​ធ្វើ​ការ​ប្រាស្រ័យ​ទាក់ទង និង​លេងកីឡា​ជាមួយ​ពួកគេ»។

ដោយ​ធ្លាប់​លេង​កីឡាច្រើន​ប្រភេទ​តាំង​​ពី​រៀន​នៅ​បឋម​សិក្សា រួម​មាន​បាល់ទាត់​ បាល់​បោះ វាយសី វាយ​កូនបាល ហែល​ទឹក ហើយ​ចុង​ក្រោយ​ក៏​បាន​ចូល​រួម​សម្តែង​ជាមួយ​ក្រុម​គុនល្បុក្កតោ​ផង​នោះ រ៉េត សារីតា បាន​យល់​យ៉ាងច្បាស់​​ពី​​​អត្ថប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​លេង​កីឡា ដោយ​កញ្ញា​បាន​អះអាង​ថា ការទទួល​បាន​ភាព​ជោគ​ជ័យ​របស់​នាង​រហូត​មក​ដល់​ពេល​នេះ គឺ​មានការរួម​ចំណែក​យ៉ាង​សំខាន់​ពី​ការ​លេង​កីឡា។

អ្នក​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​កម្ពុជា ឆ្នាំ​២០២០ ដែល​​បាន​ចូល​រួម​​ប្រកួត​បវរកញ្ញា​ចក្រវាល លើក​ទី ៦៩ នៅ​ហូលីវូដ រដ្ឋផ្លរីដា តំណាង​ឱ្យ​កម្ពុជា រ៉េត សារីតា បានបញ្ជាក់​ថា៖ ​«ការលេងកីឡា មិនត្រឹម​តែធ្វើ​ឱ្យ​យើង​មាន​សុខភាពល្អ និង​បង្កើត​បាន​ភាព​សប្បាយរីក​​រាយ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​កីឡា បាន​ដើរ​នាទី​សំខាន់​ជាង​នេះ​ទៀត ព្រោះ​ការ​លេង​កីឡា បាន​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយ​ជាបុគ្គល​ម្នាក់​មានវិ​ន័យ​ក្នុង​ខ្លួន និង​ចេះ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​​​ជាមួយ​អ្នក​ដទៃ​នៅជុំវិញ​ខ្លួន​យើង​បាន​ល្អ»។

ម្ចាស់ពាន​រង្វាន់​ជា​តារា​សម្តែង​ឆ្នើម​ប្រចាំ​ឆ្នាំ របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ​លើក​ទី១១ សារីតា បាន​បន្ថែម​ថា៖ «ការ​លេង​កីឡា​ធ្វើ​ឱ្យ​យើង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ជាង​មុន​ ក្លាហាន​ជាង​មុន អ៊ីចឹង​បទពិសោធន៍ និង​មេរៀន​ដែល​ទទួល​បាន​ពី​ការ​លេង​កីឡា​នេះ​ហើយ ​ទើបធ្វើ​ឱ្យ​ខ្ញុំមាន​ថ្ងៃ​​នេះ គឺ​ខ្ញុំ​ចេះ​កំណត់​គោលដៅ និង​មាន​ភាព​ក្លាហាន​ក្នុងការ​ឈោង​ទៅ​សម្រេចក្តី​ស្រមៃ​របស់​ខ្លួន ហេតុ​នេះ​ខ្ញុំ​ពិតជាអរគុណ​ខ្លាំង​ដល់​កីឡា»។

លោក Paraic Grogan ស្ថាបនិក​ HFCA  បាន​ឱ្យ​ដឹង​ថា អង្គការ​របស់​លោក ធានា​ផ្តល់​លទ្ធភាព​ដល់​យុវជន​ក្រីក្រ​នៅ​កម្ពុជា ទទួល​បាន​ឱកាស​ចូលរួម​ការ​ហ្វឹកហាត់​ប្រកប​ដោយ​គុណភាពខ្ពស់ ក្នុង​ការ​កសាង​ស្មារតី​ជាក្រុម និង​ការ​ប្រមូល​ផ្តុំ។ កត្តា​នេះ​ជួយ​គាំទ្រ​ដល់​សុខុមាលភាព សុខភាព​ផ្លូវចិត្ត ការ​ជឿជាក់​លើ​ខ្លួនឯង ហើយ​ជា​សំខាន់​ផ្តល់​នូវ​វិថីឆ្ពោះ​ទៅ​រក​ឱកាស​បន្ថែម​ទៀតដោយ​អភិវឌ្ឍ​ជំនាញ​ទន់ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​វិស័យ​អប់រំ និង ការងារ។

ទន្ទឹម​នឹងនេះ លោក Paraic Grogan មាន​ក្តីសោមនស្ស​រីករាយ​ខ្លាំង​ចំពោះ​តារា​សម្តែង​ដ៏​ល្បីល្បាញ រ៉េត សារីតា ដែលបាន​ចំណាយ​ពេល​ដ៏មាន​តម្លៃ​ ទៅ​​ចូល​រួម​កម្មវិធី​បាល់​ទាត់​នៅ​ភូមិអូររូង ហើយ​ កញ្ញា ពេញ ស្រីនូ និង វឿន លីសា មកពី​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ដែល​បានហ្វឹក​ហាត់​បាល់​ទាត់​ជាមួយ HFCA ជាច្រើន​ឆ្នាំមក​ហើយ​នោះ ក៏នឹង​ធ្វើដំណើរ​ពី​ភ្នំពេញ ដើម្បី​ចែក​រំលែង​បទពិសោធន៍​ពីជីវិត និង​ការ​លេង​បាល់​ទាត់​ដល់​ក្មេង​ស្រី ដែល​រស់​នៅភូមិ​អូររូង នា​ថ្ងៃទី​៨ ខែឧសភា​នោះដែរ។

ស្ថានិក​របស់អង្គការ HFCA រូប​នេះ​បានបញ្ជាក់​ថា៖ «យើង​សង្ឃឹម​ថា កញ្ញា រ៉េត សារីតា នឹង​ជួយ​គាំទ្រ​កម្មវិធី​បាល់ទាត់​នារី​តាម​ភូមិ និង​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​កុមារី​កម្ពុជា ចូល​លេង​បាល់ទាត់​កាន់​តែផុសផុល ហើយ​ដោយសារ​កញ្ញា ជា​តារា​សម្តែង​ដែល​មាន​ប្រជាប្រិយ​ខ្លាំង​នៅ​កម្ពុជា អ៊ីចឹង​ការចូលរួមផ្សព្វ​ផ្សាយ​របស់​គាត់ នឹង​មានភាព​ទូលំទូលាយ​ខ្លាំង ដែល​នឹង​ធ្វើ​ឱ្យ​ក្មេងៗ​នៅ​កម្ពុជា ជាពិសេស​ក្មេងស្រី មានការ​ចាប់​អារម្មណ៍​ខ្លាំង ក្នុងការ​​ងាក​មក​លេង​កីឡា​បាល់ទាត់ និង​ប្រភេទ​កីឡា​ផ្សេងៗ​​ទៀត បាន​កាន់តែ​ច្រើន​ថែម​ទៀត»៕