ភ្នំពេញ ប៉ុស្ដិ៍ | ​សមាគម​និស្សិត​ខ្មែរ​នៅ​បរទេស​ចាំ​ជួយ និស្សិត​ខ្មែរ​ដែល​ទៅ​រៀន​នៅ​ទីនោះ

សមាគម​និស្សិត​ខ្មែរ​នៅ​បរទេស​ចាំ​ជួយ និស្សិត​ខ្មែរ​ដែល​ទៅ​រៀន​នៅ​ទីនោះ

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
១៣ កញ្ញា ២០១៤ | ០៨:៣៦

ប្រធានបទផ្សេងៗ

JAPAN

ដោយ​យល់​ឃើញ​ពី​កំណើន​និស្សិត ជាច្រើន​បាន និង​កំពុង​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស យើង​សូម​ណែនាំ​អ្នក​ទាំងអស់​នោះ​ឲ្យ​ស្គាល់​សមាគម​និស្សិត​ខ្មែរ​នៅ​តាម​ប្រទេស​មួយ​ចំនួន​ដែល​ពួកគេ​អាច​ទាក់ទង​សាកសួរ​ពី​ព័ត៌មាន​សិក្សា ពី​ការ​ស្នាក់នៅ ទំនៀមទម្លាប់ កន្លែង​កម្សាន្ត ម្ហូប​អាហារ របៀប​រស់នៅ ឬ​ព័ត៌មាន​ផ្សេងៗ​បាន​។ ១. សមាគម​និស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន សមាគម​និស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៩៤ ក្រោម​គោលដៅ​នៃ​ការ​ចែករំលែក​វប្បធម៌ ចំណេះដឹង បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជាមួយ​និស្សិត​ខ្មែរ​។ សមាគម​នេះ​មាន​នៅ​៤​តំបន់​ធំៗ គឺ​តំបន់​កាន់តូ តំបន់​ណាហ្គោយ៉ា តំបន់​កាន់សៃ និង​តំបន់​គ្យូស៊ូ។ សកម្មភាព​មួយ​ចំនួន​ដែល​សមាគមនិស្សិត​ខ្មែរ​បាន​ធ្វើ​កន្លងមក គឺ​ការ​ជួយ​និស្សិត​ខ្មែរ​តាមរយៈ​ការ​រៀបចំ​ឲ្យ​មាន​កម្មវិធី​ប្រកួត​ប្រជែង​សរសេរ​សំណេរ ការ​ផ្ដល់​ជា​សម្ភារសិក្សា ព្រម​ទាំង​ធ្លាប់​បាន​ផ្ដល់​ថវិកា​ឧបត្ថម្ភ​ធ្វើ​អណ្ដូង​ទឹក​ជាដើម​។ សមាគម​និស្សិត​នេះ មាន​រៀបចំ​រចនាសម្ព័ន្ធ​ត្រឹមត្រូវ មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម និង​គណៈកម្មការ​នៅក្នុង​សមាគម​ជា​រៀងរាល់​ឆ្នាំ​។ សមាគម​និស្សិត​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​គឺ​មាន​លោក​យ៉ែម វិបុល អាយុ​៣០​ឆ្នាំ​ជា​ប្រធាន​។ និស្សិត​ខ្មែរ​អាច​ទាក់ទង​មក​សមាគម​បាន​តាមរយៈ​គេហទំព័រ​«http://www.csaj-khmer.org/newsite/​»។ យោងតាម​ទិន្នន័យ​គេហទំព័រ​នេះ​និស្សិត​ដែល​បាន​ទៅ​រៀន​នៅ​ប្រទេស​ជប៉ុន​ត្រឹម​ឆ្នាំ​២០១៣ មាន​ចំនួន​ប្រមាណ​៣៨០​នាក់​។ ២. សមាគម​និស្សិត​ខ្មែរ​នៅ​សាធារណ​រដ្ឋ​កូរ៉េ

KOREA

សមាគម​និស្សិត​ខ្មែរ​នៅ​សាធារណ​រដ្ឋ​កូរ៉េ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ចុង​ឆ្នាំ​២០១១​មក​ម្ល៉េះ ក្នុង​គោលដៅ​រឹត​ចំណង​មិត្តភាព ភាព​ជា​សហគមន៍ និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​។ សមាគម​នេះ​មាន​តួនាទី​ទាក់ទង​ជាមួយ​នឹង​រដ្ឋាភិបាល​កូរ៉េ អង្គការ​មិនមែន​រដ្ឋាភិបាល បើក​ការ​ប្រជុំ​ក្នុង​សមាគម ការ​ប្រជុំ​ការសហការ​ទំនាក់ទំនង​ជាមួយ​នឹង​វិទ្យាស្ថាន ឬ​សាលា​ដទៃ​នៅក្នុង​ប្រទេស​កូរ៉េ ព្រមទាំង​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ខ្មែរ​ដល់​និស្សិត​ជនជាតិ​ដទៃ​ដែល​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​នេះ​ថែម​ទៀត​។ សមាគម​និស្សិត​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ខ្លះៗ​ពី​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល ក៏​ប៉ុន្តែ​មិនមែន​ជា​ជំនួយ​អចិន្រៃ្តយ៍ សព្វថ្ងៃ​សមាគម​នេះ កំពុង​តែ​ស្វែងរក​ជំនួយ​បន្ថែម​ទៀត សម្រាប់​សកម្មភាព​ផ្សេងៗ​ទៀត។ លោក ប្រុញ សុភាណា មាន​អាយុ​២៨​ឆ្នាំ​ដែល​កំពុង​បន្ត​រៀន​ថ្នាក់​អនុបណ្ឌិត ផ្នែក​គោលនយោបាយ​សាធារណៈ​(Public Policy)​សព្វថ្ងៃ​គឺជា​ប្រធាន​សមាគម​និស្សិត​នៅ​ទី​នោះ​តែ​ម្តង​។ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​ចាប់ពី​ខែ​មករា​ឆ្នាំ​២០១៤​មក​។ យោងតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ សព្វថ្ងៃ​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​កូរ៉េ​មាន​ចំនួន​ប្រមាណ​២៥០​នាក់ ដែល​នៅក្នុង​ចំណោម​នោះ និស្សិត​ខ្មែរ​ដែល​ជា​សមាជិក​របស់​សមាគម​មាន​ចំនួន​១៥០​នាក់។ និស្សិត​ខ្មែរ​ដែល​មក​រៀន​នៅ​សាធារណរដ្ឋ​កូរ៉េ អាច​ទាក់ទង​មក​សមាគម​បាន​តាមរយៈ ទំព័រ​ហ្វេសប៊ុក​របស់​សមាគម «https://www.facebook.com/CSAKorea.fanpage»។ ៣. សមាគម​និស្សិត​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​ថៃ

THAILAND

សមាគម​និស្សិត​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​ថៃ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១២ ដោយ​ក្រុម​និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​ប្រទេស​ថៃ។ សកម្មភាព​របស់​សមាគម​នេះ មាន​ដូចជា​ការ​ប្រជុំ​ជាមួយ​និស្សិត​ខ្មែរ​ដើម្បី​ណែនាំ​ឲ្យ​ស្គាល់​គ្នា ការ​បង្កើត​ថ្នាក់​វប្បធម៌​រួមមាន​ការ​បង្រៀន​របាំ​ប្រពៃណី​ខ្មែរ ដើម្បី​ទុក​សម្តែង​ក្នុង​កម្មវិធី​ម្ដងៗ ព្រម​ទាំង​បង្រៀន​ភាសា​ថៃ​ដល់​និស្សិត​ខ្មែរ​ដើម្បី​ឲ្យ​ពួកគេ​ងាយស្រួល​ក្នុង​ការ​ទាក់ទង​ជាមួយ​ជនជាតិ​ថៃ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សមាគម​និស្សិត​ខ្មែរ​នេះ ក៏​បាន​ព្យាយាម​បង្កើត​ទំនាក់ទំនង​ជាមួយ​នឹង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ផង​ដែរ​។ សមាគម​នេះ​គឺ​មាន​កញ្ញា សឿង កែវបញ្ញា អាយុ​២៨​ឆ្នាំ​ជា​ប្រធាន។ សព្វថ្ងៃ កញ្ញា​កំពុង​រៀន​ផ្នែក​អប់រំ​សុខភាព និង​កាយ​នីតិសម្បទា​នៅ​សាកលវិទ្យាល័យ​ជូឡា​ឡុងកន​។ តាម​ការ​អះអាង​របស់​បញ្ញា ប្រសិន​បើ​គ្មាន​សមាគម​និស្សិត​ខ្មែរ​នៅ​ប្រទេស​ថៃ​នេះ​ទេ និស្សិត​ខ្មែរ​អាច​នឹង​មាន​បញ្ហា​លំបាក​ច្រើន​ផ្នែក​ទំនាក់ទំនង និង​ការ​រស់នៅ​។ សមាគម​និស្សិត​ខ្មែរ​នៅ​ព្រះរាជាណាចក្រ​ថៃ​សព្វថ្ងៃ​មាន​និស្សិត​ខ្មែរ​ប្រមាណ​៧០​នាក់​ជា​សមាជិក ហើយ​ដែល​កំពុង​រស់នៅ​ឯ​ជូឡាឡុងកន​។ និស្សិត​អាច​ទាក់ទង​មក​សមាគម​បាន​តាមរយៈ​ទំព័រ​ហ្វេសប៊ុក «https://www.facebook.com/cams tudents.chula?fref=ts »​របស់​សមាគម​បាន​។ ៤. សមាគម​និស្សិត​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី

INDONESIA

សមាគម​និស្សិត​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​២០០៥ ក្រោម​គោលគំនិត​នៃ​ការ​រស់នៅ​ជា​សហគមន៍​ចែករំលែក​ប្រមូល​ព័ត៌មាន ជួយ​គ្នា​ទៅវិញ​ទៅមក​ពី​និស្សិត​ជំនាន់​មុន​ទៅ​និស្សិត​ជំនាន់​ក្រោយ​ដែល​មក​សិក្សា​នៅ​ប្រទេស​នេះ​។ ប្រធាន​សមាគម​និស្សិត​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​លោក​សិទ្ធិរម្យ ហួនសិរី មាន​អាយុ​២៥​ឆ្នាំ សព្វថ្ងៃ​រៀន​ជំនាញ​Technic Media Digital and Game Design នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាន​ឌុង (Instituted Technology of Bandung) នៃ​ទីក្រុង​បានឌុង​។ បេសកកម្ម​របស់​សមាគម​គឺ​ប្រមូលផ្ដុំ​និស្សិត​កម្ពុជា​ដើម្បី​បង្កើត​ទំនាក់ទំនង និង​ជួយ​គ្នា​ទៅវិញ​ទៅមក ចែករំលែក​វប្បធម៌​ខ្មែរ​ជាមួយ​នឹង​បរទេស ផ្ដល់​ព័ត៌មាន​ដ៏​មាន​អត្ថប្រយោជន៍​សម្រាប់​និស្សិត​កម្ពុជា​ដែល​រស់នៅ​តាម​តំបន់​ខុសៗ​គ្នា ក៏​ដូចជា​ជួយ​និស្សិត​ដែល​ជួប​បញ្ហា​លំបាក​ហើយ​ដែល​ត្រូវការ​ជំនួយ​។ ចំពោះ​ផ្នែក​ហិរញ្ញវត្ថុ គឺ​មាន​ការ​ចែករំលែក និង​ឧបត្ថម្ភ​ពី​សមាជិក​នៃ​សមាគម​នេះ​ផ្ទាល់​តែ​ម្ដង ហើយ​ពេល​ខ្លះ​សមាគម​នេះ​ទទួល​ថវិកា​មួយ​ចំនួន​ពី​ស្ថានទូត​ខ្មែរ​ផង​ដែរ​។ សមាគម​ធ្លាប់​បាន​ជួយ​ឧបត្ថម្ភ​ដល់​សមាជិក ដែល​គ្រួសារ​របស់​ពួកគាត់​នៅ​ប្រទេស​កម្ពុជា ជួប​ឧបទ្ទវហេតុ ឬ​ស្លាប់​ដោយ​ផ្ដល់​ជា​សោហ៊ុយ​ថ្ងៃ​សំបុត្រ​យន្តហោះ​សម្រាប់​ពួកគាត់ និង​ចំណាយ​ផ្ទាល់​ខ្លួន​ខ្លះៗ​ជាដើម​ផង​ដែរ​។ លោក​ហួន សិរី​ប្រធាន​សមាគម​នេះ​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​គ្មាន​សមាគម​និស្សិត​កម្ពុជា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ទេ និស្សិត​កម្ពុជា​អាច​នឹង​ជួប​នូវ​បញ្ហា​លំបាក​មួយ​ចំនួន ពិសេស​គឺ​អ្នក​ដែល​ទើប​តែ​មក​ដល់​ថ្មីៗ​តែ​ម្តង។ ប្រធាន​សមាគម​រូប​នេះ​បាន​បន្ថែម​ថា នៅក្នុង​សមាគម​សព្វថ្ងៃ​មាន​សមាជិក​ទាំង​ថ្មី ទាំង​ចាស់​សរុប​ប្រមាណ​៣០០​នាក់ រួមមាន​ទាំង​អ្នក​ដែល​បាន​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​រួច​ហើយ​ផង​។ ចំណែកឯ​និស្សិត​កម្ពុជា​ដែល​កំពុង​រៀន និង​រស់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​មាន​ប្រហែល​៩០​នាក់​។ និស្សិត​អាច​ទាក់ទង​មក​សមាគម​និស្សិត​ខ្មែរ​នៅ​ទី​នោះ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក «https://www.facebook.com/CSAI.Page»៕
លី សិរីរ័ត្ន

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com