ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាជ្ញាធរមីនកាលពីថ្ងៃទី ១ កក្កដា បានសម្រេចបង្កើតនូវគម្រោងមួយដែលមានឈ្មោះថា គម្រោង «សម្តេចតេជោ សម្រាប់សកម្មភាពមីន» ដែលគម្រោងនេះបានអំពាវនាវដល់វិស័យឯកជនឱ្យចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការងារដោះមីន ហើយគិតរហូតមកដល់ថ្ងៃទី ៤ កក្កដាគម្រោងនេះបានទទួលថវិកាបរិច្ចាគប្រមាណ ១៤ លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងដូចនេះថា លោកនាយករដ្ឋមន្ត្រីបានសម្រេចបង្កើតគម្រោងនេះឡើងក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាពបង្កើតស្នាមញញឹម» (Providing Safe Ground, Creating Smiles) ក្រោមការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយអាជ្ញាធរមីន។
លោក លី ធុជ ថ្លែងថា៖ «ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស ក៏ដូចជាគ្រួសារវិស័យសកម្មភាពមីនកម្ពុជា ខ្ញុំសូមសម្តែងនូវការដឹងគុណ និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង»។
បន្ទាប់ពីមានការចូលរួមវិភាគទាននេះ អាជ្ញាធរមីនបានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីរៀបចំផែនការលម្អិត សម្រាប់កំណត់គោលដៅបោសសម្អាតមីនជាអាទិភាព។
នារសៀលថ្ងៃទី ៤ ខែកក្កដា លោក លី ធុជ បានដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករជាតិរួមមាន បញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) ដើម្បីធ្វើការបែងចែកកម្លាំងបោសសម្អាតមីន និងធនធាននានាតាមគោលការណ៍កំណត់ជាអាទិភាព ក្នុងគោលដៅផ្តល់សុវត្ថិភាព និងស្នាមញញឹមដល់ប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ផងដែរថា នាព្រឹកថ្ងៃទី ១ កក្កដា ក្នុងទិវាមច្ឆជាតិនាខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន បានអំពាវនាវឱ្យសប្បុរសជនចូលរួមបំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ ២០២៥។ លោកបានបន្តថា អ្វីដែលសំខាន់ជាងនេះទៀត គឺការឈានទៅបញ្ចប់នូវសោកនាដកម្មលើប្រជាជនកម្ពុជាដែលស្លាប់ និងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលជាឃាតករលាក់មុខដែលនៅសេសសល់លើទឹកដីកម្ពុជា។
សប្បុរសជនទាំងមន្ត្រីរាជរដ្ឋាភិបាល ទាំងវិស័យឯកជនរួមនឹងកូនៗរបស់លោកនាយករដ្ឋមន្ត្រីបានរួមគ្នាបរិច្ចាគថវិកាជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការបំបាត់ចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីកម្ពុជាឈានទៅគ្មានគ្រាប់មីននៅឆ្នាំ ២០២៥ ដែលគិតមកដល់ថ្ងៃទី ៤ ខែកក្កដា មានថវិកាប្រមាណជា ១៤ លានដុល្លារអាមេរិកហើយ។
ជាមួយគ្នានេះដែរ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសម្តែងនូវក្តីរីករាយដែលលោកនាយករដ្ឋមន្ត្រីបានជួយធ្វើចលនាកៀរគរសប្បុរសជនឱ្យជួយគាំទ្រដល់ការដោះមីនពីទឹកដីនៃមាតុភូមិនេះ។ លោកថ្លែងថា៖ «សម្តេចតេជោបានជួយសង្គ្រោះជាតិបានបញ្ចប់សង្គ្រាម និងបន្តតាមជួយប្រជាពលរដ្ឋពីក្តីទុក្ខលំបាកវេទនាផ្សេងៗ ជាពិសេសបន្តជួយរំដោះប្រជាជនកម្ពុជាពីការគំរាមកំហែងដោយសារសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមតាំងពីឆ្នាំ ១៩៧៩ និងការចាប់ផ្តើមដោះមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ ១៩៩២ រហូតដល់បច្ចុប្បន្ន»។
លោក ហេង រតនា បញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីបានជួយគាំទ្រគម្រោងដោះមីនអង្គភាពស៊ីម៉ាក់យ៉ាងពេញទំហឹងដោយបានស្នើសុំប្រទេសជាមិត្តជិតឆ្ងាយរួមមាន ជប៉ុន ចិន កូរ៉េខាងត្បូង អាមេរិក បណ្តាប្រទេសអឺរ៉ុបជួយឱ្យអង្គភាពស៊ីម៉ាក់មានប្រភពធនធានគាំទ្រប្រតិបត្តិការអស់រយៈពេល ៣០ ឆ្នាំហើយ គិតត្រឹមឆ្នាំ ២០២២។
គិតមកដល់ពេលនេះអង្គភាពស៊ីម៉ាក់បានរំដោះផ្ទៃដីចម្ការមីនបានជាង ១ ៥០០ គីឡូម៉ែត្រក្រឡា និងកម្ទេចចោលគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមបានជាង ៣ លានគ្រាប់ ដែលជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋបានច្រើនឥតគណនា និងចូលរួមប្រែក្លាយដីសមរភូមិ ដីមរណ:ទៅជាដីសុខសុវត្ថិភាព និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។
នៅថ្ងៃទី ៤ ខែកក្កដានោះដែរ កងកម្លាំងស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យ នឹងដាក់ពង្រាយកម្លាំងទៅភូមិសាស្ត្រនៅឃុំប៉ោយចារ និងតំបន់ត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយអាចប្រើរយ:ពេលតែ ១ ខែប៉ុណ្ណោះក្នុងខែកក្កដា ដើម្បីរំដោះស្រុកភ្នំស្រុកទាំងមូលពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។
ស្រុកភ្នំស្រុកមានផ្ទៃដីមានគ្រាប់មីន ដែលមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យមានចម្ការមីនចំនួន ៨ និងមានផ្ទៃដីសរុបជាង ២៥ ហិកតា៕