ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) បាន​ចុះហត្ថលេខា​រួមគ្នា ជាមួយ​ស្ថាប័ន​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​សម្រាប់​កម្ពុជា​ឆ្នាំ​ ២០២៤-២០២៨ លើ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​គោលដៅ​អាទិភាព​ជាតិ និង​ការអភិវឌ្ឍ​។​

​ពិធី​ចុះហត្ថលេខា​នេះ បានធ្វើ​ឡើង​រវាង​លោក ឈៀង យ៉ាណា​រ៉ា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) និង លោក ចូ សូ​ស័​រ ប្រធាន​សម្របសម្រួល​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ ២០២៣​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​រួម​បាន​បញ្ជាក់ថា ក្របខ័ណ្ឌ​សហប្រតិបត្តិការ​នេះ គឺជា​ឯកសារ​យុទ្ធសាស្ត្រ​ដែល​នឹង​ផ្ត​ល់ម​គ្គុ​ទេស​ដល់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អនុវត្ត​គោលដៅ​អាទិភាព​ជាតិ ដែល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​, ការគាំទ្រ​ដល់​ការត្រៀម​ចាក​ចេញពី​ក្រុម​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច និង ការឈាន​ទៅបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។

CDC បន្តថា​៖«​ក្របខ័ណ្ឌ​សហប្រតិបត្តិការ ត្រូវបាន​រៀបចំឡើង​ដោយមាន​ការពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​រវាង​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល បណ្ដា​ភ្នាក់ងារ​នៃ​អង្គការសហប្រជាជាតិ​, ដៃគូ​អភិវឌ្ឍន៍​, អង្គការ​សង្គម​ស៊ីវិល​, វិស័យ​ឯកជន និង​តំណាង​ក្រុមយុវជន​។ ក្របខ័ណ្ឌ​សហប្រតិបត្តិការ​នេះ ត្រូវ​បានអនុម័ត​ជាគោលការណ៍ បន្ទាប់ពី​បាន​ពិនិត្យ និង​ពិគ្រោះ​យោបល់​លើកចុងក្រោយ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៣»​។​

​បើតាម CDC គណៈកម្មាធិការ​ដឹកនាំ​ការងារ​មួយ ដែលមាន​អនុប្រធាន​ទី ២ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង ប្រធាន​សម្របសម្រួល​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ជា​សហប្រធាន នឹងត្រូវ​បង្កើតឡើង ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​នេះ​, ផ្ដល់​ទិសដៅ​ជា​យុទ្ធសាស្ត្រ និង​ផ្ដល់​កិច្ចសម្របសម្រួល​រវាង​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

​លោក ឈៀង យ៉ាណា​រ៉ា ទេសរដ្ឋមន្ត្រី​ទទួល បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (​ក​.​អ​.​ក​) បាន​ថ្លែងថា ពិធី​ចុះហត្ថលេខា​នេះ​ជាការ​សម្រេចបាន​នូវ​សមិទ្ធផល​រួមគ្នា​មួយ ខណៈ​ប្រសិទ្ធភាព នៃ​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​នេះ​អាស្រ័យទៅលើ​ការអនុវត្ត ដែល​ចាំបាច់​ឱ្យមាន​ការចូលរួម​យ៉ាង​សកម្ម និង​ភាពជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល និង​ភាពជា​ដៃគូ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​, អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ហើយ​ការអនុវត្ត​នឹង​ត្រូវបាន​វាយតម្លៃ​តាមរយៈ​ក្របខ័ណ្ឌ​តាមដាន និង​វាយតម្លៃ​មួយ​។

​លោក​បញ្ជាក់ថា​៖«​តាមរយៈ​ការ​ផ្តោតលើ​កិច្ចការ​ទាំងនេះ និង​ការពង្រឹង​កិច្ចសហការ​រវាង​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ លទ្ធផល ប្រកបដោយ​ផ្លែផ្កា​នឹង​អាច​សម្រេចបាន​ដែល​ឆ្ពោះទៅ​សម្រេចបាន​ចុ​ក្ខ​វិស័យ​រួមគ្នា និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ យើង​សូម​កោតសរសើរ​ពី​កិច្ចប្រឹងប្រែង​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាទី​មោទនៈ​កន្លងមក​និង​ការប្ដេជ្ញា​បន្ត​គាំទ្រ និង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេលអនាគត​»​។​

​ជាមួយគ្នានេះ លោក ចូ សូ​ស្ទ័​រ ប្រធាន​សម្របសម្រួល​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ក្របខ័ណ្ឌ​សហប្រតិបត្តិ​ការដែល​ត្រូវបាន​ចុះហត្ថលេខា​ថ្ងៃនេះ ឆ្លុះបញ្ចាំង​ពី​ភាពជា​ដៃគូ​ដ៏​រឹងមាំ និង​មាន​ប្រសិទ្ធភាព រវាង​អង្គការសហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​រួមចំណែក​គាំទ្រ​ដល់​ប្រជាជន​គ្រប់រូប នៅ​ប្រទេស​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​អនាគត​ប្រកបដោយ​វិបុលភាព សមភាព និង​បៃតង និង​សំដៅ​ធានាថា ពុំមាន​នរណាម្នាក់​ត្រូវបាន​ទុកចោល​៕​