​ក្រចេះៈ ក្រុមការងារ​ស្រាវជ្រាវ នៃ​រដ្ឋបាល​ជលផល និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF)​ បាន​ប្រទះឃើញ​កូន​ផ្សោត​ទើបនឹង​កើត​ថ្មី​ចំនួន​ ១​ ក្បាល​ទៀត នៅក្នុង​អន្លង់​កោះ​ផ្តៅ ខេត្តក្រចេះ​ដែល​សរុប​ក្នុង​រយៈពេល​ជិត ៣​ ខែ​នេះ មានកូន​ផ្សោត​កើត​ថ្មី​ចំនួន ៦​ ក្បាល តែ​បាន​ងាប់​ទៅវិញ​ចំនួន​ ២ ​ក្បាល​។

​កូន​ផ្សោត​ទើបនឹង​កើត​ថ្មី ១​ ក្បាល​នេះ​ត្រូវបាន​ប្រទះឃើញ​ដោយ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ ​WWF កាលពី​ថ្ងៃទី ​២៥ ​មីនា នៅ​អន្លង់​កោះ​ផ្ដៅ ស្ថិតក្នុង​ភូមិ​កោះ​ផ្តៅ ឃុំ​កំពង់ចាម ស្រុក​សំបូរ​។​

​កូន​ផ្សោត​កើត​ថ្មី​នេះ​ស្ថិតនៅក្នុង​ក្រុម​សត្វ​ផ្សោត​ធំៗ​ចំនួន ២ ​ក្បាល​ផ្សេងទៀត ហើយ​វា​គឺជា​កូន​ផ្សោ​តទី ​៦ ដែល​បានកើត​នៅ​ដើមឆ្នាំ​ ២០២៤ ​នេះ​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម កាលពី​យប់​ថ្ងៃទី​ ២៥ ខែមីនា​។​

​លោក ​អ៊ុក វិបុល ​ប្រធាន​នាយក​​ដ្ឋា​ន​អភិរក្ស​ជលផល នៃ​ក្រសួងកសិកម្ម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦​ មីនា​ថា គិត​មកដល់ពេលនេះ​មាន​រយៈពេល​ជិត ​៣ ​ខែ​ដែល​កម្ពុជា​ទទួលបាន​កូន​ផ្សោត​កើត​ថ្មី​ចំនួន ៦​ ក្បាល ក្នុងនោះ​ងាប់​ទៅវិញ​ចំនួន​ ២​ ក្បាល​។ ដូច្នេះ​បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ​២០២៣ មានកូន​ផ្សោត​កើត​ថ្មី​តែ ១ ​ក្បាល​ទេ ក្នុងនោះ​ក៏បាន​ងាប់​ទៅវិញ​ផងដែរ​។ 

​លោក​ថ្លែងថា​៖ «​ឆ្នាំនេះ​ពិតជា​ពិសេស​មែន​ទែន ដែល​យើង​បានទទួល​កូន​ផ្សោត​កើត​ថ្មី​ដល់​តែ ៦ ​ក្បាល ហើយ​បាន​ស្លាប់​ទៅវិញ​តែ ២ ​ក្បាល​ប៉ុណ្ណោះ​។ ដូច្នេះ​វា​ជា​សមិទ្ធផល​មួយ​ដ៏​ល្អ​នាពេល​អនាគត ដែល​វត្តមាន​ផ្សោត នឹងមាន​ចំនួន​កើន​ឡើងជា​បន្ត​បន្ទាប់ពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​»​។

លោក អ៊ុក វិបុល ឱ្យដឹងទៀតថា ទោះបីជា​ទទួលបាន​លទ្ធ​ផល​ល្អ​ក្ដី ប៉ុន្តែ​កូន​ផ្សោត​ដែល​ត្រូវបាន​ងាប់​នោះ សុទ្ធតែ​ទទួលរង​កត្តា​គំរាមកំហែង​ពី​ឧបករណ៍​នេសាទ​មិន​ស្របច្បាប់ និង​ការយាយី​ពី​ក្រុម​ផ្សោត​ឈ្មោល​ធំៗ​ដើម្បី​ដណ្ដើមយក​មេ​ផ្សោត​។​

​លោក​ប្រាប់ថា​៖ «​ចំពោះ​ការគំរាមកំហែង​នេះ យើង​មិនបាន​ព្រងើយកន្ដើយ​នោះទេ ដោយ​យើង​បានដាក់​ក្រុមការងារ​ជួយសង្គ្រោះ ដើម្បី​បំបែក​ចេញពី​ក្រុម​ផ្សោត​ឈ្មោល​កុំឱ្យ​ធ្វើបាប​ផ្សោត​ញី ព្រមទាំង​កូន​ផ្សោត​ទើបនឹង​កើត​ទាំងនោះ​។ យើង​ក៏បាន​ផ្ដាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នកនេសាទ ត្រូវធ្វើ​យ៉ាងណា​ចៀស​ឆ្ងាយ​ពី​អន្លង់​ផ្សោត​រស់នៅ ព្រោះ​ផ្សោត​ងាយ​នឹង​ជាប់​មង​និង​ឧបករណ៍​នេសាទ​មិន​ស្របច្បាប់​ផ្សេងទៀត​»​។​

​ទន្ទឹមនឹង​នេះដែរ លោក ​អ៊ុក​ វិបុល ​ក៏បាន​ណែ​នាំឱ្យ​ប្រជាពលរដ្ឋ ហាម​ដាក់មង​នេសាទ​ដែលមាន​ក្រឡា​ធំ​ជាង ៤​ សង់ទីម៉ែត្រ និង​ត្រូវ​ចៀសវាង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ណា​ផ្សេងទៀត​ដែល​បង្ក​ហានិភ័យ​ដល់​សត្វ​ផ្សោត ជាពិសេស​ត្រូវ​ចូលរួម​រាយ​ការ​​ណ៍​មក​ខាង​ជលផល ប្រសិនជា​បានឃើញ​វត្ត​មានកូន​ផ្សោត​ទើបនឹង​កើត ក៏ដូចជា​បានឃើញ​ការបំពាន​របស់​ផ្សោត​ឈ្មោល​ព្រួត​គ្នា​ធ្វើបាប​កូន​ផ្សោត​។

​ដោយឡែក លោក សេង ទៀក នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF ក៏បាន​បញ្ជាក់ដែរថា ក្នុងនាម​ជា​អ្នក​អភិរក្ស និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​រាជ​​រដ្ឋាភិបាល កំណត់ត្រា​កូន​ផ្សោត​កើត​ថ្មី​នេះ​គឺជា​ព័ត៌មាន​ល្អ លើកទឹកចិត្ត និង​ផ្តល់នូវ​ក្តីសង្ឃឹម ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ កាន់តែ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត ទៅលើ​ការងារ​ចុះ​ល្បាត​និង​បង្ក្រាប​ទៅលើ​បទល្មើស​នេសាទ ដោយ​ការប្រើប្រាស់​ឧបករណ៍​ឆក់ និង​មង​នេសាទ​ជាដើម​។​

​លោក​ថ្លែង​ទៀតថា​៖ «​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​បញ្ហា​ប្រឈម​ទាំងនោះ​ឱ្យដល់​ចំណុចសូន្យ​តែម្ដង ដែល​មានន័យថា មិន​ឱ្យមាន​បទល្មើស​នេសាទ​ដែល​ប្រើ​​ប្រាស់​ឧបករណ៍​ខុសច្បាប់​នៅ​តំបន់​ផ្សោត​រស់នៅ​ឡើយ​»​។​

​សូមបញ្ជាក់ថា សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ចាត់ទុកជារ​តន​សម្បត្តិ​ជាតិ​មានជីវិត​នៃ​ប្រទេស​កម្ពុជា ហើយ​សត្វ​ដ៏​មានតម្លៃ​នេះ​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។ បើតាម​ការប៉ាន់ស្មាន សព្វថ្ងៃនេះ​ផ្សោត​ដែល​រស់នៅក្នុង​ខេត្តស្ទឹងត្រែង​និង​ក្រចេះ មាន​ចំនួន​ប្រមាណ​ជា ៩០​ ក្បាល​រាប់ទាំង​ផ្សោត​មេ​ពូជ និង​ផ្សោត​វ័យ​ជំទង់​ផងដែរ​៕