​ស្ត្រី​ និង​ក្មេងស្រី​បាន​ដកចេញ​របាំង​លុបបំបាត់​ការប្រកាន់​ផ្នត់គំនិត ​និង​ជំរុញ​ភាពជឿនលឿន​ទៅរក​ពិភពលោក​មួយ​ដែល​កាន់​តែមាន​យុត្តិធម៌ និង​សមធម៌​។​ នៅ​ទីបំផុត​សិទ្ធិ​របស់​ស្ត្រី​ត្រូវបាន​ទទួលស្គាល់ថា ​ជា​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ជាស​កល​។ ក្មេងស្រី​រាប់រយ​លាន​នាក់​ច្រើនជាង​មុន​កំពុង​រៀន​នៅតាម​ថ្នាក់រៀន​នានា​នៅ​ទូទាំង​សកលលោក​។​ប៉ុន្តែ​ការ​សម្រេចបាន​សមភាព​ពេញ​លេញ​គឺ​នៅ​សែនឆ្ងាយ​ពី​យើង​។​

​ស្ត្រី​ និង​ក្មេងស្រី​រាប់ពាន់​លាន​នាក់ ត្រូវបាន​គេ​ចាត់ទុកថា​ជាម​នុស្ស​មិនសូវ​សំខាន់​ប្រឈម​នឹង​អំពើ​អយុត្តិធម៌​និង​ការ​រើស​​អើ​ង ខណៈពេលដែល​ភាព​មានអំណាច​គ្របដណ្តប់រ​បស់​បុរស​ដែលមាន​រាប់​សហស្ស​វត្សរ៍​មកហើយ​នៅតែ​បន្ត​សម្រួច​សង្គម​របស់​យើង​។ ការបន្ត​កើតមាន​ករណី​អំពើហិង្សា​ពាក់ព័ន្ធ​នឹង​យេនឌ័រ​នាំមក​នូវ​ក្ដី​អាម៉ាស់​សម្រាប់​មនុស្សជាតិ​។ ​មានការ​ប៉ាន់ប្រមាណ​ថា រៀងរាល់ឆ្នាំ​ក្មេងស្រី​ជាង ​​៤​​ លាន​នាក់ ប្រឈម​នឹង​ការ​កាត់​ប្រដាប់ភេទ​។ ​ការរើសអើង​លើ​ស្ត្រី​និង​ក្មេង​​ស្រី​នៅតែមាន​ភាពស្របច្បាប់​ឥតខ្ចោះ​ក្នុងប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​។​

​នៅតាម​ទីកន្លែង​មួយចំនួន ការរើសអើង​បែបនេះ​ធ្វើឱ្យ​ស្ត្រី​ពិបាក​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទ្រព្យសម្បត្តិ​និង​នៅតាម​ទីកន្លែង​ផ្សេងទៀត ការរើសអើង​បែបនេះ​អនុញ្ញាតឱ្យ​បុរស​រំលោភ​សេពសន្ថវៈ​លើ​ភរិយា​របស់ខ្លួន ហើយ​នៅតែ​ទទួលបាន​និ​ទណ្ឌ​ភាព​។​

​ទន្ទឹមគ្នានេះ​វិបត្តិ​សកល​ក៏បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​មកលើ​ស្ត្រី​និង​ក្មេងស្រី​ផងដែរ​។ ​នៅ​ទីកន្លែង​ដែលមាន​ជម្លោះ​គ្រោះមហន្តរាយ​អាកាសធាតុ​ភាពក្រីក្រ ឬ​ភាពអត់ឃ្លាន​គឺ​​ថា ​ស្ត្រី​ និង​ក្មេងស្រី​ជា​អ្នក​ដែល​ទទួលរង​ការឈឺចាប់​ជាងគេ​។​ នៅ​គ្រប់​តំបន់​ទាំងអស់​ក្នុង​សកលលោក ស្ត្រី​ជួបប្រទះ​នឹង​គ្រោះ​អត់ឃ្លាន​មាន​ចំនួន​ច្រើនជាង​បុរស​។ ​ទាំង​នៅក្នុង​ប្រ​​ទេស​អភិវឌ្ឍន៍ ទាំង​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ប្រតិកម្ម​អ​វិ​ជ្ជ​​មាន​លើ​សិទ្ធិ​របស់​ស្ត្រី​រាប់បញ្ចូល​ទាំង​សិទ្ធិ​ខាង​ផ្លូវភេទ និង​សិទ្ធិ​បន្ដ​ពូជ​របស់​ពួកគេ​ដែល​កំពុង​បានសម្រេច​នូវ​វឌ្ឍនភាព​ខ្លះៗ​ត្រូវ​ជាប់គាំង ​និង​ថែមទាំង​ថមថយ​ទៅវិញ​ទៀតផង​។​

​បច្ចេកវិទ្យា​ថ្មីៗ​ដែលមាន​សក្ដានុពល​ជួយ​លុបបំបាត់​សមភាព ជារឿយៗ​បែរជា​ធ្វើឱ្យ​បញ្ហា​នេះ​រឹតតែ​ធ្ងន់ធ្ងរ​ទៅវិញ​នោះ ​គឺ​ដោយ​សារ​តែ​ការប្រើប្រាស់​បច្ចេក​វិទ្យា​ទាំងនេះ​នៅ​មិនទាន់មាន​សមភាព​ដែល​បង្កប់​នូវ​ការ​រើស​អើ​ង​ ឬ​អំពើហិង្សា​ដែល​បង្ហាញ​ពី​ការ​ស្អប់​ស្ត្រី​ចាប់ពី​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្លែងក្លាយ​ខ្លាំង​រហូតដល់​ការប្រព្រឹត្ត​ការ​បៀត​បៀ​ន​ផ្ដោតលើ​ក្រុម​ស្ត្រី​មួយចំនួន​ជាដើម​។​

​បើ​គិត​តាម​ល្បឿន​របស់​យើង​នាពេល​បច្ចុប្បន្ន​ការសម្រេចបាន​នូវ​សមភាព​តាមផ្លូវ​ច្បាប់​ឱ្យបាន​ពេញលេញ​សម្រាប់​ស្ត្រី​ត្រូវការ​ពេល​ប្រហែលជា​ ៣០០ ​ឆ្នាំ​ទៀត​ដូចគ្នា​នឹង​រយៈពេល​នៃ​ការបញ្ចប់​អាពាហ៍ពិពាហ៍​កុមារ​ផងដែរ​។​ និយាយ​ដោយ​ត្រង់​ការផ្លាស់ប្តូរ​ក្នុង​អត្រា​បែបនេះ​ហាក់បីដូចជា​ការប្រមាថ​មួយ​ដូច្នោះ​ដែរ​។​ មនុស្ស​ពាក់កណ្តាល​មិនអាច​រង់ចាំ​រាប់​សតវត្សរ៍​ ដើម្បី​ទទួលបាន​សិទ្ធិ​របស់​ពួកគេ​ឡើយ​។ យើង​ត្រូវការ​សមភាព​នាពេល​ឥឡូវ​តែម្តង នេះ​មានន័យថា យើង​ចាំបាច់​ត្រូវតែ​បន្ថែម​ល្បឿន​នៃ​វឌ្ឍនភាព​ដែល​យើង​សម្រេចបាន​។ ការធ្វើ​បែបនេះ​បាន​គឺ​អាស្រ័យ​លើ​ម​ហិ​ច្ឆ​តា​នយោបាយ និង​ការវិនិយោគ​ដែលជា​ប្រធានបទ​សម្រាប់​ទិវា​នារី​អន្តរជាតិ​នា​ឆ្នាំនេះ​។​

​យើង​ត្រូវការ​ការវិនិយោគ​ពី​រដ្ឋ​ និង​ពី​ឯកជន ​ក្នុង​កម្មវិធី​នានា​ដើម្បី​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី​ធានា​ការងារ​សមរម្យ​ក៏ដូចជា​ជំរុញ​បរិ​យាប​ន្ន​ និង​ភាពជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឌីជីថល​ការកសាង​សន្តិភាព​សកម្មភាព​អាកាសធាតុ​ និង​តាម​គ្រប់​វិស័យ​ទាំងអស់​នៃ​សេដ្ឋកិច្ច​។ យើង​ក៏​ចាំបាច់​ត្រូវ​ផ្តល់​ការគាំទ្រ​ជាបន្ទាន់​ដល់​អង្គ​​ការ​សិទ្ធិ​ស្ត្រី​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង នឹង​ផ្នត់គំនិត​តស៊ូ​ដើម្បីឱ្យ​សំឡេង​របស់​ស្ត្រី និង​ក្មេង​ស្រី​ត្រូវបាន​គេ​ស្ដាប់ឮ​ក៏ដូចជា​តតាំង​ទៅនឹង​ប្រពៃណី​ និង​បទ​​ដ្ឋា​ន​វប្បធម៌​នានា​។ បច្ចុប្បន្ន​អង្គការ​ទាំងនេះ​បានទទួល​ថវិកា​ស្មើនឹង​ត្រឹមតែ​ ០,១​ ភាគរយ​នៃ​ចំណាយ​លើ​ការអភិវឌ្ឍ​អន្តរ​ជាតិ​តែប៉ុណ្ណោះ​។​ នេះ​គឺជា​អ្វីដែល​ចាំបាច់​ត្រូវតែ​ផ្លាស់ប្តូរ​។​

​ស្ដាប់ទៅ​ការវិនិយោគ​អាច​នៅ​ដ៏​សែនឆ្ងាយ​ពី​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ស្ត្រី​។ ប៉ុន្តែ​គេ​ត្រូវការ​ការវិនិយោគ​ដើម្បី​ផ្តល់នូវ​ឱកាស​ផ្តល់ឱ្យ​សិស្សស្រី​ដូចគ្នា​នឹង​សិស្ស​ប្រុស​ដែរ​។ ​គេ​ត្រូវការ​ការវិនិយោគ​ដើម្បី​ផ្តល់​ការអប់រំ​តាម​ប្រព័ន្ធ​ឌីជីថល​និង​អភិវឌ្ឍ​ជំនាញ​នានា​។​ គេ​ត្រូវការ​ការវិនិយោគ​ ដើម្បី​ផ្តល់​សេវា​ថែទាំ​កុមារ​ដែល​ផ្តល់​លទ្ធភាព​ឱ្យ​អ្នកផ្តល់​ការថែទាំ​ដែល​ភាគច្រើន​ជា​ម្ដាយ​អាច​ទៅធ្វើ​ការទទួលបាន​ប្រាក់កម្រៃ​នៅក្រៅ​ផ្ទះ​ហើយ​គេ​ក៏​ត្រូវការ​ការវិនិយោគ​ដើម្បី​កសាង​សហគមន៍ និង​សង្គម​ដែលមាន​បរិ​យាប​ន្ន​និង​ការចូលរួម​ពេញលេញ​ពី​ស្ត្រី​និង​ក្មេងស្រី​មកពី​គ្រប់​ទិដ្ឋភាព​ទាំងអស់​។​

​ការវិនិយោគ​ដើម្បី​សម្រេចបាន​នូវ​សមភាព​គឺជា​រឿង​ត្រឹម​​ត្រូវ​ដែល​ត្រូវតែ​ធ្វើ ប៉ុន្តែ​វា​ក៏​ផ្តល់​ផលប្រយោជន៍​ហិរញ្ញវត្ថុ​មកវិញ​ផងដែរ​។ ​ការជួយ​ឱ្យ​ស្ត្រី​ចូលទៅក្នុង​ទីផ្សារការងារ​ផ្លូវការ​ធ្វើឱ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​បង្កើន​ចំណូល​ពន្ធ​ និង​ពង្រីក​ឱកាស​សម្រាប់​ទាំងអស់គ្នា​។​

​ការធានា​នូវ​ការវិនិយោគ​ដែល​យើង​ត្រូវការ​សម្រាប់​ស្ត្រី និង​ក្មេងស្រី​ទាមទារ​ឱ្យមាន ​៣ ​ចំណុច​សំខាន់ៗ​។​ ទី​១- ​ការបង្កើន​ហិរញ្ញប្បទាន​រយៈពេល​វែង​ដែលមាន​តម្លៃ​សមរម្យ​សម្រាប់​ការ​​អភិវឌ្ឍ​ដោយ​ចីរភាព​ និង​ការ​​ឆ្លើយតប​ចំពោះ​វិបត្តិ​បំណុល​ដែល​កំពុង​កើតឡើង​ប្រទេស​ជាច្រើន​ដែលមាន​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​។ បើ​មិន​ដូច្នោះ​ទេ​ប្រទេស​ទាំងនោះ​នឹង​ពុំមាន​ធន​ធាន​ថវិកា​សម្រាប់​វិនិយោគ​លើ​ស្ត្រី​និង​ក្មេងស្រី​នោះឡើយ​។​យើង​ត្រូវការ​ការចាត់វិធានកា​រ​ជាបន្ទាន់​ ដើម្បីឱ្យ​ប្រទេស​ទាំងនេះ​អាច​ដកឃ្លា​បាន​ដកដង្ហើម​ខ្លះ​ពី​កាតព្វកិច្ច​សងបំណុល​ដែល​គេ​មិនអាច​ទ្រទ្រង់បាន​និង​លើកទឹកចិត្ត​ឱ្យ​ធនាគារ​អភិវឌ្ឍន៍​ពហុភាគី​កៀរគរ​ធនធាន​ហិរញ្ញ​ប្ប​ទាន​ពី​ប្រភព​ឯកជន​ដែលមាន​តម្លៃ​សមរម្យ​បន្ថែមទៀត​។​ក្នុង​រយៈពេល​វែង​យើង​ត្រូវ​កែទម្រង់​និម្មាបនកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ដើម្បី​កាន់តែ​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍​។​

​ទី​២-​ ប្រទេស​នានា​ត្រូវ​ផ្ដល់​អាទិភាព​ដល់​សមភាពរ​បស់​ស្ត្រី​ និង​ក្មេងស្រី​ជាមួយនឹង​ការ​ទទួលស្គាល់ថា សម​ភាពមិន​ត្រឹមតែ​ជា​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​គ្រឹះ​នៃ​សង្គម​ដែលមាន​សុខសន្តិភាព​និង​វិបុលភាព​។ នេះ​មានន័យថា រដ្ឋាភិបាល​នានា​ត្រូវ​ឆ្លើយ​តប​ឱ្យបាន​សកម្ម​ចំពោះ​ការរើសអើង​ត្រូវ​ចំណាយ​លើ​កម្មវិធី​នានា​ដើម្បី​ផ្ដល់​ការ​ទំនុកបម្រុង​ដល់​ស្ត្រី និង​ក្មេងស្រី ហើយ​ធានាថា​គោលនយោបាយ​ថវិកា​និង​ការវិនិយោគ​នានា​ពិតជា​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ពួកគេ​ប្រាកដ​មែន​។​

​ទី​៣- ​យើង​ចាំបាច់​ត្រូវ​បង្កើន​ចំនួន​ស្ត្រី​ដែល​កាន់​មុខតំណែង​ជា​អ្នកដឹកនាំ​។​ការ​មាន​ស្ត្រី​កាន់​មុខតំណែង​ដែលមាន​អំណាច​អាចជួយ​ជំរុញឱ្យមាន​កា​រវិ​និ​យោគ​លើ​គោលនយោបាយ​និង​កម្មវិធី​នានា​ដែល​អាចឆ្លើយតប​ចំពោះ​ស្ថានភាព​ជាក់ស្ដែង​របស់​ស្រី្ត​និង​ក្មេងស្រី​។ ​ខ្ញុំ​មាន​មោទន​ភាព​ដោយសារ​ថា ចាប់តាំងពី​ពេលដែល​ខ្ញុំ​កាន់តំណែង​នេះ​មក នេះ​ជា​លើក​ទី១ ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​យើង​មាន​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ប្រព័ន្ធ​អង្គ​ការ​សហប្រជាជាតិ​ទាំងមូល​ជា​ស្ត្រី​និង​បុរស​ក្នុង​ចំនួន​ស្មើគ្នា​។​

​សមភាព ​គឺជា​អ្វីដែល​យើង​ជំពាក់​ជា​យូរ​មកហើយ​។​ ការបញ្ចប់​និន្នាការ​បិតា​ធិបតេយ្យ​ត្រូវការ​ដាក់​លុយ​នៅលើ​តុ ព្រោះ​វា​ដល់​ពេលដែល​យើង​ត្រូវ​សង​អ្វីដែល​យើង​ជំពាក់​កន្លងមក​៕

​ថ្ងៃទី ​៨ ខែមីនា ឆ្នាំ ​២០២៤ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​