សីតុណ្ហភាពអតិបរមាអាចនឹងឡើងដល់ ៤២ អង្សាសេ នៅចុងសប្ដាហ៍នេះ ជាពិសេសនៅតំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសកម្ពុជា ដែលជាឥទ្ធិពលនៃបាតុភូតអែលនីណូ (El Niño) ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៥ ខែមេសាថា ទោះបីជាបាតុភូតអែលនីណូកំពុងថយចុះក៏ដោយក៏អាកាសធាតុក្ដៅនៅបន្ត។
លោកថា៖ «តំបន់ខ្លះរហូតដល់ ៤២ អង្សា ជាពិសេសតំបន់ខ្ពង់រាបភាគខាងជើងនិងទំនាប កណ្ដាល។ ជាពិសេសចាប់ពីស្អែកទៅ (២៦ មេសា) ក្ដៅជាងថ្ងៃនេះនៅខាងពាយ័ព្យហើយនិងភាគខាងជើង អាចដល់ ៤១កន្លះ ឬ ៤២។ ប៉ុន្តែជាទូទៅនៅម្ដុំ ៤០អង្សា»។
លោកថា ចាប់ពីសប្ដាហ៍ក្រោយទៅ សីតុណ្ហភាពមាននិន្នាការថយចុះ បន្ទាប់មកនឹងចាប់ផ្ដើមមានភ្លៀងកក់ខែតិចតួច លាយឡំជាមួយផ្គររន្ទះ។
យ៉ាងណាក៏ដោយ បាតុភូតអែលនីណូចាប់ផ្ដើមថយនិងជំនួសដោយបាតុភូតអែនសូ (ENSO) ដែលនៅចន្លោះរវាងអែលនីណូនិងឡានីញ៉ា និងបន្តដល់ចុងខែមិថុនា។ ក្នុងចន្លោះពេលនេះ មានភ្លៀងធ្លាក់តិចតួច។
លោកថា បាតុភូតនេះត្រូវបានប្រកាសឲ្យដឹងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថាប័នឧតុនិយមអន្តរជាតិជាច្រើន។ កាលពីមុនបាតុភូតិអែលនីណូនេះ កើតឡើងមិនសូវញឹកញាប់ទេ គឺអាច ១០ ឆ្នាំកើតឡើងម្ដង ប៉ុន្តែបច្ចុប្បន្ននេះវាកើតឡើងញឹកញាប់ដោយកត្តាជាច្រើនរួមមានទាំងបម្រែប្រួលអាកាសធាតុ៕