អ្នកវិភាគ​និយាយ​ថា ទស្សនកិច្ច​ក្រៅ​ផ្លូវការ​របស់​ព្រះចៅ​ ស៊ុលតង់​ ហាជី ហាសិនណល់ ប៊ូលហ្កះ​ នៃ​ប្រទេស​ព្រុយណេ​នៅ​កម្ពុជា គឺ​ជា​ទស្សនកិច្ច​បែប​បុគ្គល​សុទ្ធសាធ និង​មិន​មាន​លើក​ឡើង​អំពី​គម្រោង​​ព្រែកជីក​ហ្វូណន​តេជោ​ដែល​ជា​ប្រធានបទ​ក្ដៅ​នោះ​ទេ។

ព្រះចៅ​ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ អម​ដំណើរ​ដោយ​ព្រះអង្គ​ម្ចាស់ អាប់ឌុល ម៉ាទីន បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​ទី២៩ ខែ​មេសា បន្ទាប់​ពី​លោក​បាន​បំពេញ​ទស្សនកិច្ច​ក្រៅ​ផ្លូវការ​ទៅ​កាន់​ប្រទេស​ថៃ ដើម្បី​​ជួប​ជាមួយ​លោក តាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋ​មន្ត្រី​ថៃ។

នៅ​ពេល​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​ផ្ទាល់​ពី​សំណាក់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា អម​ដំណើរ​ដោយ​កូន​ប្រុសពីរ​ក្នុង​ចំណោម​៣​នាក់ គឺ​លោក ហ៊ុន ម៉ានិត និង​ លោក ហ៊ុន ម៉ានី។

បន្ទាប់​ពី​ពិធី​អាហារ​ពេល​ព្រឹក​រួមគ្នា​ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ផង​នោះ ព្រះចៅ​ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ បាន​ហោះចេញ​ពី​កម្ពុជា​ដោយ​​លោក ហ៊ុន សែន បាន​ជូន​ដំណើរ​ព្រះអង្គ​ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ។

ការ​ទៅ​ទទួល​ និង​ជូន​ដំណើរ​ផ្ទាល់​នៅ​ព្រលាន​យន្ត​ហោះ​នេះ មិនខុស​ពី​អ្វី​ដែល​លោក ហ៊ុន​ សែន ធ្លាប់​ទទួល​បាន​ពី​សំណាក់​ព្រចៅ​ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ នោះ​ទេ។ កាល​ពី​ឆ្នាំ​២០១១ លោក​ក៏ធ្លាប់​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​បែប​នេះ​ដោយ​ព្រះចៅ​ស៊ុន ផងដែរ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ហ៊ុន សែន នៅលើ​ហ្វេសប៊ុក។

លោក ហ៊ុន សែន ចាត់ទុក​ព្រះចៅ​ស៊ុតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ដែល​បច្ចុប្បន្ន​មាន​ព្រះជន្ម ៧៥ឆ្នាំ ជា​បងទី១ បន្ទាប់​មក​លោក តាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ថៃ​ ដែល​មាន​អាយុ ៧៤ ឆ្នាំ​ជា​បងទី២ ហើយ​រូបលោក​អាយុ ៧២ ឆ្នាំជា​ប្អូន​ពៅ។

លោក​ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សារធារណៈ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ការ​យាង​មក​បំពេញ​ទស្សនកិច្ច​របស់​​ព្រះចៅ​ស៊ុលតង់​ នៃ​ប្រទេស​ព្រុយណេ​​ នៅ​ពេល​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​ប្រកប​ដោយ​ភក្តីភាព និង​ភាព​ជិត​ដិត​ជា​បង​ប្អូន។ ទស្សនកិច្ច​នេះ​ក៏​ជា​ការ​ផ្តល់​ឱកាស​ដល់​រូបលោក​ដែល​ជា​កូនៗ ដើម្បី​បន្ត​ទំនាក់​ទំនង​ រឹត​ចំណង​មិត្តភាព​ជា​បង​ជា​ប្អូន​នេះ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយជំនាន់​ឲ្យ​កាន់​តែ​រឹង​មាំ។

លោក​សរសេរ​ថា៖ «ចំណង​មិត្ត​ភាព​ដ៏​ស្អិត​រមួត​នេះ ​មិន​ត្រឹម​តែ​បាន​ស​បញ្ជាក់​ពី​​ភាតុភាព​រវាង​បុគ្គល និងបុគ្គល ដែល​ជា​ថ្នាក់​ដឹកនាំ​ប្រទេស​ជាតិ​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បង្ហាញ​ពី​អនាគត​នៃ​ភាព​សុខដុម ភាព​សុខ​សាន្ត រុង​រឿង នៃ​ប្រជាជាតិ​ទាំង​ពីរ​ផង​ដែរ»។

ដំណើរ​ទស្សនកិច្ច​ក្រៅ​ផ្លូវការ​នេះ​មាន​ឡើង​ស្រប​ពេល​ដែល​មាន​ការ​បកស្រាយ​ពី​សំណាក់​កម្ពុជា​ទៅ​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​ជា​គម្រោង​មួយ​វៀតណាម​បង្ហាញ​ក្ដី​បារម្ភ​ដែល​ថា​វា​នឹង​ធ្វើ​ឲ្យ​បាត់​ទឹក​ទន្លេ​មេគង្គ​ដែល​ហូរ​ចូល​តំបន់​ដីសណ្ដ​នៅ​ប្រទេស​វៀតណាម។

លោក ហ៊ុន​ សែន និងកូនប្រុសទាំងបី ទទួលទាន​អាហារជាមួយ ព្រះចៅ​ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ​​ និង​កូន​ប្រុស​របស់​លោក។ SHS

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី២៨ ខែមេសា​ថា គម្រោង​នេះ​ត្រូវ​ការ​ទឹក​ទន្លេមេគង្គ​ប្រមាណ​តែ ០,០៦ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ទឹក​ដែល​ហូរ​ទៅ​កាន់​សមុទ្រ​ឆ្លង​កាត់​ប្រទេស​វៀតណាម។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើក​ឡើង​ថា លោក​ ហ៊ុន សែន ទំនង​ជា​មិន​លើក​ឡើង​អំពី​ប្រធាន​បទ​​ព្រែកជីក​នេះ​ជាមួយ​ព្រះចៅ​ស៊ុលតង់​នៃ​ប្រទេស​ព្រុយណេ​ទេ ហើយ​ទស្សនកិច្ច​​កម្រិត​បុគ្គល​នេះ​គ្រាន់តែ​ធ្វើ​​ឡើង​ចំពេល​មាន​ការ​ដេញដោល​រឿង​ព្រែកជីក​នេះ​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖ «ខ្ញុំ​ជឿ​ថា សម្ដេចតេជោ លោក​មិន​លើក​ឡើង​ពី​បញ្ហា​ព្រែក​ជីក​នេះ​ទេ ដោយសារ​ព្រុយណេ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​តំបន់​មេគង្គ ហើយ​ព្រែកជីក​នេះ​ក៏​មិន​មាន​ឥទ្ធិពលអ្វី​លើ​ព្រុយណេ​ដែរ។ លោក​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ដើម្បី​សុំ​ការគាំទ្រ​ផ្នែក​ស្មារតី​ពី​ប្រធាន​រដ្ឋឡាវ ដោយសារ​តែឡាវ​ជា​ប្រទេស​ជិតខាង»។

ទោះបី​ជា​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋឡាវ ថងលុន ស៊ីសុលីត​​ កាល​ពី​សប្ដាហ៍​មុន និង​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង​ យី កាល​ពី​​ពេល​ថ្មីៗ ដែល​សុទ្ធតែ​ជាប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ​ ក្នុង​ពេល​មាន​ការ​ដេញដោល​ពី​គម្រោង​ព្រែក​ជីក​នេះ​ក៏ដោយ​ ក៏​លោក​ គិន ភា យល់​ថា វាគ្រាន់តែ​ជារឿង​ចៃដន្យ​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖ «ការគាំទ្រ​ផ្នែក​ស្មារតី​របស់​ឡាវ​គឺ​ដូច​ទៅ​នឹង​ការ​គាំទ្រ​របស់​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ក្នុង​ស្រុក​នានា​របស់​ឡាវ​ ដូចជា​ទំនប់​វារី​អគ្គិសនី​ជា​ដើម។ វា​ជា​ស្មារតី​ក្នុង​នាម​ជា​អ្នក​ជិតខាង​ល្អ»។

លោក​បន្ត​ថា កម្ពុជា​នឹង​ព្រុយណេ​ មាន​ទំនាក់​ទំនង​ល្អ​និង​តែង​តែ​គាំទ្រ​គ្នា​ទៅវិញ​ទៅ​មក។ លើសពី​នេះ លោក​ ហ៊ុន សែន គឺជា​មេដឹកនាំយូរ​ជាងគេ​នៅ​អាស៊ាន ហើយ​ព្រះចៅ​ស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ​ ក៏ជា​ព្រះមហាក្សត្រ​ដែល​សោយរាជ្យយូរជាង​គេ​នៅ​អាស៊ាន​ផងដែរ។ នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​លោក​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​គ្នា​តាម​រយៈ​ការ​បំពេញ​ការងារ​របស់​លោក។

លោក​បន្ត​ថា ទស្សនកិច្ច​នេះ​ក៏​បង្ហាញ​ពី​ការ​រីក​ឥទ្ធិពល​របស់​កម្ពុជា​ផងដែរ ទោះជា​លក្ខណៈ​បុគ្គល​ក្ដី ព្រោះថា ប្រសិន​បើ​ប្រទេស​មួយ​មិន​សំខាន់ ថ្នាក់​ដឹកនាំ​បរទេស​នឹង​មិន​មក​ធ្វើ​ទស្សនកិច្ច​ទេ។ នេះ​ជា​ការ​បញ្ជាក់​លោក គិន ភា៕