ខណៈ​ចំនួន​រោងចក្រ​សហគ្រាស និង​កម្មករ​និយោជិត​មាន​ការ​កើន​ឡើង​ រដ្ឋាភិបាល​និង​ប្រធាន​សហជីព​មើល​ឃើញ​ពី​សារៈ​សំខាន់​កាន់តែ​ខ្លាំង​នៃ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ និង​គម្រោង​វិនិយោគ​ពង្រីក​ចំនួន​ ១០៦​គម្រោង​ ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន ២,២​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ត្រីមាស​ទី១​ ឆ្នាំ​២០២៤។ គម្រោង​ទាំង​នេះ​អាច​បង្កើត​ការងារ​ថ្មី​ចំនួន​ជា ​១០,៧​ម៉ឺន​កន្លែង។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​សារ​ដើម្បី​អបអរ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា។

លោក​ថា ចំនួន​សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​កើន​ឡើង​ពី ៤០ ៩៧៥ ដល់​ ៤៣ ៨៤៩​សហគ្រាស គឺ​កើន​ឡើង​ចំនួន ២ ៨៧៤​សហគ្រាស។ ក្នុងនោះ​ កម្មករ​និយោជិត​បាន​កើន​ពី​ ១ ៧១៥ ០២៩នាក់ ដល់​ចំនួន ១ ៧៩៣ ៤៦៧នាក់ ឬ​មាន​កំណើន​ ៧៨ ៤៣៨ នាក់។

គិត​ត្រឹម​ដំណាច់​ខែមីនា ឆ្នាំ២០២៤ ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ចុះ​បញ្ជីកា​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន​ ៦ ៣១៧ រួមាន​សហភាព​សហជីព​ចំនួន​ ៤២ សហព័ន្ធ​សហជីព​ចំនួន ២៨០ សហជីព​មូលដ្ឋាន​ចំនួន ៥ ៩៨៣ និង​សមាគម​និយោជក​ចំនួន ១២។

កាលពី​ថ្ងៃទី២៨ ខែ​មេសា លោក​បាន​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ដោយ​បាន​លើក​ឡើង​ថា ទោះបីជា​មាន​រៀងចក្រ​ខ្លះ​បាន​បិទទ្វារ​ក៏ដោយ ក៏​មាន​រោងចក្រ​ផ្សេង​ឬ​រោងចក្រ​បើក​ថ្មី​ដែល​មាន​តម្រូវការ​កម្មករ​កម្មការិនី​ចូល​ធ្វើ​ការ ដែល​នេះ​ខុស​ពី​ការ​លើក​ឡើង​របស់​អ្នក​រិះគន់​មួយចំ​នួន​ដែល​យល់​ថា កម្មករ​ជាច្រើន​អត់​មាន​ការងារ​ធ្វើ។

លោក​ ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​លើក​ឡើង​ក្នុង​ឱកាស​នោះ​ថា ក្នុង​ត្រីមាស​ទី១​ឆ្នាំ​២០២៤​នេះ ក្រសួង​បាន​ដោះស្រាយ​វិវាទ​ការងារ​បាន​ប្រមាណ​ ៨៤​ភាគរយ ធៀប​នឹង​ឆ្នាំ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​តែ​ ​៧៦​ភាគរយ។

លោក​ថា​ ក្រសួង​បាន​បន្ត​គាំទ្រ​ដល់​ដំណើរ​ការ​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ដូចជា​ផ្ដល់​ថវិកា​គាំទ្រ និង​ការិយាល័យ​ធ្វើការ​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល និង​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល។ 

លោក​ថា ក្រសួង​ក៏​កំពុង​ពិភាក្សា​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ​ដើម្បី​ធ្វើ​ស្ថាបនីយកម្ម​នៃ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល ដែលជា​យន្តការ​ត្រីភាគី​ឲ្យ​កាន់​តែ​រឹងមាំ និង​មាន​និរន្តរភាព​ស្រប​ទៅ​នឹង​ការ​វិវត្ត​នៃ​តម្រូវការ​នៃ​វិស័យការងារ​នៅ​ក្នុង​ប្រទេស។

លោក​ ហ៊ុន ម៉ាណែត ​បាន​ថ្លែង​ក្នុង​សារ​អបអរ​ទិវា​ពលកម្ម​ពិភពលោក​ថា​ ការ​ផ្សះ​ផ្សា​វិវាទ​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​ដោះស្រាយ​និង​ប្រព្រឹត្ត​ទៅ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ ដោយសារ​ភាព​ចាស់​ទុំ​នៃ​តួអង្គ​ពាក់​ព័ន្ធ និង​ការ​ពង្រឹង​យន្ត​ការ​ផ្សះ​ផ្សា​វិវាទ​ការងារ។

លោក​ថ្លែង​ថា៖ «រាជ​រដ្ឋាភិបាល​នឹង​បន្ត​គាំទ្រ​ដល់​ដំណើរ​ការ​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​​ដែល​ជាយន្តការ​ត្រី​ភាគី និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំ​ទូលាយ​ពី​ ភាគី​ពាក់​ព័ន្ធ​កន្លង​មក ដើម្បី​ឲ្យ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ក្លាយ​ទៅ​ជាស្ថាប័ន​មួយ​រឹង​មាំ ​និង​មាន​ប្រភព​មូលនិធិ​មួយ​ពិត​ប្រាកដ ​តម្លាភាព​ និង​អាច​ដំណើរ​ការ​សកម្មភាព​ផ្សះ​ផ្សា​ និង​ដោះ​ស្រាយ​វិវាទ​ការងារ​ប្រកប​ដោយ​ក្រម​ សីលធម៌​វិជ្ជាជីវៈ​កាន់​តែ​ខ្ពស់​នៅ​កម្ពុជា»។ 

ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បានទេ​នៅ​ថ្ងៃ​ទី៣០​ខែមេសា​នេះ ពាក់​ព័ន្ធ​នឹង​សមិទ្ធិផល​ដែល​ក្រុម​ប្រឹក្សា​បាន​ដោះស្រាយ និង​បញ្ហា​ប្រឈម​ដែល​ក្រុមប្រឹក្សា​​កំពុង​ជួបប្រទះ។

កម្មវិធី​បណ្តុះ​បណ្តាល​ស្តីអំពី​ការ​បង្ការ​និង​ដោះស្រាយ​វិវាទការងារ​នៅ​កន្លែង​ធ្វើ​ការ រៀប​ចំ​ដោយ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល កាល​ពី​សប្តាហ៍​មុន។

គេហទំព័រ​របស់​ក្រុមប្រឹក្សា​បាន​បង្ហាញ​ពី​កាលបរិច្ឆេទ​ដ៏មមា​ញឹក​របស់​ក្រុម​ប្រឹក្សា​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នានា​នៅ​តាម​រោងចក្រ​សហគ្រាស។ 

ក្រៅ​ពី​នេះ​ក៏​មាន​ការ​បណ្ដុះ​បណ្ដាល​ជា​ញឹកញាប់​ផងដែរ​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​តាម​ខេត្ត​នានា​សម្រាប់​ភាគី​កម្មករ​និយោជិត និង​និយោជក ដោយ​ផ្ដោត​ទៅ​លើ​កិច្ច​សហការ​រវាង​ភាគី​ទាំងពីរ និង​ការ​អនុវត្ត​នីតិវិធី​ដោះស្រាយ​បណ្ដឹង​ទាមទារ​នៅ​កន្លែង​ធ្វើការ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ថ្លែង​ថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​កន្លង​មក​បាន​កាត់​សេចក្ដី​វិវាទ​ការងារ​ទាំងឡាយ​ដែល​មិន​អាច​ដោះស្រាយ​បាន​នៅ​កម្រិត​ក្រសួងការងារ។ 

លោក​ថា៖ «ក្រុមប្រឹក្សា​នេះ​កន្លង​មក​មាន​សារៈ​សំខាន់​ណាស់​ដោយ​បាន​ទាញ​ហេតុផល​ផ្លូវច្បាប់​ និង​មាន​ភស្តុតាង​ច្រើន​ដែល​អាច​ទុកចិត្ត​បាន»។

ប៉ុន្តែ​លោក​ថា ក្រុមប្រឹក្សា​នេះ​ហាក់​មាន​ភាព​លម្អៀង​ខ្លះ​ដែរ បើទោះបី​ជា​លោក​មើល​ឃើញ​ជា​រួម​ថា ​ក្រុមប្រឹក្សា​នេះ​មាន​សារៈ​សំខាន់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ ILO និង​អ្នក​បញ្ជា​ទិញ។

លោក​បន្ត​ថា កន្លង​មក​ថ្មីៗនេះ​រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​ក្រុមប្រឹក្សា​នេះ​អាច​កាត់​សេចក្ដី​លើ​រឿង​បុគ្គល​ទៀត ដែល​ធ្វើ​ក្រុមប្រឹក្សា​នេះ​មាន​ការងារ​កាន់តែ​ច្រើន។ យ៉ាងណា​ក៏ដោយ​ លោក​ចង់​ឃើញ​ក្រុមប្រឹក្សា​នេះ​បន្ត​មាន​ឯករាជ្យភាព​របស់​ខ្លួន​ដើម្បី​ធ្វើការងារ​ដ៏សំខាន់​សម្រាប់​វិស័យ​នេះ។

ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ​នៅ​តាម​រោងចក្រ​សហគ្រាស​ក៏ជា​រួមចំណែក​ដល់​ការ​កាត់​បន្ថយ​វិវាទ​ការងារ​ផងដែរ។​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងការងារ​​បាន​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​ពាន​ប្រចាំ​ឆ្នាំ ឈ្មោះ​ថា « សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ» ដែល​មាន​លក្ខខណ្ឌ​ដែល​ត្រូវ​បំពេញ​ជាច្រើន​ចំណុច។ ពានរង្វាន់​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​រៀងរាល់​ថ្ងៃ​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ ១ ឧសភា។

លោក​ ហ៊ុន ម៉ណែត ថ្លែង​នៅ​ក្នុង​សារ​របស់​លោក​ថា៖ «រាជ​រដ្ឋាភិបាល​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា ការ​កំណត់​យក​ប្រធាន​បទ ក៏​ដូចជា​ការ​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​យក​ពាន​«សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ» នឹង​ជំរុញ​ឲ្យ​មាន​ចីរភាព​នៃ​វប្បធម៌​អនុលោមភាព​ វប្បធម៌​នៃ​កិច្ច​សន្ទនា​សង្គម ការ​យោគយល់​អធ្យាស្រ័យ​គ្នា​នៅ​កន្លែង​ការងារ​ និង​យន្តការ​ដោះស្រាយ​វិវាទ​ការងារ​ នៅ​កម្រិត​សហគ្រាស​ គ្រឹះស្ថាន ​នៅ​កម្រិត​ក្រសួង​ និង​នៅ​កម្រិត​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល»។ 

ក្រៅ​ពី​ការប្ដេជ្ញា​​ធ្វើ​ឲ្យ​ប្រសើរឡើង​ដល់​លក្ខខណ្ឌ​ការងារ លោក​ ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​និង​ក្រសួង​ការងារ​កំពុង​ផ្លាស់​ប្តូរ​ជា​បណ្តើរៗ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូនកម្មករ​និយោជិត ដែល​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​មាន​ផាសុកភាព​ជាង​មុន​ត្រឹម​ឆ្នាំ​២០២៧។

បើតាម​លោក ហេង សួរ កម្ពុជា​គឺ​ប្រទេស​មួយ​មាន​ប្រាក់​ចំណូល​អប្បបរមា​ក្នុង​វ័សយ​កាត់​ដេរ​ខ្ពស់​ជាងប្រទេស​មួយចំនួន ដូចជា ​ស្រីលង្កា បង់ក្លាដែស មីយ៉ាន់ម៉ា ឡាវ ប៉ាគីស្ថាន ឥណ្ឌា និង​ផ្នែក​ភាគច្រើន​នៃ​ប្រទេស​វៀតណាម។

ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​កម្មការិនី មាន​ចំនួន​ ២០៤ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ក្នុង​ឆ្នាំ​២០២៤​នះ ប៉ុន្តែ​បើ​បូក​រួម​ទាំង​ប្រាក់​រង្វាន់​អតីត​ភាព​ការងារ​ និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ កម្មករ​និយោជិត​ម្នាក់ៗ​ទទួល​បាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ចាប់​ពី​ ២២១​ ទៅ ​២៣២​ដុល្លារអាមេរិក​ក្នុង​មួយ​ខែ៕