ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ថា ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​​នៅ​ទី​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៣ កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ក​ឡើង​ដោយ​បញ្ហា​បច្ចេកទេស​និង​អាកាសធាតុ​ក្ដៅ មិន​ពាក់​ព័ន្ធ​និង​ការ​បះបោរ ឬ​អំពើ​ភេរវកម្ម​ដូច​ការ​លើក​ឡើង​មួយ​ចំនួន​នោះ​ទេ។

ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា ដែល​បាន​សម្លាប់​យោធា​ ២០​នាក់​ និង​របួស​ជាច្រើន​អ្នក​ទៀត​នោះ ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​មាន​និន្នាការ​ប្រឆាំង​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​​​លើក​ឡើង​ផ្សេងៗ រួម​មាន​ទាំង​លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង និង​អ្នក​មាន​និន្នាការ​ប្រឆាំង​មួយ​ចំនួន​ទៀត។

លោក សម រង្ស៊ី ចោទប្រកាន់​នៅ​លើ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៨​ មេសា ឧបទ្ទហេតុ​នេះ«ចលនា​ប្រដាប់​អាវុធ​ប្រឆាំង​ត្រកូល ហ៊ុន» ដែល​ធ្វើ​ឡើង​ពី​ចលនា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង​កម្លាំង​ប្រដាប់​អាវុធ។ ការ​ចោទ​ប្រកាន់​បែប​នេះត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ច្រាន​ចោល​ទាំង​ស្រុង។

ក្រសួង​ការពារជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា នាពេល​ថ្មីៗ​កន្លង​មក​នេះ ​មាន​ក្រុម​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន​​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំផ្លើស​ការ​ពិត​តាម​​បណ្តាញ​សង្គម​នានា​ធ្វើ​ឱ្យ​សាធារណ​ជន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​មាន​ការ​ភ័ន្ត​ច្រឡំ​អំពី​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់នេះ។​

ពិធីសាសនា​សម្រាប់​យោធា​ដែលបានពលីក្នុងឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា វត្តចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រសួង​បញ្ជាក់​ថា៖ «តាម​រយៈ​ការ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​នៅ​ទីតាំង​កើត​ហេតុ​របស់​ក្រុម​ការងារ​ចម្រុះ ​ក្រសួង​ ការពារ​ជាតិ​សូម​បញ្ជាក់​ជូន​ថា ករណី​ឧបទ្ទវ​ហេតុ​ផ្ទុះ​គ្រាប់​កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០២៤ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគទី៣ ក្នុង​ខេត្តកំ​ពង់ស្ពឺ គឺជាបញ្ហា​បច្ចេកទេស​ដោយសារ​ប្រភេទ​អាវុធជាតិ​ផ្ទុះ​ចាស់ៗ ខូច​គុណភាព រួមជាមួយ អាកាស​ធាតុ​ឡើង​កម្ដៅ មិនមែន​ជា​បញ្ហា​កងទ័ព​បះបោរ អំពើ​ភេរវកម្ម ឬ​ចេតនា​របស់បុគ្គល​ណា​មួយ​ដូច​បាន​បំផ្លើស​ឡើយ»។

ក្រសួងការពារជាតិ​ក៏​បាន​ស្នើ​ដល់​សាធារណជន និង​អ្នក​សារព័ត៌មាន​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ដោយ​ធ្វើ​ការ​សន្និដ្ឋាន ឬ​យល់​ឃើញ​ណា​មួយ​ដោយ​បុគ្គល​ផ្ទាល់​ខ្លួន មិន​មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ ឬ មាន​ចេតនា​បង្ក​ចលាចល​ញុះ​ញង់​ បង្ក​ផល​ប៉ះ​ពាល់​ដល់​សន្តិសុខ សណ្តាប់​ធ្នាប់ សេដ្ឋកិច្ច​សង្គម ដែល​ឈាន​ទៅ​ដល់​ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕