ភ្នំពេញ៖ ក្រសួងព័ត៌មានបានធ្វើការស្ទង់មតិស្តីពីសេរីភាពសារព័ត៌មានជាលើកដំបូងដែលមិនធ្លាប់មានស្ដីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» នៅទូទាំង ២៥ ខេត្ត-ក្រុងនៃប្រទេសកម្ពុជា ដែលមានអ្នកសារព័ត៌មានចំនួន ៣៤១ នាក់។
របាយការណ៍ស្ទង់មតិនេះបានវាស់វែងការយល់ឃើញរបស់អ្នកសារព័ត៌មានចំពោះសេរីភាពសារព័ត៌មាន ដែលគ្របដណ្តប់ទិដ្ឋភាព ដូចជា ភាពចម្រុះនៃប្រព័ន្ធផ្សព្វផ្សាយ ក្របខ័ណ្ឌច្បាប់ និងផលប៉ះពាល់នៃការផ្លាស់ប្តូរឌីជីថលលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី។
លទ្ធផលនៃការស្ទង់មតិត្រូវបានប្រកាសនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ក្នុងរបាយការណ៍ចំនួន ៥៣ ទំព័រ ក្នុងសន្និសីទសារព័ត៌មាន ដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសារព័ត៌មានជាតិ និងអន្តរជាតិ។
លោក ភក្ត្រា បានសង្កត់ធ្ងន់ថា ទិដ្ឋភាពនៃការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះ តម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មានធ្វើបច្ចុប្បន្នភាពដោយខ្លួនឯង ដើម្បីតាមទាន់និន្នាការវិវត្តន៍បច្ចុប្បន្ន ឱ្យសមស្របទៅនឹងការអភិវឌ្ឍន៍វិស័យព័ត៌មានរបស់កម្ពុជា។
លោក ភក្ត្រា ថ្លែងក្នុងសន្និសីទសារព័ត៌មានថា ៖ «កិច្ចខិតខំប្រឹងប្រែងមានគោលដៅធានាគុណភាពព័ត៌មាន ប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយដែលអាចធ្វើឱ្យមានការប្រកួតប្រជែងទីផ្សារ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ខណៈរួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។
ដើម្បីដោះស្រាយបញ្ហាព័ត៌មានមិនពិត អ្នកសារព័ត៌មាន ៨១,២ ភាគរយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ។
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងពីតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
លោក បូណា ត្រូវបានដកស្រង់សម្ដីនៅក្នុងរបាយការណ៍ដោយនិយាយថា៖ «កង្វះគុណភាពវិជ្ជាជីវៈ របស់អ្នកសារព័ត៌មានមួយចំនួន និងការយកសារព័ត៌មានជាឡប់ឡែបម្រើ របៀបវារៈនយោបាយពីសំណាក់ក្រុមជ្រុលនិយមមួយចំនួនបានធ្វើឱ្យសេចក្តី រាយការណ៍ព័ត៌មានមួយចំនួនប្រាសចាកពីគន្លងក្រមសីលធម៌វិជ្ជាជីវៈ និង រហូតដល់បំពានច្បាប់ បំពានអ្នកដទៃ បំភ្លៃការពិត ក្នុងចេតនាទុច្ចរិតដែលធ្វើ ឱ្យប៉ះពាល់ដល់គុណភាពព័ត៌មាន និងតម្លៃរបស់សារព័ត៌មាន»។
របាយការណ៍ស្ទង់មតិរបស់ក្រសួងព័ត៌មានបានបង្ហាញលទ្ធផលផ្ទុយពីរបាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) ដែលចេញកាលពីខែសីហា ឆ្នាំ២០២២ ដោយបង្ហាញថា បរិយាកាសសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជាកាន់តែយ៉ាប់យ៉ឺនខ្លាំងដោយសារតែច្បាប់រឹតត្បិត និងការឃ្លាំមើលរបស់រដ្ឋាភិបាល។
ជាង ៨០ ភាគរយចំណោមអ្នកសារព័ត៌មាន ៦៥ នាក់ត្រូវបានចូលរួមសម្ភាសន៍បានរាយការណ៍ពីការជ្រៀតជ្រែកក្នុងការងាររបស់ពួកគេ រួមទាំងត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើល។
ការិយាល័យ OHCHR ក៏បានលើកឡើងពីតម្រូវការសម្រាប់កម្ពុជាក្នុងការកែលម្អក្របខ័ណ្ឌច្បាប់ដែលគាំទ្រដល់សេរីភាពសារព័ត៌មាន ដោយលើកឡើងពីបញ្ហាប្រឈមជាច្រើន ជាពិសេសសម្រាប់ស្ត្រីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងចំនួនតិចតួច និងទទួលរងនូវអំពើហិង្សាផ្អែកលើយេនឌ័រ។
ក្រសួងព័ត៌មានបានប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវប្រកបដោយគុណវិស័យ និងបរិមាណវិស័យ រួមទាំងការពិនិត្យមើលឯកសារច្បាប់ ការស្ទង់មតិទូទាំងប្រទេសលើអ្នកសារព័ត៌មានចំនួន ៣៥០ នាក់ដែលត្រូវបានជ្រើសរើសដោយចៃដន្យ និងការសម្ភាសន៍ស៊ីជម្រៅជាមួយ ១១ នាក់ដែលដឹកនាំឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ។ ទោះជាយ៉ាងណាក៏ដោយមានតែ ៣៤១ នាក់ ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានសុពលភាពសម្រាប់ការវិភាគ។
វិធីសាស្ត្រនេះបានអនុញ្ញាតឱ្យការសិក្សាទទួលបាននូវប្រសិទ្ធភាពទូលំទូលាយ និងផ្តល់នូវការយល់ដឹងយ៉ាងច្បាស់លាស់ទៅលើបទពិសោធន៍ និងការយល់ឃើញអំពីសេរីភាពសារព័ត៌មានពីអ្នកដែលពាក់ព័ន្ធដោយផ្ទាល់នៅក្នុងវិស័យសារព័ត៌មាន។
ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅតែមាន ជាពិសេសនៅក្នុងការសម្របខ្លួននៃប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីទៅនឹងការច្នៃប្រឌិតឌីជីថល និងការរក្សាបាននូវស្តង់ដារសារព័ត៌មានចំពេលមានការផ្លាស់ប្តូរបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។
លោក ភក្ដ្រា បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្នបានជួបវិបត្ដិសេដ្ឋកិច្ច និងការធ្លាក់ចុះនៃផ្នែកពាណិជ្ជកម្ម ប្រឈមការប្រកួតប្រជែងពី Influencers ក៏ដូចជាការបង្កើតប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននានា។
លោកបានថ្លែងថា៖ «ប្រព័ន្ធផ្សព្វផ្សាយបុរាណ ត្រូវបានបិទទ្វារ ដូចជា រស្មីកម្ពុជា និងកាសែតភ្នំពេញប៉ុស្ដិ៍ ត្រូវបានសម្រេចបិទការផ្សាយពីការបោះពុម្ពប្រមាណ ៣០ឆ្នាំទៅអនឡាញវិញ»។
រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានលើកឡើងថា ឆ្នាំ ២០២៣ ក្រសួងព័ត៌មាន ទទួលបានពាក្យបណ្ដឹង ៧៩ ករណី និងដោះស្រាយក្រៅប្រព័ន្ធតុលាការ ដូចជា ការកែតម្រូវ និងបំពេញកិច្ចសន្យាផ្សេងៗ។
ក្នុងចំណោមអ្នកដែលបានស្ទង់មតិ ស្ទើរតែទាំងអស់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។
ការរកឃើញក៏បានគូសបញ្ជាក់អំពីវិសមភាពយេនឌ័រនៅក្នុងឧស្សាហកម្មនេះ ដោយបុរសមានចំនួនរហូតដល់ ៩៣,៥ ភាគរយ ខណៈស្ដ្រីតំណាងឱ្យតែ ៦,៥ ភាគរយ។
លើសពីនេះ ៩២,១ ភាគរយបានគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់ចំពោះអ្នកសារព័ត៌មានដែលបំពានក្រមសីលធម៌ ហើយស្ទើរតែទាំងអស់បានគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់កម្មវិធីបណ្តុះបណ្តាលក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងគុណភាពរបស់អ្នកសារព័ត៌មាន។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានឱ្យដឹងក្នុងរបាយការណ៍ថា៖ «សេរីភាពសារព័ត៌មាននៅកម្ពុជាមានតិចតួច និងដោយអន្លើ។ ដើម្បីឱ្យសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរឡើង យើងទាំងអស់គ្នាគួររួមគ្នាពិនិត្យមើលលើច្បាប់នានាដែលកំពុងមានបច្ចុប្បន្នថាតើនៅមានចំណុចណាខ្លះជាចន្លោះប្រហោង ចំណុចណាខ្លះប៉ះពាល់ដល់ការអនុវត្ត និងចំណុចណាខ្លះគួរកែលំអដើម្បីធ្វើឱ្យប្រសើរឡើង និងធានាបាននូវសេរីភាពសារព័ត៌មាន»។
លោក ណុប វី បានបន្ដថា ការរៀបចំពិនិត្យឡើងវិញស្ដីពីរបបសារព័ត៌មាននេះគឺជារឿងមួយដែលចាំបាច់ពីព្រោះច្បាប់នេះ អត់មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការប្រើប្រាស់សម្រាប់ការពារអ្នកសារព័ត៌មានទេ។ ដូច្នេះ គួរតែមានការពិនិត្យមើល និងធ្វើវិសោធនកម្មយូរដែរហើយ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ខ្ញុំឃើញពីការផ្ដួចផ្ដើមរបស់ក្រសួង ហើយខ្ញុំជំរុញធ្វើមេចឱ្យក្រសួងពន្លឿន តែត្រូវមានការចូលរួមផ្ដល់យោបល់ពីភាគីពាក់ព័ន្ធឱ្យបានគ្រប់គ្រង់ជ្រោយ ដើម្បីប្រសិទ្ធភាពនៃការប្រើប្រាស់»។
លោក ភក្ត្រា បាននិយាយថា ការរកឃើញនៃការស្ទង់មតិនេះ នឹងដើរតួជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សកម្មភាពនាពេលអនាគត សំដៅកែលម្អទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងពង្រឹងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការការពារការអនុវត្តន៍សារព័ត៌មាន និងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់របស់ប្រទេស។
យោងតាមរបាយការណ៍ កម្ពុជាមានស្ថានីយ៍ទូរទស្សន៍ជាច្រើន រួមមាន អាណាឡូកចំនួន ១៤៣ ទូរទស្សន៍ផ្សាយផ្ទាល់ចំនួន ១៦៥ និងស្ថានីយ៍ទូរទស្សន៍ឌីជីថលចំនួន ១២ ក្នុងចំណោមស្ថានីយ៍ផ្សេងៗទៀត។ វិស័យប្រព័ន្ធផ្សព្វផ្សាយក៏មានការបោះពុម្ព និងបណ្តាញអនឡាញ ជាមួយនឹងគេហទំព័រ ៩៣៣ និងវេទិកាអនឡាញទូរទស្សន៍ និង ៤៧៧ កាសែត៕