ភ្នំពេញ៖ យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​របស់​ក្រសួង​បរិស្ថាន​មាន​អ្នក​ចូលរួម​ជាង ៨ លាន​នាក់​ហើយ នៅ​ក្នុង​រយៈពេល​ជាង ៨​ខែ​កន្លងមក ដែល​នេះ​ជា​ការ​បង្ហាញ​ឥរិយាបថ​វិជ្ជមាន​មួយ​របស់​ប្រជាជន​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួលអាកាសធាតុ។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ ២០២៤នេះ។ 

ក្រសួង​បាន​បញ្ជាក់​ថា៖ «ភាព​វិជ្ជមាន​នៃ​ការ​ប្រែប្រួល​ឥរិយាបថ​របស់​សិស្សានុសិស្ស និង ប្រជាជន​សរុប​ជាង ៨​លាន​នាក់ គឺ​ជា​លទ្ធផល​ស្តែង​ចេញ​ពី​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ និង រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៧ នៃ​រដ្ឋសភាជាតិ ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដើម្បី​ធានា​កុំ​ឱ្យ​មាន​ការ​កើនឡើង​នូវ​កម្តៅ​ភព​ផែនដី​ជា​បន្តទៀត»។ 

នៅក្នុង​សិក្ខា​សាលា​ស្តីពី ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ និង​គោល​នយោបាយ​ឆ្លើយតប នា​ទីស្តីការ​គណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៣០ ខែ​មេសា​កន្លងមក រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​លើក​ឡើង​ថា យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់ប្លាស្ទិក ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​សិស្សានុសិស្ស ព្រះសង្ឃ ធុរៈករ កម្មករ កម្មការនី និង​ប្រជាពលរដ្ឋ​ជាង ៨ លាន​នាក់​នោះ​ត្រូវ​បាន​បំបែក​ចេញ​ពី​ភាព​ស្អាត​នៃ​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក​រដ្ឋមន្រ្តី​ក៏​បាន​លើក​ឡើង​ពី​សមិទ្ធផល​ផ្សេងៗ​ទៀតដែរ រួមមាន៖ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ១០០% ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ និង ការ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នៅ​ក្នុង​ការ​ផ្ទេរអំណាច​ជា​ជំហានៗ​ជាដើម។ ក្នុង​នោះ​ក៏​មាន​ការ​គូស​បញ្ជាក់​លើ​ផែនទី​ពី​តំបន់​ការពារ​ធម្មជាតិ​ជូន​អាជ្ញាធរ​មូលដ្ឋាន និង​ផ្សព្វផ្សាយ​ដាក់​ឱ្យ​ប្រើប្រាស់ App ផងដែរ។ នៅ​ក្នុង​ App នោះនឹង​មាន​បង្ហាញ​ព័ត៌មាន​អំពី​ទីតាំងដី និង​ព្រំប្រទល់​ដី​នៃ​តំបន់​ការពារ​ធម្មជាតិ ដែល​អាច​ជួយ​ការពារ​កុំ​ឱ្យ​ប្រជាពលរដ្ឋ ​ឬ​សាធារណជន​ទិញ​ដី​ជាន់​លើ​ដី​នៃ​តំបន់​ការពារ ដែល​នាំ​ឱ្យ​ខាតបង់​ថវិកា។ 

នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ក្រសួង​ក៏​ដាក់​ចេញ​ផែនការ​ដាំ​ដើមឈើ​បន្ថែម​ឱ្យ​បាន​យ៉ាង​តិចជាង ១ លាន​ដើម​ក្នុង មួយឆ្នាំ ដោយ​ចាប់​ផ្តើម​នៅ​រដូវវស្សា​ឆ្នាំ ២០២៤ ខាងមុខនេះ។ 

ក្រសួង​ក៏​មាន​គោលដៅ​ពង្រីក​គម្រប​ព្រៃឈើ​រហូត​ដល់ ៦០ ភាគរយ​នៅ​ឆ្នាំ ២០៥០ ផងដែរ។ 

បន្ថែមពីនោះ នៅថ្ងៃទី១០ ខែកក្កដា​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​នីតិកាលទី​៧ ក៏​គ្រោង​នឹង​រៀបចំ​ឱ្យ​មាន​ពិពណ៌​កូនឈើ នៅ​មុខ​ទីស្តីការ​ក្រសួង​បរិស្ថាន ដើម្បី​ចែក​ជូន​កូន​ឈើ​ដល់​ពលរដ្ឋ​យក​ទៅ​ដាំ​ដោយ​ឥត​គិតថ្លៃ​ផងដែរ ក្នុង​នោះ​ក៏​នឹង​មាន​ទាំង​ការ​ពន្យល់បន្ថែម​អំពី​របៀប​ដាំ​កូនឈើ និង​ការ​ថែទាំ​កូន​ឈើ​ឱ្យ​លូតលាស់​បាន​ល្អដែរ។

លោក ហេង គឹមហុង ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​បាន​យល់ឃើញ​ថា យុទ្ធនាការ​នេះ​ជា​ចំណែក​មួយ​ដែលជួយ​ផ្សព្វផ្សាយ​ឱ្យ​មាន​ការ​យល់ដឹង​ពី​បរិស្ថាន។ ប៉ុន្តែ​ជា​សេនារីយូ​មួយល្អ​បន្ថែម​ទៀត​នោះ គឺ​ក្រសួង​បរិស្ថាន គួរតែ​សហការ​ជាមួយក្រសួង​អប់រំ យុវជន និងកីឡា ដោយ​ដាក់​បញ្ជូល​ការ​បណ្តុះបណ្តាល ការ​បញ្រ្ជាប​ការ​យល់ដឹង និង ការ​គ្រប់គ្រង​សំរាម​ផ្លាស្ទិក​ក្នុងកម្មវិធី​អប់រំ ហើយ​ក្រសួង​បរិស្ថាន អាច​ពិចារណា​បង្វែរ​ការ​ចំណាយ​លើ​យុទ្ធនាការ​នេះ​ទៅ​លើ​ការងារ​ផ្សេង​វិញ​ដូចជា ពង្រឹង​វិធានការ​ច្បាប់ ការ​ជំរុញ​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ការ​នាំចូល​ថង់ផ្លាស្ទិក និង ការ​រៀបចំ​គោល​នយោបាយ​ដំឡើង​ពន្ធ​លើ​ផ្លាស្ទិក​វិញ។

ជុំវិញ​ការ​ដាំ​ដើមឈើ​ឡើងវិញ លោក​បាន​លើក​ឡើង​ថា ឈើដែល​ដាំ​ឡើងវិញ​មិនមាន​លក្ខណៈ​សម​ទៅ​នឹង​ស្ថានភាព​ដី​នោះ​ទេ ដែល​ធ្វើ​ឱ្យ​វា​ប្រឈម​មុខ​ទៅ​នឹង​ការ​ងាប់​ទៅ​វិញ ប្រសិន​បើ​គ្មាន​ការ​មើល​ថែទាំ​ឱ្យ​បាន​ដិតដល់​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ការ​ពិចារណា​ក្នុង​ការ​ទប់​ស្កាត់​ព្រៃ​ត្រូពិក​កម្ពុជា មិន​ចាំបាច់​ដាំ​ឡើងវិញ​នោះ​ទេ គ្រាន់​តែ​ទប់ស្កាត់ និង​ដក​ហូតដីដែល​ឈូសឆាយ ដីដែល​កាប់​បំផ្លាញ​ព្រៃឈើ​ហ្នឹង តែ១ឆ្នាំ ២ឆ្នាំទេ ឈើ​នឹង​លាស់​ឡើងវិញ ហើយ​មាន​ភាព​ធន់​ជាមួយ​នឹង​លក្ខ​ខណ្ឌ​នៅ​ទីនោះ ដោយ​មិន​ចាំបាច់​មើលថែ កុំ​ឱ្យ​តែ​ភ្លើងព្រៃ​ឆេះ​ទៅ​វា​ល្អ​ហើយ»៕