ភ្នំពេញ៖ ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ១០០​ករណី ត្រូវ​បាន​បង្រ្កាប និង​មនុស្ស​ជិត ៣០០​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​កាល​ពី​សប្ដាហ៍​មុន ខណៈពេល​ដែល​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ចំនួន ៧៦នាក់ ក្នុង​ចំណោម​ជាង ៥ម៉ឺននាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​ក្រោយ​ពី​រក​ឃើញ​សារធាតុញៀន។

អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈបាន​ឱ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​នគរបាលជាតិ​ទូទាំង​ប្រទេស​បាន​នឹង​កំពុង​តែ​អនុវត្ត​យ៉ាង​សកម្ម។ ជាក់ស្ដែង​ចាប់​ពី​ថ្ងៃទី​២២ ដល់ថ្ងៃទី២៨ ខែ​មេសា ឆ្នាំ​២០២៤​នេះ កម្លាំង​នគរបាលជាតិ ចាប់ពី​អគ្គស្នងការដ្ឋាន​រហូត ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ បាន​បង្ក្រាប​ករណី​គ្រឿង​ញៀន​សរុប​ចំនួន ១០០ករណី។ ក្នុង​នោះ​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​សរុប​បានចំនួន ២៩៨នាក់​នៅ​ទូទាំង​ប្រទេស។

ក្នុង​ចំណោម​ករណី​ទាំងនោះ ករណី​បង្ក្រាប​នៅ​រាជធានី​ភ្នំពេញ​មាន ២២ករណី ខេត្ត​ព្រះសីហនុ​មាន ១៥ករណី ខេត្តកំពង់ស្ពឺ​មាន ៦ករណី ខេត្ត​សៀមរាប​មាន ៦ករណី ខេត្ត​ត្បូងឃ្មុំ មាន ៥ករណី និង​ខេត្ត​កំពង់ធំ​មាន​ ៥ករណី​ផងដែរ។ ក្រៅពី​នេះ ករណី​បង្រ្កាប​នៅ​តាម​បណ្តា​ខេត្ត​នីមួយ​ផ្សេងៗ​ទៀត​មាន​ចំនួន​ក្រោម ៥ករណី។

លោក ទូច សុខៈ ក៏​បាន​បន្ត​ថា ករណី​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ទ្រង់ទ្រាយ​ធំ​មាន​នៅ​ក្នុង​រាជធានី​ភ្នំពេញមាន ២ករណី ដោយ​ឃាត់​ខ្លួន​មនុស្ស​សរុប ៨នាក់ រឹបអូស គ្រឿងញៀន​ជាង ២១៦គីឡូក្រាម ខេត្ត​សៀមរាប​ឃាត់​ខ្លួន​ជន​សង្ស័យ ១នាក់ រឹប​អូស​គ្រឿងញៀន​ជាង ១២០​គីឡូក្រាម និង​ខេត្ត​បន្ទាយមានជ័យ ឃាត់​ខ្លួន​មនុស្ស ២នាក់ រឹបអូស​គ្រឿងញៀន​ជាង ៦គីឡូក្រាម។ ក្រៅពី​គ្រឿងញៀន សមត្ថកិច្ច​ក៏​រឹបអូស​វត្ថុតាង​មួយ​ចំនួន​ទៀត ដូចជា អាវុធ រថយន្ត ម៉ូតូ និង​ទូរសព្ទ​ជាដើម។

កាលពី​សប្តាហ៍មុន មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​ក៏​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ករណី​បង្រ្កាប​ដ៏​ធំ​មួយ​ដែល​មាន​គ្រឿង​ញៀន​ជិត ២០០គីឡូក្រាម ហើយ​បើ​គិត​ជា​ទឹកប្រាក់​មាន​តម្លៃ​រាប់ស៊ិប​លាន​ដុល្លារ​អាមេរិក។ 

ប្រភពដដែល​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ករណី​ជួញដូរ​គ្រឿង​ខុស​ច្បាប់​ធំៗ​ជិត ១០​ករណី​ហើយ​ត្រូវ​បាន​បង្រ្កាប​នៅ​ក្នុង​ឆ្នាំ២០២៤​នេះ ដែល​ករណី​ខ្លះ​មាន​រហូត​ដល់​ទៅ ១តោន ​ឬ​ជាង ១តោន​ក៏​មាន​ដែរ។ ថ្នាំញៀន​ទាំង​នោះ​ត្រូវ​បាន​នាំចូល​ពី តំបន់​ត្រីកោណ​មាស ដើម្បី​យក​ទៅ​ចែកចាយ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​តម្លៃ​ថ្លៃ។ ក្នុង​នោះ​ថ្នាំញៀន​ប្រភេទ ហ៊ីរ៉ូអ៊ីន មាន​តម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង ១គីឡូក្រាម។

មន្ទីរប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ប្តេជ្ញា​ចិត្ត​បោស​សម្អាត​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​បន្ត​ទៀត ដើម្បី​ទប់​ស្កាត់​ក្នុងការ​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ឆ្លងកាត់ ឬ ស្តុក​គ្រឿងញៀន​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ។ 

លោក ទូច សុខៈ ក៏​បាន​លើក​ឡើង​ផងដែរ​ថា ការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន គឺជា​កិច្ច​ការ​អាទិភាពមួយ ក្នុង​ចំណោម​កញ្ចប់​ការងារ​អាទិភាព​ទាំង​៦ ដែល​លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ស សុខា បាន​ប្រកាស​បង្កើន​ការ​យកចិត្ត​ទុកដាក់​អនុវត្ត​ចាប់​ពី​ដើម​នីតិកាល​ទី៧ នៃ​រដ្ឋសភា។ រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​អនុវត្តយ៉ាង​សកម្ម​ដូចគ្នា​ផងដែរ​នូវ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំង​ប្រទេស រួម​ទាំង​ការ​អនុវត្ត​លើ​មន្រ្តី​រាជការនិង​កម្លាំង​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោមជាតិ។

ដោយ​អនុវត្ត​តាម​បទ​បញ្ជា​លេខ ០១បប ចុះថ្ងៃ​ទី២០ ​ខែ​កុម្ភៈ ឆ្នាំ ២០២៤ ស្តីពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់ នៅ​តាម​ក្រសួង ស្ថាប័ន និង រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ, មន្ត្រី​រាជការ​ស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រម​ទាំង​មន្ត្រី​ជាប់​កិច្ច​សន្យា​សរុប ៥៦ ៤៤៥នាក់ ត្រូវ​បាន​ធ្វើ​តេស្ត​រក​សារធាតុញៀន​តាម​ទឹកមូត្រ។

ក្នុង​នោះ​មន្រ្តី​ដែល​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​ចំនួន ៧៦ នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្របខណ្ឌ​ផងដែរ គិត​ត្រឹម​ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២៤នេះ។ នេះ​បើ​យោង​តាម​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន។

អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក៏​បាន​ណែនាំ​ដល់​សាមី​ក្រសួង ស្ថាប័ន ដែល​បាន​បណ្តេញ​មន្ត្រី​ដែល​មាន​សារធាតុញៀន ចេញ​ពី​ក្របខ័ណ្ឌ​នោះ ត្រូវ​បញ្ជូន​ពួកគាត់​ទៅ​ទទួល​ការ​ព្យាបាល និង ស្តារនីតិ​សម្បទា​ផងដែរ។

អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក៏​បាន​និង​កំពុង​ខិតខំ​កៀរគរ​ស្វែងរក​ជំនួយ​បន្ថែម​ពី​សប្បុរសជន ជាតិ និង​អន្តរជាតិ​នូវ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​សារធាតុញៀន​តាម​ទឹក​មូត្រ​សម្រាប់​ប្រើប្រាស់​ចំពោះ​មុខ​បន្ត​ទៀត​ផងដែរ៕