ភ្នំពេញ៖ អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​ជិត ២​ម៉ឺន​សន្លឹក ត្រូវ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជា ១២​ថ្ងៃ​នៃ​ចុង​ខែ​មេសា​កន្លង​មក ខណៈ​ពេល​ការ​ធ្វើ​អត្តសញ្ញាណបណ្ណ​គឺ​កាន់តែ​ងាយស្រួល​តាម​រថយន្ត​ចល័ត។

មន្ត្រី​ទទួល​បន្ទុក​សេវា​អត្តសញ្ញាណកម្ម​ទូទាំង​ប្រទេស​បាន​ផ្តល់​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​សរុប​ចំនួន ១១ ០៦៧សន្លឹក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល ៧ថ្ងៃ កាល​ពី​សប្ដាហ៍មុន ដោយ​ចាប់​ពី​ថ្ងៃទី​២២ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ២០២៤ ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ។ 

ដោយឡែក រយៈពេល ៥​ថ្ងៃ កាល​ពី​ថ្ងៃទី​១៧ រហូត​ដល់​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ ២០២៤ ដដែល​នេះ បន្ទាប់ពី​បញ្ចប់​ការ​ឈប់​សម្រាក​អបអរសាទរ​ឆ្នាំថ្មី​ប្រពៃណីជាតិ​កន្លង​មក​រួច​ភ្លាម មន្ត្រី​ទទួល​បន្ទុក​សេវា​អត្តសញ្ញាណកម្ម​ទូទាំង​ប្រទេស បាន​បន្ត​បំពេញ​តួនាទី និង​ភារកិច្ច ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​យ៉ាង​សកម្មជា​ប្រក្រតី។ ក្នុង​នោះ មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន៨ ៨៧២សន្លឹក ត្រូវ​បាន​បន្ត​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ផងដែរ។ 

លោក ទូច សុខៈបាន​បញ្ជាក់​ថា៖«អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ ជា​បណ្ណ​សម្រាប់​សម្គាល់​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​លើបុគ្គល​ម្នាក់ៗ​មាន​សញ្ជាតិ​ជា​ខ្មែរ។ អត្តសញ្ញាណបណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សារៈសំខាន់ ​ឬ​សារៈប្រយោជន៍ ដើម្បី​ប្រជាជនយក​ទៅ​ប្រើប្រាស់​បំពេញ​សំណុំ​ឯកសារ​ផ្សេងៗ តាម​ផ្លូវ​ច្បាប់»។

ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​អាយុ​ពី ១៥ ឆ្នាំ​ឡើង អាច​ស្នើសុំ​ធ្វើ​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ នៅ​អធិការដ្ឋាននគរបាលក្រុង ស្រុក  ខណ្ឌ ឬ​នៅ​ស្ថានីយ៍ចល័ត នៃឃុំ សង្កាត់ របស់ខ្លួន តាម​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​មូលដ្ឋាន។ 

លោកបានបន្តថា លោក​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ស សុខា បាន​ជំរុញ​ឱ្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​សិក្សា​តាម​បណ្តា​ច្រក​ចេញចូល​តែ​មួយ ដើម្បី​ជំរុញ​ការ​ផ្តល់​សេវា​ធ្វើ​អត្តសញ្ញាណបណ្ណ ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់រហ័ស ជាពិសេស ពិនិត្យ​លទ្ធភាព​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ពង្រឹង​គុណភាព​នៃ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ។

ឆ្លើយតប​ទៅ​នឹង​ការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំ ដើម្បី​បំរើសេវា​ជូនពលរដ្ឋ​ឱ្យ​ទាន់​ពេលវេលា​នោះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កាល​ពី​ពេលថ្មីៗ​នេះ​បាន​ចាប់ផ្តើម​ប្រើប្រាស់​រថយន្ត​ចល័ត ដើម្បី​ចុះ​ធ្វើ​អត្តសញ្ញាណបណ្ណ​ជូន​សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត កាល​ពី​ពេលថ្មីៗ​នេះ​បាន​ចាប់ផ្តើម​ប្រើប្រាស់​រថយន្ត​ចល័ត ដើម្បី​ចុះ​ធ្វើ​អត្តសញ្ញាណបណ្ណ​ជូន​សិស្សានុសិស្ស។ ស្នងការខេត្តកំពត

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​បាន​ឱ្យ​ដឹង​ថា កម្លាំង​នគរបាល​ជាង ១០​រូប បាន​នឹង​កំពុង​តែ​ផ្លាស់ប្តូរ​វេនគ្នា ដើម្បី​ចុះ​ធ្វើ​អត្តសញ្ញាណបណ្ណ​ជូន​ពលរដ្ឋ​តាម​រថយន្ត​ចល័ត​នេះ​ដោយ​ឥត​គិតថ្លៃ។ 

លោកថា យុវជន ​ដែល​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ​ឡើង ត្រូវ​ធ្វើ​អត្តសញ្ញាណបណ្ណ​នោះ​មាន​រហូត​ដល់​ទៅ ១២ ៧៧១នាក់។​ ហេតុនេះ បើ​រងចាំ​ឱ្យ​គាត់​ទៅ​ធ្វើ​នៅ​ប៉ុស្តិ៍រដ្ឋបាល ឬ​អធិការដ្ឋាន​នគរបាល​នោះ វា​នឹង​ប៉ះពាល់​ដល់​ការ​សិក្សា​ពួកគាត់។ 

លោកស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ចុះ​ទៅ​ធ្វើ​នៅ​តាម​វិទ្យាល័យ​នៅ​ក្នុង​ទូទាំង​ខេត្ត​កំពត​យើងនេះ។ បងប្អូន​ពលរដ្ឋ​ក៏​អាច​ទៅ​ធ្វើនៅ​វិទ្យាល័យ​បាន​ដែរ​ជា​មួយ​នឹង​សិស្ស។ ពេលធ្វើ​ការងារ​តាម​វិទ្យាល័យ​ចប់​អស់​ នឹងចុះ​ទៅ​តាម​ឃុំណា​ដែល​ពលរដ្ឋ​ត្រូវ​ការ​ធ្វើ​បន្ត​ទៀត»។ 

លោក​បាន​បន្ថែម​ថា នាពេល​បច្ចុប្ប​នេះ ការ​ធ្វើអត្តសញ្ញាណបណ្ណ​តាម​រថយន្ត​ចល័ត​នេះ​មាន​ចន្លោះ​ពី ៧០ ជាង១០០ក្នុង​មួយថ្ងៃៗ៕