ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ នឹង​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​មហាផ្ទៃ​បំពេញ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស អូស្រ្តាលី នា​ខែ​មិថុនា ដោយ​គណៈប្រតិភូ​កម្ពុជា​សង្ឃឹមថា​នឹង​ទទួល​បាន​បទពិសោធន៍ និង​ចំណេះ​ដឹង​ថ្មីៗ​លើ​ការ​គ្រប់​គ្រង​កងកម្លាំង​នគរបាល​ជាតិ និង​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា។

ទស្សនកិច្ច​នេះ​មាន​គោលបំណង​ជួយ​ភាគី​កម្ពុជា​ដកស្រង់​បទពិសោធន៍​យុទ្ធសាស្រ្ត​ពាក់ព័ន្ធការងារ​អន្តោប្រវេសន៍ សន្តិសុខ​សាយប័រ (cyber security) និង​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ។

ក្រសួង​មហាផ្ទៃ​កម្ពុជា​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​២ ខែ​ឧសភា ថា៖ «គណៈប្រតិភូ​កម្ពុជា​មាន​ក្ដី​សង្ឃឹម​ថា នឹង​ទទួល​បាន​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ​ពី​អូស្រ្តាលី ទាំងលើ​ការងារ​គ្រប់​គ្រង​កងកម្លាំង​នគរបាលជាតិ ការ​ជំរុញ​ទំនាក់​ទំនង​បណ្តុះ​បណ្តាល​មន្រ្តី​នគរបាល​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផងដែរ»។

កាលពី​ថ្ងៃទី២ ខែ​ឧសភា លោក ស សុខា ដែល​ជា​ឧបនាយក​រដ្ឋមន្ត្រី បាន​ជួបជា​មួយ​លោក Pablo Kang ភារធារីស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។

លោក ស សុខា បាន​ចាត់​ទុក​វត្តមាន​លោក Pablo Kang ក្នុងជំនួបនេះ ​ថា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​អូស្រ្តាលី និង​ក្រសួង​មហាផ្ទៃ​កម្ពុជា ទាំង​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។ 

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា៖ «ឯកឧត្តម​អភិសនិ្តបណ្ឌិត ស សុខា បាន​ថ្លែងអំណរ​គុណ [ចំពោះ] ក្រសួង​មហាផ្ទៃ​អូស្រ្តាលី ដែល​បាន​អញ្ជើញ​ឯកឧត្តម ដឹកនាំ​គណៈប្រតិភូក្រសួង​មហាផ្ទៃ [បំពេញ] ទស្សនកិច្ច​សិក្សា នៅ​ប្រទេស​អូស្រ្តាលី នាខែ​មិថុនា ឆ្នាំ​២០២៤ ខាងមុខ​នេះ»។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ ភាគី​ទាំង​២ បាន​ពិភាក្សា​គ្នា​អំពី​ការងារ​អន្តោប្រវេសន៍ ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួម​មាន​ការ​ជួញដូរ និង​រត់ពន្ធ​មនុស្ស និង​គ្រឿងញៀន​ បទល្មើស​បច្ចេកវិទ្យា កម្មវិធី​កំណែទម្រង់​រដ្ឋបាល​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង​គណនេយ្យ​ភាព​សង្គម​នៅ​កម្ពុជា ព្រម​ទាំង​ប្តេជ្ញា​ពង្រឹងការងារ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត។ 

លោក ស សុខា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ភាគី​អូស្រ្តាលី​នឹង​បន្ត​ផ្តល់​ជំនួយ​នានា រួម​មាន​ជំនួយបច្ចេកទេស សម្ភារៈ និង​ការ​បណ្តុះ​បណ្តាល​ផ្សេងៗ​ដល់​ក្រសួង​មហាផ្ទៃ និង​សង្ឃឹម​ថា ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា និង​ផ្តល់​អត្ថប្រយោជន៍ ដូចជា ចំណេះដឹង និងបទពិសោធន៍​ល្អៗ លើ​ការ​អនុវត្ត​ការងារ។

កាល​ពី​ខែ​មេសា លោក ស សុខា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​រយៈពេល​ជាង ១សប្ដាហ៍​នៅ​ប្រទេស​ស្វីស និង អាល្លឺម៉ង់។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា លោក​បាន​ដកស្រង់​បទពិសោធន៍​បន្ថែម​លើ​ប្រព័ន្ធ​គ្រប់គ្រង និង​ការ​អនុវត្ត​ល្អៗ​ពី​ប្រទេស​ទាំង ២ នេះ​ដើម្បី​ជំរុញ​ដំណើរការ​កំណែ​ទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ និង​លើក​កម្ពស់​អភិបាលកិច្ច​មូលដ្ឋាន។

កាលពីខែមីនា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូលពិសេស​អាស៊ាន-អូស្រ្តាលី នៅ​ប្រទេស អូស្រ្តាលី រយៈពេល ៥ថ្ងៃ ដែល​ការ​បំពេញ​ទស្សន​កិច្ចនេះ​បាន​ឈាន​ដល់​ការ​ចុះហត្ថលេខា​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស​អូស្រ្តាលី មក​កម្ពុជា។

លោក​ ថុង ម៉េង​ដា​វិត ​អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ​និង​ជា​សាស្ត្រាចារ្យ​បង្រៀន​នៅ​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ ​និង​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថ្លែង​ថា ការ​អញ្ជើញ​លោក ស សុខា ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា​នេះ​បង្ហាញ​ពី​ទំនាក់ទំនង​កាន់​តែ​រីក​ចម្រើន និង​រឹងមាំ​រវាង​កម្ពុជា និង​អូស្ត្រាលី។ 

លោកប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​៣ ខែ​ឧសភា ថា ក្នុង​នាម​ជា​សមាជិក​នៃ​សម្ព័ន្ធ​ស៊ើបការណ៍​សម្ងាត់​ដែល​មាន​ ៥​​ប្រទេស អូស្ត្រាលី​ប្រមូល​ផ្តុំ​នូវ​ជំនាញ​ទំនើបៗ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធស៊ើបការណ៍​សម្ងាត់ ធនធានមនុស្ស និង​សម្ភារៈ​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ប្រឆាំង​ការ​ស៊ើបការណ៍​សម្ងាត់។

លោក​ ថុង ម៉េង​ដា​វិត លើកឡើងថា សន្តិសុខ​តាម​អ៊ីនធឺណិត​គឺជា​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សន្តិសុខ​របស់​ប្រទេស ដោយសារ​ភាពវៃឆ្លាត និង​មាន​ភាព​សម្ងាត់។ អូស្ត្រាលី​តែងតែ​ជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​នគរបាលជាតិ​កម្ពុជា ពីព្រោះ​អ្នក​ជំនាញ និង មន្ត្រី​អូស្ត្រាលីអាច​ចែក​រំលែក​ជំនាញ និង បទពិសោធន៍​របស់​ខ្លួន ដែល​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ការ​វិភាគ​តាមបែប SWOT (ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និង​ការ​គំរាមកំហែង) ស្តីពី​បញ្ហា​សន្តិសុខ​តាម​អ៊ីនធឺណិត។

លោកបន្ថែមថា៖ «ប្រព័ន្ធ​ឌីជីថល​មាន​សារៈសំខាន់​ណាស់​សម្រាប់​គាំទ្រ​ដល់​កំណើន​ជាតិ និងសន្តិសុខ​របស់​ប្រទេស។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​គួរ​តែ​កត់សម្គាល់​ថា ចរិត​លក្ខណៈនៃ​សន្តិសុខ​សកល​បាន​ផ្លាស់ប្តូរ​ឆ្ពោះទៅ​រក​និន្នាការ​កាន់តែ​គ្រោះថ្នាក់ ស្មុគ្រស្មាញ និង​គ្រោះថ្នាក់​ដល់​ជីវិត​តាម​រយៈប្រព័ន្ធ​ទំនាក់ទំនង​ព័ត៌មាន​បច្ចេកវិទ្យា (ICT) បញ្ញា​សិប្បនិម្មិត (AI) សន្តិសុខ​តាម​អ៊ីនធឺណិត និង សង្គ្រាម​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក (drone)»៕