អ្នកវិភាគយល់ឃើញថា ទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកកម្ពុជានឹងជំរុញឲ្យមានកំណើនទេសចរណ៍និងវិនិយោគទុនពីប្រទេសចិនកាន់តែច្រើន ជាពិសេសតាមរយៈ«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»។
លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី២១ដល់២៣ ខែមេសា ដែលជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា ក៏ជាផ្នែកមួយនៃទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣ បូករួមទាំងឥណ្ឌូនេស៊ី និង ប៉ាពួអាស៊ីនូវែលហ្គីណេ។
នៅពេលមកដល់កម្ពុជានៅរលៀសថ្ងៃទី២១ ខែមេសា លោកត្រូវបានព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អនុញ្ញាតឲ្យចូលក្រាបបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង និងបានជួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
លោកក៏បានធ្វើជាសហប្រធានជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ មុនពេលជួបពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី ២២ ខែមេសា។
ក្រសួងការបរទេសកម្ពុជាបានថ្លែងថា ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រី សុខ ចិន្តាសោភា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងខ្លាំងក្លាលើគ្រប់វិស័យនៅក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
ភាគីទាំងពីរបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យទាក់ទងគ្នាយ៉ាងសកម្ម និងញឹកញាប់ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្ហាញអំពីជំនឿទុកចិត្តផ្នែកនយោបាយខ្ពស់ និងមិត្តភាពរឹងមាំដូចដែកថែបរវាងប្រទេសទាំងពីរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាទៅលើការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការផ្លាស់ប្ដូររវាងប្រជាជន និង ប្រជាជន ការអភិវឌ្ឍរួមគ្នានៃ «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
យោងតាមក្រសួងព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ លោក វ៉ាង យី និង លោក ស៊ុន ចាន់ថុល បានធ្វើជាអធិបតេយ្យភាពលើការចុះហត្ថលេខាលើឯកសារមួយចំនួនដូចជា លិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២, វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា, ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខ័ណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
ក្រសួងព័ត៌មានបញ្ជាក់ថា៖ «ទន្ទឹមនេះក៏មានពិធីសម្ពោធជាផ្លូវការនៃសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិនផងដែរ»។
លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់ថា សៀវភៅដែលត្រូវបានសម្ភោធនេះ ត្រូវបានសរសេរដោយលោក ជីវ តាក្វាន់។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ទំនាក់ទំនងកម្ពុជា និងចិន មិនដែលមានភាពជិតស្និតបែបនេះទេនៅក្នុងប្រវត្តិសាស្ត្រ ហើយលោកសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នឹងធ្វើឲ្យមានភាពជាក់ស្ដែងសម្រាប់ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»។
លោកថ្លែងថា៖ «យើងសង្ឃឹមថា ទស្សនកិច្ចរបស់លោកនឹងធ្វើឲ្យការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ ក្លាយទៅជាការជំរុញលំហូរភ្ញៀវទេសចរចិន ការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា-ចិនឲ្យមានទំហំកាន់តែធំជាងមុន និងទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេសពីចិនមកកម្ពុជា ជាពិសេសជំរុញឲ្យមានការអនុវត្តគម្រោង កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាទាំងឡាយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខានាពេលកន្លងមក ដោយប្រែក្លាយពីកិច្ចព្រមព្រៀងឬការសន្យានៅលើក្រដាស់ឲ្យទៅជាការអនុវត្តនៅលើទីលានជាក់ស្ដែង ដែលផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។
លោក គិន ភា បញ្ជាក់ថា ប្រទេសទាំងពីរត្រូវការគ្នាទៅវិញទៅមក និងទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក នៅលើទិដ្ឋភាពផ្សេងៗ រាប់ចាប់ពីនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ និងសន្តិសុខ។
លោកបញ្ជាក់ដូច្នេះថា៖ «បើយើងមើលលើកម្រិតអន្តរជាតិ និងតំបន់ ប្រទេសទាំងពីរតែងគាំទ្រគ្នាទៅវិញទៅមក។ ចិនក៏ទទួលបានផលប្រយោជន៍ច្រើនដែរពីទំនាក់ទំនងរបស់ខ្លួនជាមួយនឹងកម្ពុជា ជាពិសេសការវិនិយោគរបស់ខ្លួនទៅលើធនធានធម្មជាតិរបស់កម្ពុជាដែលជាការវិនិយោគរបស់ចិន ហើយសំខាន់បំផុតទៀតនោះគឺការគាំទ្រឥតងាករេរបស់កម្ពុជាចំពោះជំហររបស់ចិនក្នុងកិច្ចការតំបន់និងពិភពលោក ជាពិសេសជុំវិញបញ្ហាសមុទ្រចិនខាងត្បូងតែម្ដង»៕