អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​ថា ការ​ដែល​លោក ហ៊ុន សែន ​នៅ​តែ​​អត់ឱន​​ដល់​អ្នក​នយោបាយ​ប្រឆាំង​ដែល​ដឹង​កំហុស ​គឺជា​គោល​នយោបាយ​ផ្សះផ្សា​ជាតិ ខណៈ​ដែល​អ្នក​វិភាគ​យល់​ថា នយោបាយ​ផ្ដាច់​ខ្លួន​និង​បញ្ចប់ (Isolate,​ Finish) របស់​លោក​ហ៊ុន សែន​ ​មាន​ប្រសិទ្ធភាព។

ទោះ​បី​ជា​គណបក្ស​ប្រឆាំង​បាន​បែក​បាក់​​ទៅ​ជា​បក្ស​តូចៗ​ជាច្រើន ហើយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ​កំពុង​ធ្លាក់​ចុះ​ឥទ្ធិពល​យ៉ាង​ណា​​ក៏ដោយ ក៏​លោក ហ៊ុន សែន​ នៅ​តែ​បន្ត​ទទួល​ស្វាគមន៍​​និង​លើក​លែង​កំហុស​សម្រាប់​អ្នក​ដែល​ប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី។

អ្នក​ដែល​ប្រកាស​ផ្ដាច់​ខ្លួន​ពីលោក​ សម រង្ស៊ី ចុងក្រោយ​​បំផុត​គឺ​លោក​ ជា ប៉ូច សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ភ្លើងទៀន ដែល​រង​បណ្ដឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពាក់​ព័ន្ធ​​ទៅ​នឹង​ការ​អះអាង​ថា​លោក​តស៊ូ​ជាច្រើន​ឆ្នាំ​ដើម្បី​ទម្លាក់​លោក​ ហ៊ុន សែន។

លោក ជា ប៉ូច ដែល​ធ្លាប់​ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មណ្ឌល​ព្រៃវែង​និង​កំពត បាន​សរសេរ​លិខិត​មួយ​ទៅ​លោក​ ហ៊ុន សែន កាលពី​ថ្ងៃ​ទី២៣ ខែមេសា ដោយ​ទទួល​ស្គាល់​កំហុស និង​ប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី និង​បញ្ឈប់​​រាល់​សកម្មភាព​នយោបាយ​ប្រឆាំង​ទាំង​អស់។

លោកថ្លែង​ថា​លោក «អស់​ជំនឿ​ទៅលើ​គោល​នយោបាយ​បរទេស​និយម ការមួល​បង្កាច់ ការ​ជេរ​ប្រមាថ ការ​លាប​ពណ៌ ការ​បំបែក​បំបាក់ ដែល​មិន​អាច​ឈាន​ទៅ​រក​ការ​បង្រួប​បង្រួម​និង​ផ្សះផ្សារ​ជាតិ​បាន»។

លោក ហ៊ុន សែន ទទួល​យក​ការ​សុំ​ទោស​របស់​លោក ជា ប៉ូច និង​បញ្ជាក់​ថា លោក​ក៏​នឹង​បន្ត​ទទួល​ស្វាគមន៍​អ្នក​ដែល​ប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី ដែល​លោក​ហៅ​ថា «ជន​ក្បត់​ជាតិ​បី​ជំនាន់»។

លោក​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ខ្ញុំ​សូម​យក​ឱកាស​នេះ​បញ្ជាក់​ថា​ យើង​នឹង​ទទួល​យក​ការ​សុំទោស​ពី​មនុស្ស​ផ្សេង​ទៀត​ដែល​ទទួល​កំហុស​និង​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​នឹង​សូម​លើក​លែង​ទោស​ឲ្យ​ពួក​​គេ​​ តែ​​យើង​មិន​អត់​ឱន​ឲ្យ​ជន​ណា​ឬ​ក្រុម​ណា​ក៏​ដោយ​ដែល​បន្ត​ដើរ​តាម​ ជន​ក្បត់ជាតិ​នេះ​ជា​ដាច់​ខាត»។

អ្នក​ដែល​បាន​ប្រកាស​សុំ​ការ​អធ្យាស្រ័យ​ម្នាក់​ទៀត គឺលោក គង់ សភា អតីត​តំណាង​រាស្ត្រ​ខេត្ត​ព្រៃវែង​ពី​គណបក្ស​ប្រឆាំង ដែល​ស្នើ​សុំ​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍​ស្នើសុំ​​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​រូប​លោក​បាន​ចូល​ស្រុក​វិញ​មក​​មើល​ថែ​ឪពុក​ម្ដាយ​ចាស់​ជរា។ 

លោក គង់ សភា គឺ​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​លោក សម រង្ស៊ី រហូត​ដល់​មួយ​រយៈពេល​ចុងក្រោយ។​ ការសុំ​អធ្យាស្រ័យ​របស់​លោក​ត្រូវ​បាន​លោក​ ហ៊ុន ម៉ាណែត ទទួល​យក​​ដោយ​លោក​នាយរដ្ឋមន្ត្រី​ថា​លោក​ក៏​នឹង​អាច​ជួប​ពិភាក្សា​ជាមួយ​គ្នា​នា​ពេល​ខាង​មុខ​ផងដែរ។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ថា លោក ហ៊ុន សែន នឹង​នៅ​បន្ត​អត់​ឱន​ដល់​អ្នកប្រកាស​ផ្ដាច់​ខ្លួន​ពី​លោក សម រង្ស៊ី ប្រសិន​បើ​ពួក​គេ​មាន​ភាព​ច្បាស់​លាស់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​មាន​នយោបាយ​បង្រួប​បង្រួម​ជាតិ​តាំង​ពី​ដើម​មក គឺតាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០។ ដោយសារ​នយោបាយ​នេះ​ហើយ​ទើប​យើង​អាច​សម្រេច​បាន​​នូវកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​បញ្ហា​កម្ពុជា។ នយោបាយ​បង្រួប​បង្រួម​ជាតិ​នេះ​នៅ​តែ​បន្ត​រហូត​ដល់​សព្វថ្ងៃ។ គណបក្ស​ប្រជាជន​អត់​និយាយ​បាត​ដៃ​ខ្នង​ដៃ​ទេ»។ 

លោក​បន្ត​ថា៖ «អីចឹង​បាន​ជាចុងក្រោយ​នេះ បើ​អ្នក​ណា​ផ្ដាច់​ខ្លួន​ពី​ទណ្ឌិត​មេឧទ្ទាម​ក្រៅ​ច្បាប់​ជ្រុល​​និយម​ក្បត់​ជាតិ​បី​ជំនាន់​ហ្នឹង សម្ដេច​មិន​ប្រកែប្រកាន់​ទេ ឲ្យ​តែ​មក​ពិតប្រាកដ​ ហើយ​ឈប់​ធ្វើ​សកម្មភាព​បម្រើ​ដល់​ទណ្ឌិតមេ​ឧទ្ទាម​ក្រៅច្បាប់»។

លោក ឯម សុវណ្ណារ៉ា អ្នក​វិភាគ​នយោបាយ​ឯករាជ្យ យល់​ថា គណបក្ស​ប្រឆាំង​បាន​បែក​បាក់​​គ្នា និង​​គ្មាន​វិធី​ប្រមូលផ្ដុំ​ការ​គាំទ្រ ឬ​គ្មាន​អ្នក​ដឹកនាំ​ជំនាន់​​ថ្មីទេ។ លោកថា ក្រុម​លោក សម រង្ស៊ី កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ទោះ​បី​ជា​មាន​ការ​គាំទ្រ​ពីសហគមន៍​អន្តរជាតិ​ក៏​ដោយ។ 

យ៉ាងណា​ក៏ដោយ លោក​យល់ថា លោក សម រង្ស៊ី នៅតែ​មាន​ឥទ្ធិពលខ្លះ​ និង ជា​ការ​គំរាមកំហែង​នយោបាយ​សម្រាប់​គណបក្ស​កាន់​អំណាច។

លោក​និយាយ​ថា៖ «ដូច្នេះហើយ​បាន​ជាអតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន​ ទទួល​យក​មន្ត្រី​បក្ស​ប្រឆាំងពី​បក្ស​ប្រឆាំង និង​ពី​ក្រុម​លោក សម រង្ស៊ី ​ដើម្បី​ឲ្យ​លោក សម រង្ស៊ី កាន់តែ​ឯកោ កាន់​តែ​ខ្សោយ​ទៅៗ។ នេះជា​ចរន្តនយោបាយ​ IF (ផ្ដាច់ខ្លួន និង​បញ្ចប់) របស់​លោក​ ហ៊ុន សែន ដែល​គាត់​អនុវត្ត​​កាន់​តែ​មាន​ប្រសិទ្ធិភាព​នៅ​ពេល​ដែល​មាន​មន្ត្រី​បក្ស​ប្រឆាំង​ចូលរួម។ ​នេះ​ជា​អ្វី​ដែល​យើង​មើល​ឃើញជា​ទូទៅ»។

លោក សុវណ្ណារ៉ា យល់​ថា អ្នក​ដែល​បាន​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​ដូច​ជា​មិន​សូវ​មាន​ឥទ្ធិពល​អ្វី​ចម្បង​ទេ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​អ្នក​ដែល​នៅ​ដើរ​តាម​បក្ស​ប្រឆាំង​នៅតែ​ពិចារណា​ក្នុង​ការ​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច។

សម្រាប់​រយៈ​ពេល ១០ ទៅ ១៥ ឆ្នាំខាង​មុខ លោក សុវណ្ណារ៉ា យល់​ថា​នឹង​នៅតែ​មាន​ចលនា​របស់​បក្ស​ប្រឆាំង​ពី​សំណាក់​​ក្រុម​លោក សម រង្ស៊ី ប៉ុន្តែ​អាច​ក្នុង​ទម្រង់​ផ្សេង។

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​​និង​​សន្តិភាព​ យល់​ឃើញ​ថា នយោបាយ​នៅ​កម្ពុជា​មាន​ភាព​ចុះឡើង​ ដោយ​លោក​រំលឹក​ថា ដំបូង​ឡើយ មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទេ​ដែល​គេគិត​ថា​ជា​គណបក្ស​ធំៗ​នៅ​កម្ពុជា។ ប៉ុន្តែ​ក្រោយមក​ក៏មាន​គណបក្ស​ជាតិខ្មែរ ដែល​​​បាន​ប្ដូរ​ទៅ​ជា​គណបក្ស​សម រង្ស៊ី។

លោក​ថា ទៅថ្ងៃ​អនាគត ទោះបី​គ្មាន​វត្តមាន​​លោក សម រង្ស៊ី នៅ​ក្នុង​ចំណោម​ក្រុម​ប្រឆាំង​ក៏ដោយ ក៏​នឹង​មាន​គណបក្ស​ប្រឆាំង​ដែល​មានភាព​ទាក់ទាញ​តាម​រយៈ​​កម្មវិធី​នយោបាយ និង​សារនយហោបាយ​​របស់ពួក​គេ។

ចំពោះ​ការ​យោគយល់​របស់​លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅលើ​អ្នក​នយោបាយ​​ប្រឆាំង​ដែល​ដឹង​កំហុស លោក គឹមអេង យល់​ថាវា​​ជា​រឿង​សំខាន់​នៅ​ក្នុង​សង្គម​និង​វប្បធម៌​ប្រជាធិបតេយ្យ។

លោក​និយាយ​ថា៖ «ប្រសិន​បើ​អាច​ធ្វើបាន​នូវការ​យោគ​យល់​អធ្យាស្រ័យ​គ្នា​បែប​នេះ​តទៅទៀត ខ្ញុំ​គិត​ថា​ជា​រឿង​សំខាន់ អាច​ធ្វើ​ឲ្យ​នយោបាយ​កម្ពុជា​មានភាព​រស់​រវើក និង​បាន​ជា​ប្រយោជន៍​សំខាន់​ដល់​ប្រជាពលរដ្ឋ។ គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​និង​គណបក្ស​ប្រឆាំង​មាន​សារៈ​សំខាន់​រៀងៗ​ខ្លួន​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍ​ជាតិ»៕