ភ្នំពេញ៖ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ថ្លែង​ថា កម្ពុជា​នៅតែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស្ដារសន្តិភាព​នៅ​ប្រទេស​អ៊ុយក្រែន ដោយ​លោក​បញ្ជាក់​ថា កម្ពុជាផ្តល់​សារៈសំខាន់ «យ៉ាងខ្លាំង» ចំពោះ​សន្តិភាព។

លោក​លើក​ឡើង​ដូច្នេះ​ក្នុង​លិខិត​ថ្លែង​អំណរគុណ​ទៅ​កាន់​លោក Ruslan Stefanchuk ប្រធានសភា​អ៊ុយក្រែន ដែល​បាន​អបអរសាទរ​លោក​ដែល​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា កាល​ពី​ដើម​ខែ​មេសា។

លោក ហ៊ុន សែន បញ្ជាក់​ក្នុង​លិខិត​នេះ​ដែល​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃទី៣ ខែ​ឧសភា ថា៖ «ក្នុងនាម​ជា​ប្រទេស​ឆ្លង​ផុត​ពី​ជម្លោះ កម្ពុជា​ផ្តល់​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សន្តិភាព ស្ថិរភាព និង​ការ​ជំរុញ​ការ​សន្ទនា​ដើម្បី​ដោះស្រាយ​ជម្លោះ និង​ការ​ខ្វែង​គំនិត»។ 

លោក​បញ្ជាក់​បន្ថែម​ថា កម្ពុជា​គោរព​ច្បាប់​អន្តរជាតិ រួម​ទាំង​គោលការណ៍​នានា​ដែល​មាន​ចែងក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង រក្សា​សណ្ដាប់​ធ្នាប់​អន្តរជាតិ ដោយ​ផ្អែក​លើ​ច្បាប់​តាម​រយៈ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង ពហុភាគី។ 

លោក ហ៊ុន សែន បន្ត​ថា៖ «កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​គាំទ្រ​កិច្ច​ប្រឹងប្រែង​នានា​ក្នុង​គោលដៅ​ស្ដារសន្តិភាព​នៅ​អ៊ុយក្រែន»។

លោក ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​អំពី​ការ​ទន្ទឹង​រង់ចាំ​ធ្វើ​ការ​ជាមួយ លោក Ruslan Stefanchuk ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង ២ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​របស់​ប្រទេស​ទាំង​២។

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ថ្លែង​ថា លិខិត​របស់​លោក ហ៊ុន សែន បង្ហាញ​អំពី​តួនាទី​របស់​កម្ពុជា​នៅ​ក្នុង​ការ​ចូលរួម​ដំណោះ​ស្រាយ​របស់​ពិភព​លោក។ ពីមុន​កម្ពុជា​ជា​ប្រទេស​រងគ្រោះ​មួយ​ដែល​ពិភព​លោក ឬ​អង្គការ​អន្តរជាតិ ជាពិសេស អង្គការសហប្រជាជាតិ​ជួយ​ជ្រោម​ជ្រែង​លើ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​កម្ពុជា​ រីឯ​ពេល​នេះ កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណោះស្រាយ​ពិភពលោក និង នៅ​ក្នុង​ការ​ថែរក្សា​សណ្តាប់ធ្នាប់​ពិភពលោក។

លោកថ្លែងថា លិខិត​នេះ​ក៏​បាន​បង្ហាញ​ថា កម្ពុជា​គោរព​នូវ​ច្បាប់​អន្តរជាតិ និង តួនាទី​ជា​ពហុភាគី​របស់​កម្ពុជា និង​បង្ហាញ​ថា កម្ពុជា​មាន​គោលនយោបាយ​ការ​ទូត​របស់​ខ្លួន​ច្បាស់លាស់ ដោយ​មិន​ទោរទន់​ទៅ​តាម​អតីតកាល ឬ​មនោគមវិជ្ជា​អ្វី​មួយ​នោះ​ទេ។ កម្ពុជា​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​ផ្អែក​លើ​ច្បាប់ជាតិ​ដែល​ចង្អុល​បង្ហាញ​នូវ​គោលនយោបាយ​ច្បាស់លាស់​របស់​ខ្លួន​នៅក្នុង​កិច្ច​ការ​អន្តរជាតិ។ 

លោក យង់ ពៅ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​៖ «កម្ពុជា​ចង់​បាន​ឱ្យ​ពិភព​លោក​មាន​សន្តិភាព​ឱ្យ​បានកាន់​តែ​ច្រើន កាន់តែ​មាន​ស្ថិរភាព ពីព្រោះនេះ​ជា​អ្វីមួយ​ដែល​កម្ពុជា​ធ្លាប់​ជួប​ប្រទះ​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ ដែល​ទើប​តែ​បិទ​បញ្ចប់​ទាំងស្រុង​នៅ​ចុង​ឆ្នាំ ១៩៩៨»។

ក្នុងលិខិត​អបអរសាទរ​លោក ហ៊ុន សែន កាលពី​ខែ​មេសា លោក Ruslan Stefanchuk បានបង្ហាញ​ទំនុក​ចិត្ត​ថា ក្នុង​អំឡុង​ពេល​កាន់​តំណែង​របស់​លោក ហ៊ុន សែន ទំនាក់​ទំនង​អន្តរសភា​អ៊ុយក្រែន-កម្ពុជា នឹង​បន្ត​អភិវឌ្ឍ​ទាំង​ក្នុង​កម្រិត​ទ្វេភាគី និង​ក្នុង​ក្របខ័ណ្ឌ​នៃ​អន្តរសភា​អាស៊ាន សហភាព​អន្តរសភា និង​វេទិកា​អន្តរជាតិ​ផ្សេងៗ​ទៀត។

លោកថ្លែងថា៖ «យើង​ខ្ញុំ​ចងចាំ​ដោយ​អំណរគុណ​ចំពោះ​គោល​ជំហរ​ដោយ​ផ្អែក​លើ​គោលការណ៍​របស់ សម្តេច ស្តីពី​ការ​ថ្កោលទោស​ចំពោះ​ការ​ឈ្លានពាន​របស់​ប្រទេស រុស្ស៊ី ប្រឆាំងនឹង​ប្រទេស​អ៊ុយក្រែន ហើយ​យើង​ពឹង​លើ​ការ​គាំទ្រ​បន្ថែម​ទៀត​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់អន្តរជាតិ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​សន្តិភាព ប្រកប​ដោយ​យុត្តិធម៌​នៅ​ប្រទេស​អ៊ុយក្រែន និងធានា​ស្ថិរភាព​នៅ​លើ​ពិភពលោក»។

ក្នុងលិខិតនេះ ​លោក Ruslan Stefanchuk បានអ​ញ្ជើញ​លោក ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អ៊ុយក្រែន​ផងដែរ៕