ភ្នំពេញ៖ សហព័ន្ធ​កីឡា​​ប្រដាល់គុនខ្មែរ គ្រោងនឹង​បើក​ឱ្យ​មាន​​ការ​ប្រ​កួត​ប្រដាល់​គុន​ខ្មែរ​​ឡើង​វិញ​នៅ​ថ្ងៃ​ទី​​ ៩ ​ខែ​ឧសភា​ខាង​មុខនេះ បន្ទាប់​ពី​បាន​បិទ​ការ​ប្រ​កួត​ទាំង​ស្រុង​ចូល​៤​សប្តាហ៍ គឺ​ស្រប​ទៅនឹង​ រាជរដ្ឋាភិបាល​បាន​​បិទ​ខ្ទប់រាជធានី​ភ្នំពេញ និងក្រុងតាខ្មៅ ដោយបាន​ចាប់​ផ្តើមតាំង​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំថ្មី​ប្រពៃ​ណី​ខ្មែរ​ ហើយ​បន្ត​ និង​បន្ថែម​រហូត​ដល់​ថ្ងៃ​​ទី ​៥​ ខែ​ ឧសភា ​ឆ្នាំ​ ២០២១​។

​ជា​មួយ​គ្នា​នេះ​​សង្វៀន​ទូរទស្ស​ន៍​ឯក​ជន​ដែលបាន​ព្យាយាម ​និង​រង់​ចាំ​តែ​ច្បាប់​អនុញ្ញាត ដើម្បី​បើកឱ្យមានការ​ប្រកួតប្រដាល់​ឡើង​វិញ​នោះ​មាន​សង្វៀន​បាយ័ន​សង្វៀន ​CNC​ និង​សង្វៀន​ថោន ​ខណៈ​ដែល​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ សង្វៀន​ហង្ស​មាស​ និង​សង្វៀន​ឯក​ភ្នំខេត្ត​បាត់​ដំបង​ បាន​បិទ​តាំង​ពី​ព្រឹត្តិការណ៍​ផ្ទុះ​ជំងឺ​កូ​វីដ ​១៩​ ក្នុងសហគមន៍ កាល​ពី​ខែ​កុម្ភៈ​មក​ម៉្លេះ​។​

ប្រភព​ពី​អ្នក​ផ្គូ​ផ្គង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួនបាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​តែ​ពង្រាង​និង​ទំនាក់​ទំនង​កីឡាករ​គ្រូ​បង្វឹក​សមាគម​ក្លិប​ឱ្យ​ចូល​​ហ្វឹក​ហាត់ឡើងវិញ ​ដើម្បី​ចាប់​គូ​ឱ្យ​​ប្រ​កួត​ពី​ថ្ងៃ​ទី​ ៩ ​ខែ ​ឧសភា ​ឆ្នាំ​ ២០២១​ តទៅ​ខណៈ​ដែល​បម្រាម​​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹងបញ្ចប់​ការ​បិទ​ខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ​ខេត្ត​កណ្តាល​ត្រឹម​ថ្ងៃ​ទី​ ៥ ​ខែ​ ឧសភា ​ឆ្នាំ​ ២០២១​។​

តែ​ទោះ​បី​យ៉ាង​ណាអ្វីៗ​ក៏​​អាច​នឹង​មាន​ប្រែ​ប្រួល​ទៅ​តាមស្ថានភាព​​ជាក់​ស្តែងនិង​​តាម​ការ​​ណែនាំ​របស់​អាជ្ញា​ធរ​និង​ថ្នាក់​ដឹង​នាំ​ ឬ​ក្រសួង​ជំនាញជាបន្ត​ទៀតផងដែរ​។​

លោក​ជួប​វុត្ថា​អ្នក​គ្រប់​គ្រង​ផ្គូ​ផ្គង​កីឡា​ប្រចាំ​សង្វៀន​ថោន​បាន​ឱ្យ​ដឹង​ថា​៖​ «យើង​បាន​ទាក់​ទង​កីឡាករ​គ្រូ​បង្វឹក​ និង​ភាគី​ពាក់​ព័ន្ធ​មាន​ក្លិប​សមាគម ​ដើម្បី​ពង្រាង​ជា​ស្រេច​ឱ្យ​​ពួក​គេ​ដឹង​ខ្លួន ហើយ​​ខំហ្វឹក​ហាត់​ជា​បណ្តើរៗ ​ដោយ​រង់​ចាំ​តែ​ការ​អនុញ្ញាត​​ពី​ថ្នាក់​លើ​ប៉ុណ្ណោះ​»។​

លោក​បន្ត​ថា​ ការ​ផ្អាក​ប្រ​កួត​ដោយ​សារ​បញ្ហា​កូវីដ​ ១៩​ នេះ​ គឺ​យើង​ទទួល​ស្គាល់​ថា​​មាន​ផល​លំបាក​ដូច​គ្នា​ជាពិសេស​ គឺ​​កីឡាករ​គ្រូ​បង្វឹក​មន្ត្រី​បច្ចេកទេស ដែលពួកគាត់​​ភាគ​ច្រើន​ទទួល​បាន​កម្រៃ​​ទ្រ​ទ្រង់​ជីវភាព​ប្រ​ចាំ​ថ្ងៃ​ពី​ការ​ប្រ​កួត​នេះ​។​

ចំណែក​លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រ​ដាល់​គុន​ខ្មែរ​​បានប្រាប់​ថា​៖ «​ក្នុង​ស្ថាន​ភាព​កូវីដ​ ១៩ ​រីក​រាល​ដាល​ច្រើន ដែល​​​ការ​ប្រកួត​ត្រូវ​ផ្អាក​ជា​​បណ្តោះ​អាសន្ន​នោះ​ គឺ​ជីវភាព​របស់​កីឡាករ​គ្រូ​បង្វឹក​និងគណៈ​កម្មការ​ មាន​ការ​លំបាក​ដូច​តែ​គ្នា​ហ្នឹង​ ប៉ុន្តែ​យើង​ខិត​ខំ​អត់​ធ្មត់​ទាំង​អស់​គ្នា​ ដើម្បី​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​ជា ជា​ពិសេស​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល​ និង​បទ​បញ្ជា​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​ផ្ទាល់»​។​

គួរបញ្ជាក់​ថា ​​ការ​ប្រ​កួត​ប្រដាល់​គុន​ខ្មែរ​ដែល​មានការ​​ផ្សាយ​ផ្ទាល់​ពី​សង្វៀនជា​ម្ចាស់​ស្ថានីយទូរទស្សន៍​មួយ​ចំនួននោះ គឺ​​ការ​ចំណាយ​គ្រប់​យ៉ាង​បាន​មក​ពី​វិស័យ​ឯក​ជន​ហើយ​ក្នុង​នោះ​កីឡាករ​ជិត​ ២០០​ នាក់ និង​​គណៈកម្មការ​សរុប​ច្រើន​ជាង​រយ​នាក់​ក្នុង​ ១​ សប្តាហ៍ៗ ​ទទួល​បាន​កម្រៃ​​ពលកម្ម​ពី​ការ​ប្រ​កួត​នេះ​ដោយ​កីឡាករ​ម្នាក់​ប្រ​កួត ១​ លើក​មាន​តម្លៃ​ខ្លួន​ចាប់​ពី​ ២៥​ ម៉ីន​រៀល​ ទៅ​ដល់​ជាង​ ១​ លាន​ ៥​ សែន​រៀល​។​

ចំណែក​គណៈ​កម្មក​ការ​អាច​ទទួល​បាន ១ ​ប្រកួត​ពី​ ៥ ម៉ឺន​រៀល​ដល់​ ១០​ ម៉ឺន​រៀល​៕ ​​