អតីតម្ចាស់ខ្សែក្រវាត់ស្រាផែនដី ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមឆ្នាំ ២០០៦ រ៉េវវិរ័ត្នដែលបច្ចុប្បន្នបានវិវឌ្ឍខ្លួនក្លាយទៅជាចៅក្រមអាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរទៅហើយនោះ បានឆ្លងជំងឺកូវីដ ១៩ ហើយកំពុងតែប្រមូលផ្តុំសម្រាកព្យាបាលនៅកន្លែងម៉ូឌែន ២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ ចំណែកការស្នាក់នៅហូបចុកនិងព្យាបាលស្ថិតក្នុងបន្ទុករបស់រាជរដ្ឋាភិបាល។
នៅក្នុងអំឡុងការព្យាបាលជំងឺកូវីដ ១៩ នេះ រ៉េវវិរ័ត្នអះអាងថា ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់និងថែទាំបានល្អប៉ុន្តែអ្វីដែលលំបាកវេទនាបំផុតទប់ទឹកភ្នែកមិនបាននោះគឺប្រពន្ធនិងកូនរបស់លោកដែលមានគ្នាចំនួន ៤ នាក់នៅឯផ្ទះ។ អ្នកទាំង ៤ មិនឆ្លងកូវីដ ១៩ ទេប៉ុន្តែប្រឈមគ្មានអ្វីហូបប្រចាំថ្ងៃទេពោលគឺលំបាកខ្លាំងណាស់ចំណែកបងប្អូនរបស់លោកដែលសុទ្ធតែមានមុខរបរប្រដាល់នោះគ្មានលទ្ធភាពជួយគ្នាបានទេ។
អតីតកីឡាករជើងខ្លាំងវ៉េវវិរ័ត្ន ដែលមានឈ្មោះក្នុងបញ្ជីជាតិថា ម៉ាង សុភ័ណ្ឌ ជាកូនទី ៣ របស់លោកគ្រូប្រដាល់ម៉ាងម៉ន ហើយគេធ្លាប់សាងភាពល្បីល្បាញលើសង្វៀនក្នុងអំឡុងឆ្នាំ ២០០០ និងធ្លាប់ឈ្នះខ្សែទម្ងន់ ៦០ គីឡូក្រាមពីស្រាផែនដីនៅសង្វៀន CTN នាថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០០៦ ក្រោយយកឈ្នះម៉ៃសុជាតិ។
យ៉ាងណាក៏ដោយ ដោយសារវ័យកាន់តែចាស់ប្រកួតបន្តលែងកើតរ៉េវវិរ័ត្នបានវិវឌ្ឍខ្លួនជាប់ជាអាជ្ញាកណ្តាលចៅក្រមរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប៉ុន្តែក្នុង ១ សប្តាហ៍គេផ្តល់ឱកាសឱ្យធ្វើការបានតែ ១ ពេល (១ប្រកួតឬ ១ ប៉ុស្តិ៍) ហើយទទួលបានតម្លៃពលកម្មតែជាង ១០ ដុល្លារប៉ុណ្ណោះ។
លោករ៉េវវិរ័ត្នបានប្រាប់ភ្នំពេញប៉ុស្តិ៍ តាមទូរស័ព្ទកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា៖ «ខ្ញុំត្រូវបានពេទ្យរកឃើញមេរោគកូវីដ ១៩ កាលពីថ្ងៃទី ៦ ខែឧសភាឆ្នាំ២០២១។ពីដំបូងខ្ញុំជាប់ការសង្ស័យក្រោយពេលជួបអ្នកកាសែតម្នាក់ដែលផ្ទុកកូវីដ ១៩ បន្ទាប់មកខ្ញុំពិនិត្យចំនួន ២ លើកគឺថ្ងៃ ១៦ និងទី ២៨ ខែមេសា ហើយគ្មានឃើញកើតទេប៉ុន្តែពិនិត្យម្តងទៀត នាថ្ងៃទី ៤ ខែមេសាទើបមានផ្ទុកជំងឺកូវីដនេះ»។
«ទោះជាយ៉ាងណាខ្ញុំមានសុខភាពល្អដូចគ្មានឈឺទេហើយការហូបចុកស្នាក់នៅនិងថ្នាំព្យាបាលគឺល្អណាស់ ដោយគេយកចិត្តទុកដាក់ល្អមិនលំបាកឡើយ។ ១ ថ្ងៃបានបាយ ៣ ពេល និងមានបង្អែមទៀតគឺក្នុងបន្ទប់ធំមួយមានគ្នា ៤០ នាក់នៅម៉ូឌែន ២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ»។
អតីតម្ចាស់ខ្សែក្រវាត់រូបនេះ បានបន្ថែមថា៖ «អ្វីដែលខ្ញុំព្រួយ និងលំបាកនោះគឺប្រពន្ធនិងកូនៗខ្ញុំ៣នាក់ទៀតនៅឯផ្ទះសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ ដោយមានជីវភាពលំបាកខ្លាំងណាស់គ្មានអ្វីហូបទេ។កាលពីខ្ញុំមិនទាន់ចូលព្យាបាលខ្ញុំធ្វើកម្មករសំណង់ខ្លះរកនេសាទត្រីខ្លះតាមបឹងមួយចំនួនបានខ្លះលក់យកលុយជួយគ្រួសារបានហូប ១ ថ្ងៃទៅ ១ ថ្ងៃតែប៉ុណ្ណោះប៉ុន្តែពេលនេះឆ្លងកូវីដអ៊ីចឹងគ្រួសារខ្វះខាតណាស់»។
ទាំងសំឡេងអួលដើមក រ៉េវ វិរ័ត្ន បានបញ្ជាក់ថា៖ «ពេលខ្ញុំទូរស័ព្ទទៅប្រពន្ធមានតែទឹកភ្នែកគ្រប់ពេល ព្រោះមិនដឹងថា បានអ្វីជួយដល់គ្រួសារ និងកូនៗមានហូបដូចគេឬមានអាហារហូបគ្រប់គ្រាន់។មួយជីវិតខ្ញុំជាកីឡាករទោះក្រលំបាកយ៉ាងណាក៏មិនដែលត្អូញត្អែរសុំជំនួយពីគេនោះទេតែពេលនេះខ្ញុំដាច់ចិត្តសុំហើយព្រោះជាប់កូវីដមិនទាន់ជា»។
ម៉ាង សុភ័ណ្ឌ បានបន្តថា៖ «យ៉ាងណាក្តីចំពោះសុខភាពខ្ញុំល្អធម្មតាហើយលោកគ្រូពេទ្យពិនិត្យលើកទី ១ គឺអស់កូវី ១៩ ខ្ញុំចាំពិនិត្យលើកទី ២ និងទី ៣ ទៀតសិនគឺអាចនឹងសង្ឃឹមថានឹងអស់កូវីដ ១៩ ខ្ញុំអស់ព្រួយហើយ។ពេលនេះខ្ញុំស្នើសុំដល់បងប្អូនមិត្តភក្តិនិងថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់ ព្រមទាំងសប្បុរសជនមេត្តាជួយគ្រួសារប្រពន្ធកូនខ្ញុំមួយរយៈពេលនេះ ព្រោះមានជីវភាពក្រីក្រលំបាកមែនពេលដែលគ្មានខ្ញុំជាមេគ្រួសារនៅជួយ»។
គួររំឭកថា នៅក្នុងអំឡុងឆ្នាំ ១៩៩៨ និងឆ្នាំ ២០០០ រ៉េវវិរ័ត្នបានស្វែងរកការហ្វឹកហាត់ជាមួយក្លិបលោកគ្រូឈិតសារឹមនៅស្តាតចាស់ប៉ុន្តែគេមិនទទួលយកឡើយ។ ក្រោយមក រូបគេបានប្តូរឈ្មោះពីម៉ាងសុភ័ណ្ឌមកជារ៉េវវិរ័ត្ន ដើម្បីកុហកគេថា ជាប្អូនរបស់រ៉េវវិរៈ ដែលកីឡាករឆ្នើមល្បីខ្លាំងកាលនោះនៅក្នុងកងយោធពលខេមរភូមិន្ទទើបគេទទួលឱ្យចូលហាត់ហេតុនេះទើបគេបានប្រើឈ្មោះរ៉េវវិរ័ត្នក្នុងកីឡា រហូតមកដល់បច្ចុប្បន្ន។
និយាយពីប្រវត្តិប្រកួតវិញ រ៉េវ វិរ័ត្ន ធ្លាប់បានឆ្លងកាត់ការប្រកួតចំនួន ១០៣ លើកឈ្នះ ៩០ ស្មើ ១ និងចាញ់ត្រឹម ១២ ដងប៉ុណ្ណោះ។ដៃគូរបស់វិរ័ត្នជំនាន់នោះមានឡុងភិន,បឺត ខាំ,សៅប៊ុននឿន,ទ្រីគន្ធរ និង ម៉ៃសុជាតិជាដើមដែលសុទ្ធតែជាកីឡាករលំដាប់ខ្លាំងៗស៊េរីជួរមុខ។
លោកម៉ាងម៉ន ដែលឪពុកបង្កើតរបស់ រ៉េវ វិរ័ត្ន បាននិយាយថា៖ «គ្រួសារខ្ញុំ មានមុខរបរជាអ្នកប្រដាល់ អ៊ីចឹងបើអត់ប្រកួតគឺដាច់បាយហើយ»។
លោកបន្តថា៖ «មួយរយៈនេះខ្ញុំរស់មានជីវភាពបានដោយសប្បុរសជននិងថ្នាក់ដឹកនាំជួយទេចំពោះវិរ័ត្នកូនរបស់ខ្ញុំនេះគ្នាខ្សត់ណាស់ហើយកន្លងមកមិនចេះត្អូញត្អែរទេ»។
គ្រូប្រដាល់ជើងចាស់រូបនេះ បានបន្ថែមថា៖ «បើវាកុំឆ្លងកូវីដ ១៩ វារកត្រីនិងធ្វើការផ្សេងៗបានចំណូលប៉ុន្តែពេលនេះមិនដឹងថាមាននរណាគេជួយទេខ្ញុំបានត្រឹមអាណិត»។
តាមរយៈម៉នសាម៉េតជាប្អូនប្រុស បាននិយាយថា៖ «ក្រុមគ្រួសាររបស់ខ្ញុំខកខានប្រកួតជិត ៧ សប្តាហ៍ហើយហើយតាមមើលអាចច្រើនសប្តាហ៍ច្រើនថ្ងៃបន្តទៀត។ចំណែកខ្ញុំជាប់កុងត្រាជាមួយសង្វៀនហង្សមាស មិនដឹងពេលណាគេបើកវិញទេ»។
យ៉ាងណាក៏ដោយ នៅក្រោយទទួលបានដំណឹងថា រ៉េវ វិរៈ និងគ្រួសារ ជួបការខ្វះខាតខ្លាំងនោះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចូលរួមឧបត្ថម្ភដល់គ្រួសារមួយនេះចំនួន ២០ ម៉ឺនរៀល ហើយក៏បានឧបត្ថម្ភដល់លោក ម៉ាង ម៉ន និងកីឡាករ ម៉ន វិរៈ ដែលទើបជាសះស្បើយពីជំងឺកូវីដ ក្នុងម្នាក់ៗចំនួន ២០ ម៉ឺនរៀលផងដែរ៕