ភ្នំពេញ៖ ទឹកប្រាក់រង្វាន់ចំនួន ៣,៤ លានរៀលនៃការប្រកួតដណ្តើមប្រាក់លាន របស់សង្វៀនថោន កាលពីថ្ងៃអាទិត្យ បានធ្លាក់ទៅលើកីឡាករ អេលីត ចំរើន របស់ក្លិបនាយកដ្ឋានអង្គរក្ស បន្ទាប់ពីរូបគេបានយកឈ្នះពិន្ទុលើ ប៊ុន សុធា និងបន្តទៅផ្តួល បាង កាយ៉ាក ឱ្យចុះចាញ់ត្រឹមទឹកទី២ ហើយជ័យជម្នះនេះ ចំរើន មិនបានត្រៀមខ្លួននោះទេ ប៉ុន្តែទទួលបានឱកាសឡើងមកជំនួសកីឡាករ បឺត សង្ឃឹម ដែលមានបញ្ហាសុខភាពគ្រុនក្តៅខ្លួនភ្លាមៗ មុនការប្រកួត ១ ថ្ងៃ។
យ៉ាងណាក៏ដោយ សម្រាប់ ប៊ុន សុធា ដែលចាប់ឆ្នោតប៉ះ អេលីត ចំរើន នៅវគ្គជម្រុះនោះបានចាញ់ពិន្ទុ ដោយមិនអស់ចិត្ត ពិសេសវត្តមានរបស់ អេលីត ចំរើន នេះ បានរាំងស្ទះចំពោះរូបគេ មិនអាចដណ្តើមបានប្រាក់លានដូចក្តីរំពឹង។ ចំណែក បាង កាយ៉ាក ដែលឈ្នះពិន្ទុ អ៊ូច ធារិទ្ធនៅវគ្គជម្រុះដំបូងនោះ ត្រូវបាន អេលីត ចំរើន ទាត់បណ្តាលឱ្យខូចជើង ត្រឹមទឹកទី២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
តាមរយៈកិច្ចសម្ភាសក្រោយពេលប្រកួត កីឡាករ ប៊ុន សុធា បាននិយាយថា៖ «ខ្ញុំត្រៀមបានល្អ ហើយប្រកួតក៏បានល្អ ដោយចេញបានទាំង ៣ ច្រក មានទាត់ ឱបឡើងជង្គង់ និងកណ្តាប់ដៃ ប៉ុន្តែលទ្ធផលគេឱ្យពិន្ទុខ្ញុំចាញ់ ១ទល់៤ គឺទៅតាមនឹងទៅ តែខ្ញុំខកចិត្ត ព្រោះប្តូរគូ ហើយ អេលីត ចំរើន គាត់ខ្លាំងផងដែរ គឺលំបាកទប់ទល់មែន»។
កីឡាករជម្រើសជាតិគុនខ្មែរ ប៊ុន សុធា បានបន្តថា៖ «ខ្ញុំប្រឹងអស់លទ្ធភាពហើយ តែធ្វើដូចម្តេច បើគេឱ្យចាញ់ ប៉ុន្តែខ្ញុំគិតថា ការប្រកួតរបស់ខ្ញុំលើកនេះល្អជាងមុនៗ។ ខ្ញុំធ្លាប់ចាញ់គាត់ នៅ PNN ម្តង និងចាញ់នៅបាយ័នម្តង និងលើកនេះម្តងទៀត គឺ៣លើកហើយ នៅតែមិនអស់ចិត្ត នឹងចង់ឡើងប្រកួតសងសឹកម្តងទៀត»។
ចំណែក អេលីត ចំរើន បាននិយាយក្រោយប្រកួតថា៖ «ខ្ញុំមកហាត់ទើបតែបាន ១ សប្តាហ៍ប៉ុណ្ណោះ ដើម្បីត្រៀមប្រកួតសប្តាហ៍ក្រោយទេ ប៉ុន្តែដោយសារ បឺត សង្ឃឹម ឈឺ គេខ្វះអ្នកជំនួស អ៊ីចឹងគ្រូក៏ដាក់ឱ្យខ្ញុំ ប្រកួតតែម្តង។ នៅពេលឡើងសង្វៀន ខ្ញុំចាប់ឆ្នោតបានសិទ្ធិជ្រើសរើសដៃគូប្រកួតវគ្គដំបូង ហើយខ្ញុំគិតថា ឧបសគ្គរបស់ខ្ញុំរវាងកីឡាករទាំង៣នាក់នេះ គឺ ប៊ុន សុធា ហេតុនេះខ្ញុំសុំប្រកួតជាមួយគាត់វគ្គដំបូងតែម្តងទៅ ដើម្បីឱ្យដឹងចាញ់ឬឈ្នះ»។
អេលីត ចំរើន បានបន្តថា៖ «ចំណែកការឡើងទៅជួប បាង កាយ៉ាក នៅវគ្គផ្តាច់ព្រ័ត្រ ខ្ញុំគិតថា មិនបារម្ភទេ។ ទោះបីកន្លងមកខ្ញុំធ្លាប់ចាញ់គាត់ម្តងក៏ដោយ ប៉ុន្តែខ្ញុំប្រើស្នៀតទាត់យកឈ្នះឱ្យបាន ហើយលទ្ធផល ដូចអ្វីដែលខ្ញុំបានរំពឹងទុក គឺខ្ញុំបានទាត់គាត់ឱ្យខូចជើង នៅក្នុងទឹកទី២ តែម្តង»។
អ្នកប្រដាល់ អេលីត ចំរើន ធ្លាប់ឈ្នះបានខ្សែក្រវាត់ចំនួន ២ ស្ថាប័ន និងជាកីឡាករឆ្នើម ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ដែលលំបាករកដៃគូណាស់។ ប្រវត្តិប្រកួត ដែលឈ្នះបានខ្សែក្រវាត់ នៅសង្វៀន ONE TV កាលពីឆ្នាំ ២០១៨ គឺ ចំរើន បានយកឈ្នះជើងខ្លាំង ម៉ន សាម៉េត នៅវគ្គផ្តាច់ព្រ័ត្រ ចំណែកការឈ្នះខ្សែក្រវាត់នៅ PNN រូបគេបានផ្តួលជើងខ្លាំង វ៉ាន់ វឿន ឱ្យសន្លប់ក្នុងទឹកទី៤ នៅវគ្គផ្តាច់ព្រ័ត្រ។
តែទោះបីជាយ៉ាងណា សម្រាប់ការចុះចាញ់ អេលីត ចំរើន យ៉ាងផុយស្រួយនេះ បាង កាយ៉ាល បានប្រាប់ពីមូលហេតុថា៖ «ខ្ញុំបានយកឈ្នះ អ៊ូច ធារិទ្ធ ដោយពិន្ទុ ៣ ទល់ ២ ប៉ុន្តែខ្ញុំបានឈឺជើងរួចទៅហើយ។ អ៊ូច ធារិទ្ធ បានទាត់ជើងរបស់ខ្ញុំឱ្យខូចតាំងពីទឹកទី២ ប៉ុន្តែខ្ញុំចេះតែទ្រាំៗប្រកួតមិនឱ្យគេដឹង។
ហេតុនេះមូលហេតុចាញ់របស់ខ្ញុំ គឺឈឺជើង តាំងពីប្រកួតជម្រុះជុំទី១ ហើយ អេលីត ចំរើន បានទាត់សន្ធាប់ចំរបួសចាស់ នាំឱ្យខ្ញុំសុំចុះចាញ់តែម្តង គឺចាញ់ដោយអស់ចិត្ត។ កាលពីឆ្នាំមុន ខ្ញុំធ្លាប់ឈ្នះ ប៉ុន្តែពេលនេះ អេលីត ចំរើន ល្អដាច់ហើយ»។
ចំណែក លោក ជួប វុត្ថា អ្នកផ្គូផ្គងកីឡាករប្រកួត នៅសង្វៀនថោន បានប្រាប់ថា៖ «យើងមានការសោកស្តាយ ចំពោះការអវត្តមានរបស់ បឺត សង្ឃឹម ដែលក្តៅខ្លួនឈឺភ្លាមៗ មុនការប្រកួតមកដល់១ថ្ងៃ ហើយការដាក់ អេលីត ចំរើន ចូលប្រកួតជំនួសនេះ ពិតជាមានសមត្ថភាពក្បាច់គុនល្អជាងគេបន្តិចមែន ប៉ុន្តែជិតដល់ថ្ងៃប្រកួតហើយ ពិតជាគ្មានកីឡាករណាមកជំនួសបានឱ្យស័ក្តិសមឡើយ»។
លោកបានបន្តថា៖ «នេះជារឿងធម្មតា ដែលសឹងតែគ្រប់សង្វៀន ធ្លាប់បានជួប ព្រោះបញ្ហាកីឡាករ ដែលមានបញ្ហាសុខភាព ឬមិនស្រួលខ្លួននេះ គឺទាំងពេទ្យ ក៏ដូចជាសាមីខ្លួន ព្រមទាំងខាងគណៈកម្មការរៀបចំ ត្រូវតែឯកភាពគ្នា ផ្លាស់ប្តូរគូភ្លាមៗបែបនេះហើយ»៕