ក្រុងប្រ៊ុចសែល៖ សត្វល្អិត​កាន់តែ​ច្រើន​កំពុង​ត្រូវបាន​ប្រែក្លាយ​ពី​សត្វ​គួរឱ្យ​ខ្ពើមរអើម​ទៅក្នុង​ចាន​អាហារ​ដ៏ពេញនិយម​នៅ​អឺរ៉ុប​ក្រោម​កិច្ចព្រមព្រៀង​រវាង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ក្នុងការ​ដាក់ឈ្មោះ​វា​ថា «អាហារ​ច្នៃប្រឌិត​ថ្មី» ដែលមាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន។ នេះ​បើ​យោងតាម​គណៈកម្មការ​អឺរ៉ុប​បានឱ្យដឹង​កាលពី​សប្ដាហ៍​មុន។

កិច្ចព្រមព្រៀង​នេះ​មានន័យថា ប្លុក​ប្រទេស​នៅ​អឺរ៉ុប​ទាំង ២៧ កាន់តែ​ខិត​ទៅជិត​ក្នុង​ការកែសម្រួល​ច្បាប់​អឺរ៉ុប​ ដែល​អាច​អនុញ្ញាត​ឱ្យ​ពលរដ្ឋ និង​ភ្ញៀវ​ទទួលទាន​អាហារ​បន្ថែ​ដោយ​ដង្កូវ​លឿង និង​កូន​ដឹកដឿ (Tenebriomolitor)។

គណៈកម្មការ​បានកត់សម្គាល់​ដោយបាន​ប្រកាសថា៖ «ការប្រើប្រាស់​សត្វល្អិត​ជា​ជម្រើស​ប្រភព​ប្រូតេអ៊ីន មិនមែន​ជា​រឿង​ថ្មី​នោះទេ ហើយ​សត្វល្អិត​ត្រូវបាន​អនុញ្ញាត​ឱ្យទទួលទាន​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន​រួចហើយ»។

គណៈកម្មការ​បាន​បន្ថែម​ថា ដង្កូវ​លឿង​ច្បាស់​ជា​ត្រូវបាន​ហៅ​ជា​អាហារ​ច្នៃប្រឌិត​ថ្មី ពេល​ធ្លាក់​ទៅដល់​ចាន​អាហារ ជាពិសេស​អ្នក​ដែល​អាចមាន​អាល្លែកហ្ស៊ី។ សត្វល្អិត​អាច​ត្រូវបាន​ប្រើ​ជា​សាច់​ក្នុង​សាច់​ប៊ឺហ្គ័រ គ្រឿង​ក្រឡុក​ជំនួយ​ប្រូតេអ៊ីន និង​នំ​ប៊ីស្គីត​ជាដើម។

ខាប់ខេក​បន្ថែម​ដង្កូវ​សម្រាប់​ទទួលទាន​ និង​ភីហ្សា​ផ្សំ​គ្រឿង​ពី​សត្វល្អិត។ AFP

គណៈកម្មការ បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ពាក្យស្នើសុំ​ចំនួន ១១ ដែល​ចង់ឱ្យ​សត្វល្អិត​ក្លាយជា «អាហារ​ប្រភេទ​ថ្មី» នៅ​អឺរ៉ុប ហើយ​ពួកវា​នឹង​ត្រូវបាន​ពិចារណា​ដោយ​អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​អឺរ៉ុប។

គណៈកម្មការ​បាន​បន្ដថា ការសម្រេច​លើ​ការដាក់បញ្ចូល​ដង្កូវ​លឿង​ជា​អាហារ​ថ្មី​នេះ​ត្រូវបាន​រំពឹងថា​នឹង​ត្រូវបាន​អនុវត្ដ​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត។

ខណៈ​គណៈកម្មការ​បានកត់សម្គាល់​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​សត្វល្អិត​ត្រូវបាន​ចាត់ទុក​ជា​ចំណីអាហារ​នៅ​អឺរ៉ុប អង្គភាព​នេះ​បាន​អះអាងថា សត្វល្អិត​ត្រូវបាន​ចាត់ទុកជា​របស់​អាច​ទទួលទាន​នៅតាម​រដ្ឋ​សមាជិក​ជាច្រើន។

ដង្កូវ​អាច​ប្រើ​ជា​សាច់​ស្នូល​ប៊ឺហ្គើរ​ ឬ​ចម្អិន​ជា​គ្រឿងផ្សំ​បន្ថែម​ប្រូតេអ៊ីន។ AFP

ប៉ុន្ដែ​កាលនោះ វា​កើតឡើង​មុន​ការធ្វើ​បច្ចុប្បន្នភាព​ឆ្នាំ ២០១៨ ចំពោះ​បទប្បញ្ញត្ដិ​អឺរ៉ុប​ស្ដីពី​អាហារ​ច្នៃប្រឌិត​ថ្មី ដែល​តម្រូវឱ្យ​សត្វល្អិត​ទាំងអស់​ត្រូវ​ទទួលបាន​ការអនុម័ត​ជាមុនសិន។

ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើ​ការតាមដាន​ជាច្រើន​ឆ្នាំ​លើ​តម្លៃ​ប្រូតេអ៊ីន​ខ្ពស់​នៃ​ដង្កូវ​លឿង ដែល​ផ្ទុក​ខ្លាញ់ និង​អាស៊ីដ​អាមីណូ​ដ៏សំខាន់។

ដង្កូវ​ទាំងនេះ​អាច​លូតលាស់​ជាមួយ​សារធាតុ​ជាច្រើន​រួមមាន មេដំបែ​គ្រឿង​ស្រវឹង ធញ្ញជាតិ ម្សៅពោត និង​ម្សៅ​ដំឡូងបារាំង។

ពួកវា​ត្រូវបាន​ដាក់លក់​នៅតាម​ទីផ្សារ​អាហារ​ជាច្រើន​ក្នុង​បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រួចហើយ៕ HR

វប្បធម៌​ទទួលទាន​ដង្កូវ​នឹង​លែង​ក្លាយជា​អ្វីដែល​ថ្មី​ក្នុង​បរិបទ​ការប្រែប្រួល​អាកាសធាតុ​ និង​ដំណោះស្រាយ​ស្បៀងអាហារ។ AFP

មេ​ចុងភៅ​អាហ្វ្រិក​ខាងត្បូង​បន្ថែម​កូន​ដង្កូវ​លើ​ចាន​អាហារ​ប៉ាស្តា។ AFP