ក្រុង​រីយ៉ូ៖ នារី​រក​ស៊ី​ផ្លូវភេទ​ក្នុង​ទីក្រុង​បេឡូ ហូរីហ៊្សូនតេ នៅភាគ​អាគ្នេយ៍​ប្រទេស​ប្រេស៊ីល បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ ១ ​សប្ដាហ៍ ដោយ​ទាមទារ​ឱ្យ​បញ្ចូល​ក្រុម​ខ្លួន​ក្នុង​បញ្ជី​ជួរ​មុខ​ក្នុងការ​ទទួល​វ៉ាក់​សាំង​ជំងឺកូវីដ​អាទិភាព​។

នារី​រក​ស៊ី​ផ្លូវ​ភេទ​រាប់​ពាន់​នាក់​ក្នុង​ទីក្រុង​នេះ បាន​អស់​មុខ​របរ​ដោយសារ​ការ​បិទ​សណ្ឋាគារ​ទាក់ទង​នឹង​វិបត្ដិ​កូវីដ ជា​ទីដែល​ពួកគេ​ត្រូវ​ជួល​បន្ទប់​សណ្ឋាគារ​ដើម្បី​លក់​សេវាកម្ម​ដល់​អតិថិជន​ដែល​ជួប​គ្នា​នៅតាម​ដង​ផ្លូវ​។

ស៊ីដា វីយ៉ែរ៉ា ប្រធាន​សមាគម​នារី​រក​ស៊ី​ផ្លូវ​ភេទរដ្ឋ​មីណាស ហ្គេរ៉ៃស៍ បាន​ប្រាប់ AFP ថា​៖ «​យើង​ស្ថិត​នៅ​តំបន់​ជួរ​មុខ​ ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច ហើយ​យើង​ប្រឈម​នឹង​ហានិភ័យ​ណាស់។ យើង​ត្រូវការ​ចាក់​វ៉ាក់សាំង​មុន​»។

អ្នកស្រី វីយ៉ែរ៉ា និង​ស្ដ្រីដទៃ​ទៀត ​កាល​ពី​ថ្ងៃ​ចន្ទ បាន​ដឹក​នាំ​ការ​តវ៉ានៅ​លើតាម​ដង​ផ្លូវ​​ ដោយ​​សណ្ឋាគារ​ជា​ច្រើន​បិទទ្វារ ជា​កន្លែង​ប្រកប​របរ​របស់​ពួកគេ និង​បាន​លើក​បដា​ស្រែកឡើង​ថា «​ស្រីពេស្យា​ ក៏ជា​អាជីព​​មួយ​ដែរ​!» និង​ពាក្យ​ថា «​ការងារ​ និង​សុខភាព​ផ្លូវ​ភេទ»។

លូស៊ីម៉ារ៉ា កូស្ដា ជា​នារី​តវ៉ា​ម្នាក់​បាន​និយាយថា​៖ «​យើង​គឺជា​ផ្នែក​មួយ​នៃក្រុម​អាទិភាព​ ពីព្រោះ​យើង​ជួប​ផ្ទាល់​ជាមួយ​មនុស្ស​ជា​ច្រើន​ ហើយ​ជីវិត​យើង​ពិត​ជា​ប្រឈម​ខ្លាំង​ណាស់»។

នារីរកស៊ីផ្លូវភេទ ទាមទារឱ្យបញ្ចូលក្រុមខ្លួនក្នុងបញ្ជីជួរមុខក្នុងការទទួលវ៉ាក់សាំងជំងឺកូវីដអាទិភាព។ AFP

រដ្ឋាភិបាល​បាន​ផ្ដល់​អាទិភាពដល់បុគ្គលិក​សុខាភិបាល គ្រូបង្រៀន មនុស្ស​ចាស់ ​ជនជាតិដើម និង​អ្នក​មាន​ស្ថានភាព​សុខភាពមិន​អំណោយ​ផល​ គឺជា​បុគ្គល​ដែលត្រូវទទួល​វ៉ាក់​សាំង​មុនគេ​។

រដ្ឋាភិបាល​រំពឹង​ថានឹង​ចាក់​វ៉ាក់​សាំង​ដល់​ក្រុម​អាទិភាព​ប្រមាណ ៧៧​ លាន​នាក់​ ក្នុង​ឆមាស​ដំបូង​នៃឆ្នាំ​ ២០២១ តែ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា វា​អាច​ធ្លាក់​ទៅ​ដល់​ខែ​កញ្ញា​ឯនោះ​ដោយសារ​បញ្ហា​ខ្វះ​វ៉ាក់សាំង។

អ្នកស្រី វីយ៉ែរ៉ា បាន​ប្រាប់ AFP ថា​៖ «​យើង​ជា​ក្រុម​អាទិភាព​ យើង​ជា​អ្នក​អប់រំ​បញ្ហា​សុខភាព​ផ្លូវភេទ។ យើង​ជា​ផ្នែក​មួយ​នៃ​ក្រុម​អាទិភាព​ ដោយ​សារ​យើង​ផ្សព្វ​ផ្សាយ​ចំណេះ​ដឹង​នៃ​បញ្ហា​ជំងឺ​ឆ្លង​ដល់​បុរស​ៗ​ និង​ចែក​ស្រោម​អនាម័យ​ទៀតផង​»៕ AFP/HR​

រូបភាពឯកសារពីឆ្នាំ២០១៣នារីរកស៊ីផ្លូវភេទនិងនារីកែភេទ នៅតំបន់ Belo Horizonte ប្រទេសប្រេស៊ីល។ AFP

នារីរកស៊ីផ្លូវភេទឈរចរចាជាមួយអតិថិជននៅដងវិថីនៃតំបន់Belo Horizonteប្រទេសប្រេស៊ីល។ AFP

រូបភាពឯកសារពីឆ្នាំ ២០១៣ នារីរកស៊ីផ្លូវភេទនិងនារីកែភេទ នៅតំបន់ Belo Horizonte ប្រទេសប្រេស៊ីល។ AFP