ក្រុងប៉ារីស៖ ប៉ម Eiffel Tower នឹងបើកទទួលភ្ញៀវឡើងវិញនៅថ្ងទី ១៦ ខែកក្កដា ក្រោយពីបិទដំណើរការជាច្រើនខែដោយសារវិបត្ដិកូវីដសកល។ នេះបើយោងតាមប្រតិបត្ដិករអគារកម្សាន្ដប៉ារីសបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។
ប្រតិបត្ដិករ Sete បានប្រាប់ AFP ថា ចំនួនភ្ញៀវនឹងត្រូវកំណត់ត្រឹម ១ ម៉ឺននាក់ក្នុងមួយថ្ងៃ ដើម្បីគោរពទៅតាមគោលការណ៍រក្សាគម្លាតសុវត្ថិភាព ដែលជាចំនួនតិចជាងការចូលទស្សនាមុនសម័យកូវីដជាងពាក់កណ្ដាល។
ត្រឹមពាក់កណ្ដាលនៃចំនួនមនុស្សធម្មតាត្រូវបានអនុញ្ញាតឱ្យឡើងជណ្ដើរយន្ដម្ដង។ ប៉ម Eiffel Tower ត្រូវបាននិងកំពុងតែកែកុនមុខមាត់ប៉ម ១៣០ ឆ្នាំ ឱ្យកាន់តែល្អឥតខ្ចោះសម្រាប់ស្វាគមន៍ព្រឹត្ដិការណ៍កីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ ២០២៤ រួមទាំងដោយការងារលាបថ្នាំពណ៌ដើម្បីរំលេចពណ៌មាសស្រស់បំព្រង។
ប៉ុន្ដែការលាបពណ៌ត្រូវបានផ្អាកក្រោយត្រូវបានរកឃើញសារធាតុពុលលើស្រទាប់ថ្នាំលាប ដែលធ្វើឱ្យដំណើរការរអាក់រអួល។ ការបើកទ្វារឡើងវិញបានបង្ហាញពីការបិទប៉មដែកទម្ងន់ ១០ តោន ដ៏យូរបំផុតតាំងពីសម័យសង្គ្រាមលោកលើកទី២។
ប៉ម Eiffel Tower ត្រូវបានបិទជាង ៣ ខែ អំឡុងពេលរលកកូវីដដំបូងកាលពីនិទាឃរដូវឆ្នាំមុន ហើយបិទម្ដងទៀតនៅសិសិររដូវ។ សំណង់ដែក ដែលកសាងក្នុងឆ្នាំ ១៨៨៩ តែងតែទទួលភ្ញៀវប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ ដោយភាគច្រើនជាភ្ញៀវបរទេស។
ប៉ុន្ដែដោយសារការរឹតបន្ដឹង ពេលនេះ ប៉ម Eiffel Tower នឹងខាតបង់ប្រាក់ ៨៥ លានដុល្លារ ក្នុងឆ្នាំ ២០២១ ក្រោយពីខាត ៥២ លាន កាលពីឆ្នាំមុន ដែលបង្ខំឱ្យប្រតិបត្ដិករស្វែងរកហិរញ្ញវត្ថុថ្មី។
អគ្គនាយក Sete លោក Jean-François Martins បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ក្រោយពីការបិទរយៈពេលជាច្រើនខែ យើងមានចិត្ដអន្ទះសាចង់ឱ្យបុគ្គលិក និងភ្ញៀវវិលមកវិញ ដោយគោរពតាមគោលការណ៍សុវត្ថិភាព»៕ AFP/HR