ភ្នំពេញ៖ ពៃ ប្រសូតមកខុសពីកុមារដទៃ ហើយអត្ដចរិតមិនប្រក្រតីនេះ កុមារីរូបនេះត្រូវបានជឿថា មានបញ្ហាផ្នែកផ្លូវងងឹត និងគួរតែត្រូវបានព្យាបាលដោយការប្រើថ្នាំបុរាណ ឬគ្រូមន្តអាគម។
កុមារីត្រូវបាននាំទៅជួបគ្រូមន្តអាគម និងទទួលការព្យាបាលដោយទទួលទានថ្នាំបុរាណ បើទោះបីជាត្រូវបានធ្វើរោគវិនិច្ឆ័យកាលពីអាយុ ៣ ឆ្នាំយ៉ាងណាក៏ដោយ។
ឆ្លើយតបនឹងជំនឿខ្លះដែលអាចនាំឱ្យមានការជួយយឺតយ៉ាវ Special Education Cambodia (SEC) ជាវេបសាយមួយក្នុងចំណោមវេបសាយតិចតួចនៅប្រទេសកម្ពុជា ត្រូវបានបង្កើតឡើង។
វេបសាយ និងបណ្ដាញសង្គមនេះមានបំណងផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងដល់ឪពុកម្ដាយ និងពលរដ្ឋខ្មែរអំពីបញ្ហាកុមារមានពិការភាពផ្សេង។
អ្នកនាង ហេង សុផាណែត ជាស្ថាបនិក SEC បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំចាប់ផ្ដើមបង្កើតវាដោយសារបញ្ហាយល់ច្រឡំ និងការទទួលព័ត៌មានមិនច្បាស់ដែលមនុស្សមួយចំនួនគិតលើកូនមានតម្រូវការពិសេស និងស្ថានភាពរបស់ពួកគេ»។
អ្នកនាងនិយាយថា អ្នកខ្លះជឿថា កុមារដែលត្រូវការការអប់រំពិសេស ជាពិសេសកុមារអូទីសឹម អាចត្រូវបានព្យាបាល ឬជួយឱ្យឆាប់វិលមកកាន់ប្រក្រតីភាពដោយការប្រើប្រាស់ថ្នាំបុរាណ រៀបចំពិធីសាសនា ម្សៅទឹកដោះគោ ឬថែមទាំងប្រើវិធីសាស្ដ្រសាមញ្ញៗ ដូចជាបញ្ឈប់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកជាដើម។
ស្ថាបនិក SEC ដែលបានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកអប់រំពិសេសពីសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ដ្រាលី និងមានបទពិសោធក្នុងវិស័យនេះ ៨ ឆ្នាំ បានឱ្យដឹងថា៖ «ខ្ញុំបានឮ និងឃើញពីការលំបាករបស់ឪពុកម្ដាយដែលបានចំណាយប្រាក់រាប់ពាន់ដុល្លារលើកិច្ចអន្ដរាគមន៍ខុសឆ្គង។ ពួកគេរំពឹងថា ថ្ងៃណាមួយកូនរបស់ខ្លួននឹងជាសះស្បើយដូចក្មេងធម្មតា ដោយមិនបានជួយឱ្យបានត្រឹមត្រូវ និងទទួលយកការពិត»។
អ្នកនាងបានបន្ដថា៖ «ខ្ញុំគិតថា វាសំខាន់ណាស់ដែលខ្ញុំអាចក្លាយជាប្រភពព័ត៌មានសម្រាប់ឪពុកម្ដាយ និងអាណាព្យាបាលអាចឆាប់យល់ និងងាយស្រួល»។
អ្នកនាងផ្ដោតលើការផ្ដល់ចំណេះដឹងតាមរយៈការបណ្ដុះបណ្ដាលគ្រូ និងឪពុកម្ដាយដែលមានបំណងសិក្សាពីការអប់រំពិសេស ក៏ដូចជាផ្ដល់ប្រឹក្សាតាមអនឡាញ និងទូរស័ព្ទដោយឥតគិតថ្លៃ។
អូទីសឹមមិនអាចព្យាបាលតាមបែបអបិយជំនឿឡើយ តែក៏មិនអាចប្រើឱសថផងដែរ។ នោះជាមូលហេតុដែលឪពុកម្ដាយតែងតែសាកសួរអ្នកជំនាញថា តើកូនរបស់ខ្លួននឹងក្លាយជាកុមារប្រក្រតីឬទេ?
អ្នកនាង សុផាណែត បានឱ្យដឹងថា៖ «អត់មានថ្នាំព្យាបាល និងវិធីឆាប់ជាសះស្បើយដូចជំងឺឡើយ។ ខ្ញុំមិនច្បាស់អំពីការព្យាបាលនៅពេលអនាគតឡើយ តែពេលនេះ អូទីសឹម គឺជាពិការភាព ១ ប្រភេទ»។
ពិការភាព គឺជាស្ថានភាពមួយដែលកំហិតសមត្ថភាពបុគ្គលម្នាក់ក្នុងការធ្វើអ្វីមួយ ដូចជាបញ្ហាពិការភ្នែកជាដើម។ អ្នកមានបញ្ហាពិការភ្នែក មានវិធីសាស្ដ្រច្រើនក្នុងការរៀន ដើម្បីបន្ដជីវិតរស់ទៅមុខទៀត។ មិនខុសអីពីកុមារអូទីសឹមឡើយ។
អ្នកនាងបានបន្ដថា៖ «សកម្មភាពប្រចាំថ្ងៃ ការទំនាក់ទំនងសង្គម និងចិត្ដវិទ្យាអាចពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង និងការរស់នៅចុះសម្រុងក្នុងសង្គម»។
ផ្ដើមពីការលេងហ្គេមធម្មតាៗក្នុងការពង្រឹងកម្លាំងដៃ ជំនាញចលនាតូច សកម្មភាពទម្លាប់ និងការរំញោចញាណរហូតដល់ការឆ្លើយសំណួររបស់ឪពុកម្ដាយ អ្នកនាង សុផាណែត បានព្យាយាមផ្ដល់ព័ត៌មានដ៏ចាំបាច់ដែលឪពុកម្ដាយអាចអនុវត្ដនៅផ្ទះជាមួយកូន។
ថ្វីដ្បិតតែ ពៃ មិនស្ថិតនៅក្នុងកុមារទទួលចំណេះដឹងពី SEC យ៉ាងណាក៏ដោយ ក៏កុមារីនេះទទួលបានការអប់រំពិសេសពីសាលារៀនមួយចំណោមសាលាដ៏តិចតួចនៅកម្ពុជា។
មុនពេលបិទទ្វារដោយសារតែវិបត្ដិកូវីដ ពៃ អាយុ ៩ ឆ្នាំ ជាកូនស្រីច្បងរបស់ប្ដីប្រពន្ធធ្វើការក្រុមហ៊ុនឯកជន ជាសិស្សប្រចាំនៅសាលារៀនអប់រំពិសេសនៃការលូតលាស់ ជាសាលាសប្បុរសធម៌ឧបត្ថម្ភដោយព្រះវិហារកាតូលិក និងឪពុកម្ដាយផ្ទាល់។
អង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍ (HHC) ជាឧទាហរណ៍មួយផ្សេងទៀតនៃការអប់រំពិសេសនៅកម្ពុជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំកុមារមានពិការភាពទាំងនេះ។
អ្នកនាង សុផាណែត បាននិយាយថា៖ «លោក ចាន់ សារិន ជានាយកអង្គការ HHC បាននិងកំពុងធ្វើការជាមួយអង្គការជាតិ និងអន្ដរជាតិ ដើម្បីបង្កើតគោលនយោបាយអប់រំសម្រាប់កុមារត្រូវការការអប់រំពិសេសដោយអាស្រ័យលើកម្មវិធីសិក្សារបស់កម្ពុជា និងផ្សព្វផ្សាយចំណេះដឹងតាមរយៈមធ្យោបាយនានាទៅដល់ពលរដ្ឋកម្ពុជា»។
អ្នកនាងបាននិយាយដោយសំអាងលើទិន្នន័យពី HHC ថា យោងតាមទិន្នន័យចុងក្រោយដែលប្រមូលបានកាលពីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ មានកុមារអូទីសឹមប្រមាណ ១ ១៥៨ នាក់ ហើយចំនួននេះដែលធ្វើការស្រាវជ្រាវត្រឹម ៦ ខេត្ដ នឹងបន្ដឡើងរហូតដល់ ២ ម៉ឺននាក់ នាឆ្នាំនេះ។
ដើម្បីជួយកូនរៀននៅផ្ទះ ឪពុកម្ដាយត្រូវមានចិត្ដអត់ធ្មត់ ទទួលយកការពិត និងមានភាពជឿជាក់ចំពោះការអន្ដរាគមន៍។
លើសពីនេះ ត្រូវបញ្ជូនកូនទៅកាន់សាលាអប់រំពិសេសតាំងពីក្មេងវ័យឱ្យបានឆាប់បំផុត។
អ្នកនាង សុផាណែត បាននិយាយដោយបានដកស្រង់សម្ដីលោក សារិម ថា៖ «ឪពុកម្ដាយគួរតែបញ្ជូនកូនមានអូទីសឹមទៅសាលាអប់រំពិសេសនៅមុនអាយុ ៤ ឆ្នាំ ឬត្រឹម ៣ ឆ្នាំ»។
ឪពុកម្ដាយក៏គួរតែឱ្យកូនចូលរួមសកម្មភាពផ្សេងៗនៅក្នុងការរៀនពីបរិស្ថានជុំវិញខ្លួន។
អ្នកជំនាញបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ពីប្រទេសអូស្ដ្រាលី រូបនេះ បានអះអាងថា ពួកគេក៏ត្រូវធ្វើការជិតស្និទ្ធជាមួយសាលារៀនដោយសារតែការពាក់ព័ន្ធរបស់ឪពុកម្ដាយពិតជាចំណែកដ៏សំខាន់សម្រាប់ការអប់រំពិសេស។
សម្រាប់ព័ត៌មានលម្អិតពីការស្វែងយល់លើចំណេះដឹងកុមារពិការភាព ជាពិសសកុមារអូទីសឹម សុំចូលទៅកាន់ទំព័រហ្វេសប៊ុក @SpecialEducationCambodia និងវេបសាយ www.specialeducationcambodia.com/៕