ក្រុងប៉ារីស៖ រថភ្លើងដេកផ្លូវដ៏ល្បីល្បាញ ដែលនាំអ្នកដំណើរឆ្លងកាត់ប្រទេសបារាំងទៅកាន់ដែនសមុទ្រមេឌីទែរណេជិត១ទសវត្សរ៍ បានវិលមកកាន់ផ្លូវរថវិញ ជាផ្នែកមួយនៃគម្រោងរដ្ឋាភិបាលបារាំងក្នុងបំណងស្រោចស្រង់ប្រពៃណីធ្វើដំណើរពេញយប់ឡើងវិញ។
រថភ្លើងខៀវ ដែលហៅថាតាមពណ៌ទូរថភ្លើងពណ៌ខៀវ បានបង្កើតឡើងក្នុងឆ្នាំ១៨៨៦ ដើម្បីធ្វើដំណើរជាលក្ខណៈអន្ដរជាតិទៅកាន់តំបន់ឆ្នេរ French Riviera ពីទីក្រុងកំពង់ផែ Calais ជាទីដែលវាទទួលភ្ញៀវធ្វើដំណើរតាមនាវាពីចក្រភពអង់គ្លេស និងក្រុងប៉ារីស។
រថភ្លើងបរឆ្លងអាធ្រាត្រ ដែលគ្រោងផ្ដល់សេវាកម្មរៀងរាល់ថ្ងៃរវាងក្រុងប៉ារីស និងទីក្រុងនីស មានល្បឿនយឺតទ្វេដងពីរថភ្លើងល្បឿនលឿនTGV ដើម្បីសម្រេចគោលដៅលើចម្ងាយផ្លូវជិត ១០៨៨គីឡូម៉ែត្រ។
ប៉ុន្ដែសំបុត្ររថភ្លើងល្បឿនលឿន TGV រវាងក្រុងទាំងពីរ មានតម្លៃជាង ១០០ អឺរ៉ូ (១២២ ដុល្លារ) លើដំណើរ១ជើង រថភ្លើងរាត្រី ដែលផ្ដល់សេវាកម្មកន្លែងដំណេកតម្លៃចាប់ពី ២៩ អឺរ៉ូ (៣៥ ដុល្លារ) បំណងផ្ដល់តម្លៃសមរម្យសម្រាប់អ្នកធ្វើដំណើរឆ្លងប្រទេសទាំងអស់។
រថភ្លើងក្រុងប៉ារីស និងក្រុងនីស ត្រូវបានកាត់ផ្ដាច់ទំនាក់ទំនងជាង ៤ ឆ្នាំដោយសារមូលហេតុការចំណាយខ្ពស់។
អ្នកដំណើរ អេរីច ដេឡាស៊ីម៉ុង ជានាយកផ្នែកហិរញ្ញវត្ថុ បាននិយាយថា លោកយល់ថា រថភ្លើងរាត្រីពិតជាគួរឱ្យទាក់ទាញ និងជាលក្ខណៈពិសេសដែលមិនមាននៅក្នុងរថភ្លើងល្បឿនលឿន TGV នោះឡើយ។
លោកនិយាយថា៖ «យើងចូលមក រួចដេកស្ដាប់សំឡេងរថភ្លើង និងនឹកស្រមៃដល់ដំណើរនេះ។ វាហាក់ដូចជាការរំឭកពីបុរាណកាល និងអារម្មណ៍បែបប្លែក»។
លោក នីកូឡាស ហ្វូរែន និងអាលីស ប៊ីលឡុន ជាអ្នកដំណើរ ដែលជាសមាជិកសមាគម «យល់ព្រមជិះរថភ្លើងដេកផ្លូវ» ឬ «Oui au train de nuit» បាននិយាយថា ពួកគេមានអារម្មណ៍រីករាយដែលបានជិះរថភ្លើងនេះ តែសង្ឃឹមថា នាពេលអនាគតរថភ្លើងប្រភេទនេះនឹងកាន់តែបំពាក់បរិក្ខាល្អប្រសើរ។
យ៉ាងណាមិញលោក ប៊ីលឡុន បាននិយាយថា៖ «យើងមានការខកចិត្ដ ដែលទូរថភ្លើងទាំងនេះមិនត្រូវបានជួសជុលកែលម្អ»។
ប៉ុន្ដែប្រតិបត្ដិកររថភ្លើងខ្លះមានការបារម្ភចំពោះការនាំយកប្រពៃណីដេកលើគ្រែរថភ្លើងដ៏តូចចង្អៀតមកវិញ ជាពិសេស ក្នុងសម័យវីរុសកូរ៉ូណានេះ។
ដើម្បីកាត់ផ្ដាច់លទ្ធភាពចម្លងវីរុស គ្រែលើរថភ្លើងចំពោះសេវាកម្មអ្នកដំណើរពីទីក្រុងប៉ារីស និងទីក្រុងនីស ត្រូវបានកំណត់ត្រឹមតែ ៤ នាក់ ក្នុង ១ ទូ៕ AFP/HR