ភ្នំពេញ៖ ខណៈដែល​​រលក​ព័ត៌មាន​​​កំពុង​តែ​ឡើង​កម្តៅខ្លាំង​​លើ​​បណ្តាញ​សង្គម​ជុំ​វិញ​រឿង​រ៉ាវ​នៃ​​ការ​​​​រំលោភ​​បំពាន​​​​មក​លើ​តារាស្រី​វ័យ​ក្មេង​កញ្ញា មាន ពេជ្ររីតា ពីសំណាក់​ឧកញ៉ា​ ហេង សៀ ក្រោយ​​ពី​​មាន​​ធ្លាយ​​រឿង​​​​ពា​ក្យ​បណ្តឹង​ពី​ខាង​ស្រី​​ថ្មីៗនេះ​​ក៏​ស្រាប់​តែ​លេច​ឮ​​​ដំណឹងបែប​​អាថ៌​​​​កំបាំង​​ពី​តារា​ស្រី ​២ ដួង​ទៀត​ផង​ដែរ គឺ​កញ្ញា សេង រដ្ឋា និង​កញ្ញា នីកគី​។

សូរ​ស័ព្ទ​​​​ស្រែក​យំ​រៀប​រាប់​ហេតុ​ការ​ណ៍​អាក្រក់​កើត​ឡើង​លើ​ខ្លួន​​ឯង ​គឺ​តារា​ម៉ូដែល និង​ពិធី​ការិនីទូរ​ទស្សន៍ MyTV វ័យ​ ១៩ ឆ្នាំ កញ្ញា មាន ពេជ្រ​រីតា ដែល​បង្ហើរជាពាក្យ​ពេចន៍​​ថា​៖​ «​ខ្ញុំ​ខ្ពើម​​​​​ខ្លួន​ឯង​​ណាស់​ម៉ាក់» «គេស្ទាប​ខ្ញុំ គេប៉ះខ្ញុំ​» «ខ្ញុំមិនចង់គិតទេ គេចង់រំលោភខ្ញុំណាម៉ាក់!​គេ​​​មាន​កាំភ្លើង គេ​ចង់ធ្វើ​បាប​ខ្ញុំណា​ម៉ាក់» នោះ​ កំពុង​តែ​ដិត​ដាម​នៅ​ក្នុង​អារម្មណ៍​​អ្នក​តាមដាន​ក្នុង​​​​​​គ្រប់​មជ្ឈ​ដ្ឋាន​ ជាពិសេស​ពី​បណ្តា​ក្រុម​អ្នក​សិល្បៈ​ជា​ស្រ្តី​ សុទ្ធ​តែ​បាន​បង្ហាញ​អារម្មណ៍​​​ស្អប់​​​​​​ខ្ពើមទង្វើ​​​ដែល​​បានកើត​ឡើង​នេះ​​​ និង​​សំណូ​ម​​ពរ​ឱ្យ​មាន​​​​ការជួយស្រាវជ្រាវ​​រក​​​យុត្តិធម៌​ផង​ដែរ។

ដោយ​ឡែក​នារសៀល​ថ្ងៃ​ទី​ ១២ ខែ ​ឧសភា ឆ្នាំ​ ២០២១ នេះ មាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេជោ​ ចាប់ផ្តើម​ស្រាវជ្រាវ​លើពាក្យបណ្តឹង​កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរ​ទស្សន៍ My TV ចំពោះ​ឧកញ៉ា ហេង សៀ ពីបទប៉ុន​ប៉ង​រំលោភសេពសន្ធវៈ​ក្នុង​រថយន្ត ដែល​បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​ ៤ ខែ​ ឧសភា ឆ្នាំ​ ២០២១ កន្លង​មក​នោះ​​។

កញ្ញា សេង រដ្ឋា បរិយាយ​បទពិសោធ​រង​ការ​បំពាន។ ហ្វេសប៊ុក

អ្វី​ដែល​គួរ​ឱ្យ​មាន​ការ​ភ្ញាក់​ផង​ដែរ​នោះ ស្រាប់​តែ​លេច​ចេញ​​រឿង​អាថ៌​កំបាំង​ពី​តារា​​ស្រី​ ២ ដួង​ផ្សេងទៀតគឺ​កញ្ញា សេង រដ្ឋា អតីត​កញ្ញាឯក​ដ៏​អស្ចារ្យ​កម្ពុជា​ឆ្នាំ​ ២០២០ (Miss Grand Cambodia 2020) និង​តារា​ចម្រៀង​ស្រី កញ្ញា នីកគី បាន​បញ្ចេញ​នូវ​សារ​បរិយាយ​ពី​រឿង​ផ្ទាល់​​​ខ្លួន​មាន​ស្ថាន​ភាព​ខុស​ប្រក្រតី អាចនឹង​​រង​គ្រោះ​​​​​ស្រដៀង​គ្នានឹង​កញ្ញា មាន ពេជ្ររីតា ដែរ។

កញ្ញា សេង រដ្ឋា បង្ហោះ​សារក្នុង​ហ្វេសប៊ុក​ខ្លួន​ ដោយបានបរិយាយ​ថា៖ «និយាយ​ការ​ងារ​តាម Telegram និយាយហើយ​លុប និយាយហើយ​លុប។ សំណាង​របស់​ខ្ញុំ​ហើយ​ ដែល​មិន​បាន​សម្រេច​ចិត្ត​ទទួល​ការ​ងារ​ពី​បុគ្គល​នោះ»។

ចំណែក​តារា​ចម្រៀង​ស្រី​កញ្ញា នីកគី វិញ​​នោះ​បាន​រៀបរាប់​សារ​យ៉ាង​វែង​ថា៖ «ខ្ញុំ​​សុំ​និយាយ​តំណាង​​​​ឱ្យ​ក្រុមទាំងមូល​តែម្ដង ហើយ​ខ្ញុំ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថាតួរបស់ខ្ញុំ​មួយ​ណា​ខ្លះ ​ដែល​ជា​គោល​​​ដៅចំ​។ សំណាង​ណាស់! ពិតជា​សំណាង​ណាស់ ​ដែលខ្ញុំ​ជឿ​លើ​សភាវ​គតិ​របស់ខ្ញុំ​នៅពេល​ដែល​​​​​​និយាយ​ការងារ​មិនចេញ​សាច់ការអ្វីសោះ។​បន្ទាប់ពីបានទទួល​ការងារ​រាប់ពាន់ដង​ហើយ វា​ពិត​​ជា​ ងាយយល់ណាស់ សម្រាប់​ពួកខ្ញុំ​ ក្នុងការសម្គាល់​ថាអ្វីធម្មតា ​អ្វីដែល​ខុសប្រក្រតី។ ត្រូវ​មាន​ការ​​ប្រុងប្រយ័ត្ន​ជានិច្ច ​ហើយ​បើការនិយាយស្ដី​ចេះតែ​ផ្ដោតទៅលើតែតួ និង​ការ​ជួបគ្នា ​ផឹកកាហ្វេ ជាង​​ការងារជាក់ស្ដែង​ទាក់ទង​ទៅនឹង​Conceptឬប្រភេទ​វីដេអូផ្សាយពាណិជ្ជកម្ម គួរ​បោះបង់​ការ​សន្ទនា​នោះទៅ។​ សុវត្ថិភាព​សំខាន់ជាង​លុយ!​ សូមបញ្ជាក់ ពួកខ្ញុំ​កម្រ​ជួប​ភ្ញៀវ​ប្រជុំ​ផ្ទាល់​ណាស់​។ ​ទាក់​ទងគ្នា​​តែតាមទូរសព័្ទក៏កើតការដែរ»។

កញ្ញា សេង រដ្ឋា អតីត​កញ្ញាឯក​ដ៏​អស្ចារ្យ​កម្ពុជា​ឆ្នាំ​២០២០ (Miss Grand Cambodia 2020)។ ហ្វេសប៊ុក

សារ​របស់​កញ្ញា នីកគី ​បាន​​បន្ត​ថា៖«​ដោយការប្រជុំ​ចង់ឱ្យ​ពួកខ្ញុំទៅជួបដល់​រោងចក្រ តែមិនព្រម​និយាយ​គ្នារឿង​តម្លៃ​តាម​ដំណាក់កាល​សោះនោះ ​ហើយដោយ​មានអារម្មណ៍ថាមិនសូវស្រួល​ផង ពួក​​ខ្ញុំក៏​ឈប់តប​ទៅ។

គាត់ក៏​មិនបាន​ដឹងដែរ​ថា​ នៅពីក្រោយ​ទូរសព្ទ័​ ១ គ្រឿង​នេះមាន​មនុស្ស​ប៉ុន្មាន​​អ្នក និង​ជាអ្នកណាខ្លះ​ដែលកំពុង​តបជាមួយ​នឹង​គាត់។​ មិនបាន​ប៉ុន្មានផង ​គាត់លុប​ឆាត Telegram ចោលអស់រលីង។ ​ប៉ុន្មាន​ខែក្រោយមក​ លេខ​ដដែលមក​ម្ដងទៀតសួរ​អ្វីចម្លែកៗ។ ឆ្ងល់​ពេក​ ខ្ញុំក៏បាន​ទៅនិយាយ​ជាមួយកូនស្រីគាត់ផ្ទាល់​ព្រោះស្គា​ល់គ្នា។

កូនស្រី​គាត់​ដោយ​ជាមនុស្ស​មាន​​ចំណេះដឹង​ជាមនុស្សល្អ ​និង​មនុស្សមាន​សុជីវធម៌ ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​យ៉ាង​លឿន​បំផុត។​សូមបែងចែក​ឱ្យ​ដាច់រវាង​អ្នកប្រព្រឹត្ត​ និង​អ្នកជួយ​ឬ​អ្នកមិនដឹង​រឿង។

សូមកុំ​តាម​រករឿង​មនុស្ស​​ដែល​ល្អ ​ត្រឹមត្រូវ​ និង​សុចរិត។ ព្រោះ​យើងដឹងថា​វាជារឿង​ធម្មតា​ដែល​ពេលខ្លះ​មាន​ផ្លែ​ស្អុយ​ ១ ឬ ​២​ ក្នុងកញ្ច្រែង​។ ខ្ញុំមានអារម្មណ៍​ធូរស្បើយដែលពួកខ្ញុំសំណាង តែមាន​អារម្មណ៍​សោកស្ដាយ​ ដែលគាត់​មិនមែន​ដឹងខ្លួនទេបន្ទាប់ពីខ្ញុំ​បានជូនជា​ដំណឹង​ទៅគ្រួសារ​គាត់ គឺគាត់​គ្រាន់​តែប្ដូរ​គោល​ដៅតែប៉ុណ្ណោះ។ ​ខ្ញុំសង្ឃឹមថាអំពើថោកទាប​ គ្មានអ្វី​ប្រៀប​មួយនេះ​រលុបរលាយ​អស់​ពី​សង្គម​​យើង។ អរគុណអ្នកដែលស្រែកទាមទាររកយុត្តិធម៌។ ស្រែកទៅ ស្រែក​ឱ្យ​បាន​ខ្លាំង​ជាង​សំឡេង​យំរបស់នាង!»៕​

តារាចម្រៀង​ស្ទីលបរទេស​កញ្ញា នីកគី នីកគី បរិយាយ​បទពិសោធ​រង​ការ​បំពាន។ ហ្វេសប៊ុក