ក្រុង​ប៉ារីស៖ សួន​កម្សាន្ដ Disneyland ក្រុង​ប៉ារីស ជា​គោលដៅ​ទេសចរណ៍​ធំបំផុត​នៅ​អឺរ៉ុប បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃចន្ទ​ថា ខ្លួន​នឹង​បើក​ទ្វារ​ស្វាគមន៍​ភ្ញៀវ​នៅ​ថ្ងៃទី ១៧ ខែ​មិថុនា ខណៈ​ប្រទេស​បារាំង ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង។

សួន​កម្សាន្ដដែល​មាន​បុគ្គលិក ១៧ ០០០​ នាក់​ បាន​បិទ​ទ្វារ​កាលពី​ថ្ងៃទី ១៣ ខែ​មីនា និងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ​មុន ហើយ​ក៏​បាន​បិទ​ទ្វារ​ម្ដង​ទៀត​តាំងពី​ថ្ងៃទី ៣០ ខែ​តុលា។

សួន​កម្សាន្ដ​នេះ​ត្រូវ​លុប​ចោល​គម្រោង​បើក​ដំណើរ​ការ​ឡើង​វិញ​ពីរ​លើក​ដោយសារ​វិបត្ដិ​កូវីដ​ចេះ​តែ​បន្ដ។

Disneyland បានបិទទ្វារកាលពីថ្ងៃទី ១៣ ខែមីនា និងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំមុន ហើយក៏បានបិទទ្វារម្ដងទៀតតាំងពីថ្ងៃទី ៣០ ខែតុលា។ AFP

យោងតាម​សេចក្ដីថ្លែងការណ៍​បាន​បង្ហាញ​ថា​៖ «​យើង​មាន​ក្ដី​សោមនស្សរីករាយ​ក្នុង​ការ​ប្រកាស​ថា Disneyland Paris នឹង​បើក​ទ្វារ​ឡើងវិញ​នៅថ្ងៃទី ១៧​ ខែ​មិថុនា​ខាង​មុខ​ ដោយ​គោរព​ទៅតាម​គោលការណ៍​សុខភាព និង​សុវត្ថិភាព​»។

ដំបូង​ឡើយ Disneyland Paris មាន​ក្ដី​សង្ឃឹម​ថា​នឹង​បាន​ទទួល​ភ្ញៀវ​ឡើងវិញ​តាំងពី​ខែ​កុម្ភៈ មុន​ពេល​ថ្ងៃទី ២ ខែ​មេសា​ ជា​វេលា​បើក​ទ្វារ​លើក​ទី២ ដែល​ក្រោយមក​លុប​ចោល​ម្ដង​ទៀត។

កាល​ពី​ខែ​មុន ទី​កម្សាន្ដ​នេះ​ចាប់​ផ្ដើម​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ទ្រង់​ទ្រាយ​ធំ​ ខណៈ​បារាំង​ពន្លឿន​ការ​ចាក់​ទូទាំង​ប្រទេស។​ កាល​ពី​ថ្ងៃចន្ទ សួន​កម្សាន្ដ បាន​ឱ្យ​ដឹងថា ខ្លួន​នឹង​តម្រូវ​ឱ្យ​លើស​អាយុ ៦ ​ឆ្នាំ​ត្រូវ​ពាក់​ម៉ាស។

សួនកម្សាន្ដ​មានបុគ្គលិក ១៧ ០០០ នាក់ ដែលបម្រើការ​ថែទាំសួន ច្នៃម៉ូដ​រទេះ​ក្បួន​តុក្កតា និង​សិល្បករ​សម្ដែង​ជា​តួអង្គ​នានា។ AFP

អ្នក​ចូលរួម​ត្រូវបាន​កំណត់ ហើយ​ការ​ទិញ​​សំបុត្រទុក​​ និង​ការ​កក់​ទុក​ ក៏​តម្រូវ​ឱ្យ​ធ្វើ​មុន​ផង​ដែរ។ អាស្រ័យ​លើ​គោល​ការណ៍​សុវត្ថិភាព​ពី​អាជ្ញាធរ គោល​ដៅ​ទេសចរណ៍​មួយ​ចំនួន​អាច​បន្ដ​បិទ ឬ​កែសម្រួល។

ប្រភព​សហជីព​មួយ​នៅ​ Disneyland បាន​ឱ្យ​ដឹង​​កាល​ពី​ដើម​ឆ្នាំ​ថា គណគ្រប់​គ្រង​រំពឹង​ថា នឹង​វិល​ទៅ​កាន់​សកម្មភាព​មុន​កើត​វិបត្ដិ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​ ២០២២។

សម្ព័ន្ធ Disney បាន​ប្រកាស​កាត់​ការងារ​ ៣២ ០០០​ នាក់ ​នៅ​សួន​កម្សាន្ដ​របស់​ខ្លួន​ទូទាំង​ពិភពលោក ភាគ​ច្រើន​នៅ​សហរដ្ឋ​អាមេរិក ដោយសារផល​​ប៉ះពាល់​ខ្លះ​៕ AFP/HR

ភ្ញៀវទេសចរ​ពាក់ម៉ាស់ទៅ​កម្សាន្ត​នៅ Disneyland កាលពី​សួន​នៅបើកដំណើរការ​មុននេះ។ AFP