ភ្នំពេញ៖ តារាសម្តែង និងចម្រៀងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា បានធ្វើឱ្យអ្នកគាំទ្រតក់ស្លុតមិនតិចទេ ដោយអ្នកនាងបានប្រកាសថា ខ្លួនកំពុងរស់នៅជាមួយជំងឺមហារីកដំណាក់កាលចុងក្រោយ។
តារាស្រីវ័យ ៤១ ឆ្នាំរូបនេះ ថ្មីៗនេះបានបង្ហោះសំណេរបរិយាយដំណឹងអកុសលស្ដីអំពីសុខភាពរបស់អ្នកនាងយ៉ាងដូច្នេះថា៖ «បងប្អូនតែងតែខមមិន (comment) សួរខ្ញុំថាតើខ្ញុំកើតអីមែនទេ? ឥឡូវនេះខ្ញុំសម្រេចថា បង្ហាញការពិតហើយគឺខ្ញុំកំពុងតែរស់នៅជាមួយជំងឺមហារីកដំណាក់កាលចុងក្រោយ»។
ខណៈសុខភាពរួមរឹតដោយជំងឺកាចសាហាវ តារាសម្ដែង និងចម្រៀងមេម៉ាយកូន ៣ រូបនេះក៏បានលាតត្រដាងពីក្ដីរំពឹងពីអនាគតនៃមនុស្សជាទីស្រឡាញ់របស់ខ្លួនថា៖ «ក្នុងចិត្តខ្ញុំគ្រាន់តែចង់ឃើញកូនៗខ្ញុំមានប្ដីមានប្រពន្ធរួចហើយ ចាំយកខ្ញុំទៅពេលណាក៏បានដែរ»។
សំណេរលាតត្រដាងពីជីវិតដុនដាបដោយជំងឺមហារីកនេះក៏បានធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្ដិសិល្បៈរបស់អ្នកនាង ស៊ិន ឧត្តមផល្លា សួរជជីក និងខ្លះលើកទឹកចិត្តឱ្យអ្នកនាងមានក្ដីសង្ឃឹម និងតស៊ូជម្នះរោគដ៏សាហាវនេះ។
ក្នុងនោះតារាសម្ដែង និងចម្រៀងលោក យ៉ែម សំអូន បានថ្លែងសារទៅកាន់អ្នកនាង ស៊ិន ឧត្តមផល្លាថា៖ «ប្អូនមិនអីទេ តែសុំអូនតាំងចិត្តឱ្យរឹងមាំ មិនមែនមានតែយើងទេ មានអ្នកកើតដូចយើងច្រើនណាស់ អូនត្រូវតែជម្នះយកឈ្នះជំងឺនេះ ព្រោះកម្លាំងចិត្តខ្លាំងជាងកម្លាំងកាយ ដើម្បីកូនក្រុមគ្រួសារ និងមនុស្សគ្រប់គ្នាដែលស្រឡាញ់អូន ស៊ូៗណាអូន»។
រីឯមិត្តសម្លាញ់របស់អ្នកនាង អតីតតារាចម្រៀងទសវត្សរ៍ ៩០ និងឆ្នាំ ២០០០ អ្នកនាង ឌីកាន សុភនាថ ក៏បានសរសេរទៅកាន់អ្នកនាង ស៊ិន ឧត្តមផល្លា ថា៖ «រឹងមាំសម្លាញ់ កម្លាំងផ្លូវចិត្តគឺខ្លាំងជាងថ្នាំពេទ្យទៀត ស៊ូៗឯងនឹងឈ្នះជំងឺ»។
ដោយមិនមានការឆ្លើយតបវែងឆ្ងាយ អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះសំណេរសន្ទនាខ្លីៗក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ «គេឱ្យបងស្គែនមួយតួខ្លួនខ្លាចជំងឺហ្នឹងវារាលដាលកន្លែងផ្សេងៗទៀត»។
នៅពេលដែលមានការជជីកសួរពីប្រភេទនៃជំងឺមហារីកនេះ អ្នកនាងបានតបយ៉ាងខ្លីថា៖ «មហារីកកូនកណ្តុរ»។
គេនៅចាំបានថា កាលពីខែមីនា តារាសម្តែង និងចម្រៀងស្រី អ្នកនាង ស៊ិន ឧត្តមផល្លា ធ្លាប់បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្ដងរួចមកហើយ ជាមួយនឹងរូបថតប្រែប្រួលសម្បុរកាយរបស់ខ្លួនដែលមើលទៅផ្ទៃមុខមានស្បែកពណ៌ក្រមៅខុសសណ្ឋានសាច់សខ្ចីរបស់អ្នកនាងកាលពីមុន។
តារាសម្ដែងក្នុងភាពយន្តភាគរាជនីភូមិគ្រឹះតាមកញ្ចក់ទូរទស្សន៍ហង្សមាស រូបនេះធ្លាប់បានព្រលយប្រាប់ពីស្ថានភាពសុខភាពរបស់អ្នកនាងផងដែរថា៖ «ហេតុអីបានជាខ្ញុំសម្រេចផូស្តរូបទាំងដែលដឹងថា មុខមាត់មិនទាន់ប្រក្រតី? ព្រោះខ្ញុំមិនចង់ឱ្យបងប្អូនខាងសារព័ត៌មាន ឬក៏ខាងទូរទស្សន៍នានាគិតថា ខ្ញុំឫក ហើយមិនចង់ផ្តល់ជាបទសម្ភាស ឥឡូវនេះបងប្អូនបានឃើញហើយបងប្អូនប្រាកដជាឆ្ងល់ថា ហេតុអ្វីមែនទេ? នេះគឺមកពីឥទ្ធិពលកាំរស្មីនៃការព្យាបាលជំងឺ ហើយខ្ញុំក៏មិនចង់បកស្រាយអ្វីច្រើនជាងនេះដែរ»។
គេឃើញមានពាក្យពេចន៍ជូនពរសឹងតែដូចគ្នា ក្រោយពីតារាចម្រៀងស្រីដែលបានវិលមកប្រឡូកសិល្បៈវិញជាមួយនឹងអាជីពថ្មីជាតារាសម្តែងកបនឹងតួសម្តែងជាម្តាយនោះថា៖ «ជូនពរបងឆាប់បានប្រសើរ សុខភាពល្អឡើងវិញ ទោះមិនអាចដូចដើមក៏អាចជួសជុលបន្តរស់ទៀត ព្រោះនៅមានម្ដាយ និងកូនៗដែលជាកម្លាំងចិត្ត» និងមានសារផ្សេងទៀតសរសេរថា៖ «ពេលឃើញបងផូស្តតាំងពីដំបូងដឹងថា បងស្រីពិតជាប្រែប្រួលច្រើន គឺប្រហែលមកពីបញ្ហាជំងឺរបស់បង តែប្អូនអត់ហ៊ានសួរយ៉ាងណា សូមជូនពរបងឱ្យឆាប់ជាសះស្បើយ»។
គួររំឭកផងដែរថា អ្នកនាង ស៊ិន ឧត្តមផល្លា មានបន្ទុកចិញ្ចឹមកូនចំនួន ៣ នាក់ ចាប់តាំងពីស្វាមីបានចែកឋានចោលអស់ពេលប្រមាណជិត ១០ ឆ្នាំមកហើយ ព្រោះតែជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។ ក្រៅពីអាជីពសិល្បៈ អ្នកនាងមានមុខរបរជាថៅកែលក់គ្រឿងស្បង់ជីពរ និងសម្ភារបុណ្យនានា ហើយក៏ទើបតែប្រកាសវិលត្រឡប់មករកទ្រនំចាស់វិថីសិល្បៈចម្រៀង ៣-៤ ឆ្នាំ បន្ទាប់ពីបាត់មុខរយៈពេលជាង ១០ ឆ្នាំមកនោះ។
ក្រោយពីបានវិលចូលសិល្បៈវិញនោះមហាជនឃើញថា សម្រស់របស់តារាចម្រៀងស្រីមេម៉ាយកូន ៣ កាន់តែមានសម្រស់ផូរផង់ ចង់ខ្លាំងជាងកាលពីនៅលីវទៀត ខណៈទីផ្សារសិល្បៈវិញ គឺអ្នកនាង ស៊ិន ឧត្តមផល្លា មិនត្រឹមតែសម្បូរកន្លែងច្រៀងនោះទេ គឺថែមទាំងក្តោបបានឱកាសថតកុនភាគជាហូរហែរហូតមកទៀតផង៕