ភ្នំពេញ: អង្គុយ​នៅ​ហាង​កាហ្វេ​មួយ​នៅក្នុង​របង​សារមន្ទីរ​ជាតិ​ជាមួយ​ទឹកមុខ​ពោរ​ពេញ​ដោយ​ភាព​វិជ្ជមាន​លោក សែម វិសាល ផលិតករ​វ៉ន​ឌើរហ្វីម​គឺជា​ផលិតករ​ខ្មែរ​ដែល​ជឿ​ជាក់​លើ​ទស្សនិកជន​ក្នុង​ស្រុក​លោក​បាន​អធិប្បាយ​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ អំពី​ភាពយន្ត​ថ្មី​របស់​លោក​គឺ​រឿង «ស្នូរ​ជើង​អ្នក​ណា?» ដែល​នឹង​ចាក់​បញ្ចាំង​នៅ​បណ្ដា​រោង​ភាពយន្ត​នា​ថ្ងៃ​ស្អែក​នេះ។ ជា​រឿង​បែប​រន្ធត់​លោក​វិសាល បាន​សំងំ​ផលិត​រឿង ស្នូរ​ជើងអ្នកណា? អស់​រយៈពេល ២ ឆ្នាំ​មក​ហើយ រាប់​តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​ទាញ​ប៊ិក​ក្រដាស​សរសេរ​រឿង​នេះ​មក​ម្ល៉េះ។ លោក វិសាល ជឿជាក់ថា​ទស្សនិកជន​ជា​យុវវ័យ​ពិតជា​ចាប់អារម្មណ៍​លើ​រឿងនេះ​ជាក់​ជាមិនខាន ព្រោះ​វា​ជា​អ្វី​ដែល​កើត​ឡើង ក្នុង​សង្គម​របស់​ពួកគាត់​ផ្ទាល់។ ទោះបីជា​យ៉ាងណា យុវវ័យ​មិនមែនជា​ក្រុម​គោលដៅ​របស់លោក​តែមួយ​នោះទេ លើសពី​នេះ ទស្សនិកជន​មជ្ឈិម​វ័យ​ដែល​មាន​គ្រួសារ​រួច​ទៅ​ហើយ​ក៏​អាច​ទទួល​បាន​ខ្លឹមសារ​ដែល​បង្កប់​ក្នុង​នោះ​ផង​ដែរ។ ផលិតករ​រូបនេះ​បាន​លើកឡើងថា៖ «វា​មិនមែន​គ្រាន់តែ​ជា​រឿង​ពញ្ញាក់​ឲ្យ​យើង​ខ្លាច​ទៅ​ឥត​ខ្លឹមសារ​នោះ​ទេ សាច់​រឿង​របស់​យើង គឺ​ផ្តោត​ចំពោះ​នារី​ម្នាក់​ឈ្មោះ លីង​លីង ដែល​នាង​ព្រម​ផ្លាស់​លំនៅ​ទៅ​កាន់​ផ្ទះ​ថ្មី ជាមួយ​កូន​អាយុ ៧ ឆ្នាំ និង​ស្វាមី​ជា​វេជ្ជបណ្ឌិត បើ​ទោះបី​ជា​គាត់​មិន​ជឿ​ថា ផ្ទះ​ថ្មី​នោះ​នឹង​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់ អាច​កសាង​សុភមង្គល​បាន​យ៉ាង​ណា​ក៏ដោយ»។

បើ​យើង​បាន​មើល​វីដេអូ​ខ្លី នៃ​រឿង (Trailor) យើង​នឹង​ឃើញថា គេហដ្ឋាន ដែល​ពួកគេ​បាន​រើ​ទៅ​នោះ​មើល​ទៅ​ចាស់​ក្រែល​ល្មម​ឲ្យ​យើង​សង្ស័យ​ដូច​តួអង្គ លីង​លីង ដែរ។ លោក វិសាល បាន​បន្តថា៖ «លីង​លីង​បាន​ព្យាយាម​ប្រាប់​ស្វាមី​គាត់​ចំពោះ​រឿងរ៉ាវ​ដែល​កើត​ឡើង​ក្នុង​ផ្ទះ ប៉ុន្តែ​ស្វាមី​របស់​គាត់​មិន​ព្រម​ដាក់​ចិត្ត​ស្វែង​យល់​លើ​អ្វី​ដែល​ពាក់​ព័ន្ធ​នឹង​អបិយ​ជំនឿ​ទាល់​តែ​សោះ»។ ក្នុង​រយៈពេល ៩០ នាទី ទស្សនិកជន​នឹង​បាន​ទៅដល់​បន្ទប់ក្រោមដី ជា​ចម្លើយ​ដែល​ពួកគាត់​ត្រូវ​តែ​ប្រឈម​មុខ​នៅ​ទីនោះ​បាន​លាក់​ទុក​នូវ​ការ​ចងចាំ និង​សេចក្តី​ឈឺ​ចាប់​របស់​មនុស្ស​ស្រី​ម្នាក់។

ផលិតករវ៉នឌើរហ្វីមលោក សែម វិសាល។ ទ្រី សុងហ៊ី

គាត់​បាន​បន្ថែមទៀតថា៖ «មនុស្ស​ស្រី​ម្នាក់ ដែល​ខ្លាច​ខ្មោច​ណាស់​បែរជា​ត្រូវ​កាន់​ទឹកមន្ត និង​យ័ន្ត​ចូល​ទៅ​កាន់​បន្ទប់​ក្រោម​ដី​ដ៏​គួរ​ឲ្យ​ព្រឺ​រោម​តែ​ម្នាក់​ឯង​គឺ​ដើម្បី​ការពារ​មនុស្ស​ជា ទីស្រឡាញ់ ហើយ​ការ​ជម្នះ​នេះ​យើង​ធ្លាប់​បាន​ឃើញ​ជា​ប្រចាំ​និង​អំពី​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​សង្គម​យើង»។ នៅពេល​សួរថា ហេតុអ្វី​ត្រូវតែ​ជា​ប្រភេទ​រឿង​រន្ធត់?​ចម្លើយ​របស់​ផលិតករ វិសាល តប​វិញ​ថា៖ «ព្រោះ​ទស្សនិកជន​របស់​យើង គាត់​ចូលចិត្ត​បែប​នេះ​ហើយ​យើង​ចង់​បាន​ពួកគាត់​ឲ្យ​មើល​រឿង​របស់​ខ្មែរ​យើង​ជា​ជាង​ភាពយន្ត​បរទេស»។ ភាពយន្ត​ខ្មែរជារឿយៗត្រូវបាន​ទទួលរង​នូវ​ការរិះគន់​យ៉ាងចាស់ដៃ​ពី​សំណាក់​ទស្ស​និកជន ដែល​ចង់​មើល​រឿង​មាន​គុណភាព​រហូត​ពេល​ខ្លះ​ធ្វើ​ឲ្យ​ផលិតករ​ចេញ​មក​លន់​តួ​សុំ​ការ​គាំទ្រ ពី​ទស្សនិកជន។ ចំពោះ លោក វិសាល លោក​យល់​ឃើញ​ថា ផលិតករ​ពុំគួរ​បង្ហាញ​អាកប្ប​កិរិយា​តប​ទៅ​កាន់​សាធារ​ណជន​នោះ​ទេ៕