ក្រុង​ហ្សឺណែវ៖ បុគ្គលិក​សុខាភិបាល​ស្វ៊ីសដែល​កំពុង​ជាប់​ដៃប្រយុទ្ធ​ប្រឆាំង​វិបត្ដិ​កូវីដសកល ត្រូវបាន​លើក​ទឹក​ចិត្ដឱ្យ​បន្ធូរ​អារម្មណ៍​ជា​មួយ​កុំព្យូទ័រ​ហ្គេម​ ដែល​មិន​ត្រឹម​តែ​ជួយ​កាត់​ស្ដ្រេស​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែម​ទាំងជា​ចំណេះ​ដឹង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ​ក្នុង​ពិភពលោកទៀត​ផង​​។

អ្នកលេង​ហ្គេម «គេច​ពី​កូវីដ ១៩» ត្រូវ​បាន​ណែនាំ​តាម​រយៈ​វីដេអូ​ហ្គេម​ភាគ​ ដែល​បុគ្គលិក​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ​ និង​កន្លែង​ថែទាំ​រយៈ​ពេល​យូរ​ ជួប​ប្រទះ​បញ្ហា​ប្រចាំ​ថ្ងៃ។

ឧបសគ្គ​នីមួយៗចាប់​ពីពេល​មុន​ចេញ​ពីផ្ទះ​រហូត​ដល់​ការ​ធ្វើដំណើរនិង​ជាពិសេស​ពេលបំពេញ​ការងារត្រូវបាន​រៀបចំ​ឡើង​ ដើម្បី​ជួយ​បុគ្គលិក​ជួរ​មុខ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ពិភព​ពិត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​។

អង្គុយ​ជាមួយ​បុគ្គលិក​ឆ្លើយ​តប​បន្ទាន់​ដែល​ត្រៀម​ជើង​ព្រួល​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ក្រុង​ហ្សឺណែវ (HUG) វេជ្ជបណ្ឌិតម៉ាឡានីស៊ូបផានបាន​ធ្វើ​បទ​បង្ហាញ​ពី​ល្បែង​ហ្គេម​នេះ។

វា​ចាប់​ផ្ដើម​ពីវគ្គ​ងាយ​ៗ​សម្រាប់​អ្នក​ជំនាញ​ថ្នាំ​ស្ពឹក និង​ព័ត៌មាន​វិទ្យាដែល​ជួយ​ណែនាំនិង​អភិវឌ្ឍ​ហ្គេម​នេះ​ឡើង​។

ក្នុង​ល្បែង «​គេច​ពី​កូវីដ ១៩» អ្នកស្រី​ក្រោក​ពីដំណេក​ឡើង​ដោយ​កើត​អាការ​ក្អកនិង​ក្ដៅ​ខ្លួនរួច​ជ្រើសរើស​ការ​ធ្វើ​តេស្ដ​រក​កូវីដ និង​រង់​ចាំ​លទ្ធផល​មុន​ពេល​ចេញ​ទៅធ្វើ​ការងារ​ ដែល​ទទួល​បាន​មក​វិញ​នូវ​សញ្ញា​មេដៃ​។

ប៉ុន្ដែ​ពេល​អ្នកស្រី​ធ្វើ​តេស្ដ​អវិជ្ជមាន​ និង​ចេញ​ទៅ​ធ្វើ​ការហ្គេម​ចាប់​ផ្ដើម​ដល់​វគ្គ​ស្មុគ​ស្មាញ​។

ការ​ផ្ដល់ការ​អប់រំបែបហ្គេមកម្សាន្ត​ដល់បុគ្គលិកសុខាភិបាល ត្រូវបានរកឃើញថា​មានអត្ថប្រយោជន៍​ក្នុងការ​កាត់បន្ថយអត្រា​ឆ្លង​​​ជំងឺ​កូវីដ ១៩។ AFP

អ្នកស្រី​និយាយ​ថា​៖ «​បុគ្គលិក​ហាត់​ការ​ម្នាក់​បាន​សាក​សួរ​យើង​ថាតើ​ស្ថានភាព​នេះ គួ​រពាក់​ម៉ាស់ N95 និង​ FFP2 ជំនួស​ម៉ាស់​ពេទ្យ​ធម្មតា?​»។

ប្រឈម​ជាមួយ​ជម្រើស​ជា​ច្រើន​ អ្នកស្រី ស៊ូបផាន ជ្រើស​រើស​ចម្លើយ​ជា​ច្រើនរួម​មាន «​ការ​សង្គ្រោះ​ចលនា​​ដង្ហើម​» និង «​ការ​ប្រើ​ឧបករណ៍​​​ផ្លូវ​ដង្ហើម​» ដែល​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​។

ប៉ុន្ដែ​អ្នកស្រីក៏​បាន​ចុច​លើ​ការ​ប្រើ​ប្រាស់​ការ​តេស្ដ​រុក​ច្រមុះ​ ហើយ​វីរុស​មុខ​ខឹង​ឡើង​ក្រហម​បាន​ផុស​ឡើង ​ដើម្បី​បញ្ជាក់​ថានាង​ជ្រើស​រើស​ចម្លើយ​ខុស​ ១​។

អ្នកស្រី ស៊ូបផាន បាន​ប្រាប់ AFP ថា​៖ «​គំនិត​លេង​ហ្គេម​នេះ​ពិតជា​មាន​ប្រយោជន៍ផ្ដល់​ការ​សប្បាយ​រីករាយ​ និង​ងាយៗ​ មិន​រង​ការ​ស្ដី​បន្ទោស​ឡើយ​»។

សាស្ដ្រាចារ្យ​ ស្ដេផានហារបាត ដឹក​នាំ​អង្គភាព​ការពារ​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ​ ហើយ​ក្រុម​ការងារ​បាន​ជួយ​ផ្ដល់​គំរូនិង​និតិក្រម​ជំនាញ​លើហ្គេម «​គេច​ពី​កូវីដ​ ១៩​»​។

ក្រុម​វេជ្ជបណ្ឌិតរៀបចំ​បំពង់ដក​ដង្ហើម​ដល់​អ្នកជំងឺ​កូវីដនៅ​ប្រទេសកាណាដា។ AFP 

ការ​លើក​ទឹក​ចិត្ដ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​ក្នុង​ចំណោម​អ្នក​ជំនាញ​វេជ្ជសាស្ដ្រ ​គឺជា​កត្ដា​សំខាន់​។ តាំងពី​វិបត្ដិ​កូវីដ​ចាប់ផ្ដើមមន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​ក្លាយ​ជា​ទីតាំង​ផ្ទុះ​ជំងឺ​កូវីដ​។

ហារបាតបាន​និយាយ​ថា​៖ «​យើង​បាន​ដឹង​ថាយើង​ត្រូវតែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដែល​បុគ្គល​គ្រប់​រូប​មិន​អាច​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​រោគ​ ដែល​អាច​ឆ្លង​ទៅកាន់​អ្នក​ជំងឺ​ឡើយ​»។

ជាក់​ស្ដែងលោក​និយាយ​ថាហ្គេម​នេះ ​​​ក្លាយ​ជា​ចលករ​ជំរុញ​ឱ្យ​មាន​អត្រា​ឆ្លង​នៅ​មន្ទីរពេទ្យ​ធ្លាក់​ចុះ​ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​។

ដោយ​សម្លឹង​ទៅ​មុខលោកហារបាតបាន​ឱ្យ​ដឹង​ថា លោក​រំពឹង​ថា ហ្គេម​នឹង​ត្រូវបាន​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ​ ដើម្បី​អនុវត្ដ​សារ​វេជ្ជសាស្ដ្រ​ដ៏​សំខាន់​នេះរួមទាំងការ​​ចាក់​វ៉ាក់​សាំង​ផង​ដែរ៕ AFP/HR

ហ្គេម​នេះ​​​ក្លាយ​ជា​ចលករ​ជំរុញ​ឱ្យ​មាន​អត្រា​ឆ្លង​នៅ​មន្ទីរពេទ្យ​ធ្លាក់​ចុះ​ នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​។ AFP