ក្រុងវីយែន៖ ឧបករណ៍តេស្ដវីរុសកូរ៉ូណាសណ្ឋានស្រដៀងស្ករគ្រាប់ដោតឈើអភិវឌ្ឍន៍ថ្មី ត្រូវបានដាក់ឱ្យដំណើរការនៅតាមសាលាមតេយ្យសិក្សាមួយចំនួនក្នុងប្រទេសអូទ្រីស ជាជម្រើសសម្រាប់កុមារតូចៗ ដែលខា្លចរអាចំពោះការរុកបំពង់ក និងច្រមុះ។
សិស្សតូចៗដែលអៀនប្រៀន ឈរតម្រង់ជួរនៅសាលាមត្តេយ្យសិក្សាមួយក្នុងទីក្រុងវីយែន ដើម្បីរង់ចាំធ្វើតេស្ដរកវីរុសនាសប្ដាហ៍នេះ ដោយត្រូវបានផ្សព្វផ្សាយយ៉ាងទូលាយនៅតាមបណ្ដាញសារព័ត៌មានផងដែរ។
ថ្វីដ្បិតតែកុមារត្រូវបានលើកលែងពីវិធានការរឹតត្បិតជាច្រើនយ៉ាងណាក៏ដោយ តែការបើកទ្វារសាលារៀន និងមតេយ្យឡើងវិញគឺជាក្ដីកង្វល់មួយ ដោយវីរុសបំប្លែងខ្លួនថ្មីមកពីចក្រភពអង់គ្លេស និងតំបន់អឺរ៉ុបជាច្រើនទៀត អាចរីករាលដាលក្នុងចំណោមយុវជន និងកុមារតូច។
នេះអាចចូលរួមចំណែកឱ្យវីរុសសាយភាយកាន់តែខ្លាំង និងគំរាមកំហែងដល់យុទ្ធនាការនៃការចាក់វ៉ាក់សាំង។ ដើម្បីទប់ស្កាត់ការចម្លង និងផ្ដល់ជម្រើសផ្សេងៗក្នុងការធ្វើតេស្ដរកវីរុស ខេត្ដប៊ឺហ្គេនលេន របស់អូទ្រីស បានកុម្ម៉ង់ស្ករគ្រាប់តេស្ដវីរុស ៣៥ ០០០ ឈុតរួចហើយ។ នេះបើយោងតាមរដ្ឋាភិបាលតំបន់បានប្រាប់ AFP។
វាជាវិធានការមួយបន្ទាប់ពីគម្រោងធំអនុវត្ដជាមួយកុមារនៅតាមមត្តេយ្យសិក្សា និងមជ្ឈមណ្ឌលថែទាំកុមារទទួលជោគជ័យ។ លិខិតជាច្រើនត្រូវបានផ្ញើទៅកាន់ឪពុកម្ដាយដោយជម្រាបជូនថា រដ្ឋប៊ឺហ្គេនលេន នឹងផ្ដល់ឱ្យកុមារនូវតេស្ដរកវីរុសចំនួន ៣ ដោយឥតគិតថ្លៃនាសប្ដាហ៍នេះ។
សេចក្ដីណែនាំបានបង្ហាញថា៖ «ដាក់ឧបករណ៍តេស្ដក្នុងមាត់ជញ្ជក់វា ៩០ វិនាទី ដាក់ឧបករណ៍ក្នុងប្រអប់រង់ចាំ ១៥ នាទី រួចឆែកមើលលទ្ធផល»។
ក្រោយពីទទួលបានការឆ្លើយតបដ៏ខកចិត្ដដែលឧបករណ៍ធ្វើតេស្ដខ្វះពណ៌ស្រស់ឆើតសម្រាប់ទាក់ទាញ និងរសជាតិពិតប្រាកដនៃស្ករគ្រាប់ ជំនួសដោយឧបករណ៍តេស្ដកូតុងធំៗ អ្នកឌីហ្សាញ និងជាឪពុកម្នាក់ លោក ដូមីនិក ក្រូតស្កេក បាននិយាយថា កូនអាយុ ៣ ឆ្នាំរបស់លោក ពេលនេះទទួលការធ្វើតេស្ដយ៉ាងស្រួល។
ក្រូតស្កេក បានប្រាប់ AFP ថា៖ «វាគ្មានបញ្ហាអ្វីទេ យើងគ្រាន់តែធ្វើវាម្ដងទៀត ហើយវាដំណើរការល្អណាស់»៕ HR