ភ្នំពេញ៖ តារាចម្រៀងយុវវ័យកញ្ញា អ៊ីវ៉ា ថ្មីៗនេះបានធ្វើឱ្យប្រិយមិត្តភ្ញាក់ផ្អើល ជាមួយរូបភាពអាងចិញ្ចឹមបង្កងដែលនាងរំពឹងថាសត្វចិញ្ចឹមនេះនឹងធំធាត់ឆាប់។
ភ្ជាប់ជាមួយរូបថតអាងចិញ្ចឹមបង្កង និងរូបសមិទ្ធផលដ៏រស់រវើកជាច្រើនក្បាលនោះតារាចម្រៀងស្រី អ៊ីវ៉ា បានធ្វើឱ្យអ្នកគាំទ្រនាងលាន់មាត់ថា៖ «អាយដល (Idol) ចេះចិញ្ចឹមបង្កងទៀត! ខប់»។
សំណេររបស់នាងបានទាក់ទាញចំណាប់អារម្មណ៍ច្រើនពីប្រិយមិត្ត ដោយអ្នកខ្លះទទូចថា «បង្រៀនខ្ញុំចិញ្ចឹមផង» ហើយខ្លះសរសើរនាងថា «ពូកែណាស់អាយដល (Idol) ដ៏ឧស្សាហ៍របស់ខ្ញុំគួរឱ្យស្រឡាញ់ណាស់»។
ប្រិយមិត្តមួយចំនួនដែលគិតថាតារាចម្រៀង ឃិន ស្រីនាថ ហៅ អ៊ីវ៉ា កំពុងប្រកបរបរចិញ្ចឹមបង្កងលក់នោះក៏បានសួរនាំចង់ទិញបង្កងពីរូបនាង។
យ៉ាងណាមិញនាងក៏បានបកស្រាយយ៉ាងខ្លីថា៖ «ចិញ្ចឹមទុកថត»។
ទន្ទឹមនឹងនេះក៏មានប្រិយមិត្តអ្នកជំនាញចិញ្ចឹមបង្កងដទៃទៀតណែនាំ ស្រីស្រស់ អ៊ីវ៉ា ពីវិធីថែទាំសត្វចិញ្ចឹមនេះផងដែរថា៖ «ឧស្សាហ៍វាស់ PH ទឹកផងបង»។
គួររំឭកផងដែរថាក្រៅពីអាជីពសិល្បៈតារាចម្រៀងយុវវ័យដែលប្រឡូកលើវិថីសិល្បៈ ១០ ឆ្នាំហើយនោះកញ្ញា អ៊ីវ៉ា នៅឆ្លៀតរកចំណូលបន្ថែមពីមុខរបរលក់ចំណីអាហារ និងសម្លៀកបំពាក់បុរសនារីកុមារ និងគ្រឿងសម្អាងក្រោមស្លាកយីហោ អ៊ីវ៉ា សប ដែលស្ថិតនៅផ្លូវជាតិលេខ ៤ ក្រុងច្បារមនទឹកដីខេត្តកំពង់ស្ពឺផងដែរ៕