ក្រុងញូវយ៉ក៖ សួនសាធារណៈមួយចំទើតលើសរសរបេតុង ១៣២ ដើមនៃផ្ទៃទឹកដងទន្លេហាដសុន បានបើកទទួលភ្ញៀវកាលពីថ្ងៃសុក្រសម្រាប់អ្នកក្រុងញូវយ៉ក ដែលអន្ទះសាចេញឱ្យពីការបិទខ្ទប់រយៈពេលមួយឆ្នាំមកនេះ។
កោះតូច ដែលអាចដើរឆ្លងតាមស្ពានឥតគិតប្រាក់ បានផ្ដល់នូវទស្សនីយភាពរុក្ខជាតិបៃតងស្រស់ និងគយគន់សម្រស់ធម្មជាតិនៃភាគខាងត្បូងទីប្រជុំជនម៉ាន់ហាតាន់ និងញ៉ូវជេស៊ី សម្រាប់អ្នកចង់ឃើញទិដ្ឋភាពប្លែកដោយមិនចាំបាច់ទៅណាឆ្ងាយ។
ការបើកទទួលមហាជននេះធ្វើឡើងបន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្ដឹងក្រុងញូវយ៉កភាគច្រើន ពេលមនុស្សជាង ៦០ ភាគរយចំណោម ៨,៤ លាននាក់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងតិចមួយដូស។
អ្នកស្រី បាបារ៉ា ឃេនន័រ អាយុ ៦០ ឆ្នាំធ្លាប់ជានាយកគ្រប់គ្រងការិយាល័យម្នាក់ ដែលឥឡូវអត់ការងារធ្វើបាននិយាយថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានមកលេងទីនេះ ដោយសារទីក្រុងញូវយ៉កបានរងគ្រោះខ្លាំងពីវិបត្ដិកូវីដសកល»។
ទីក្រុងបានបាត់បង់មនុស្សជាង ៣ ម៉ឺននាក់ ខណៈអ្នកក្រុងញូវយ៉កត្រូវបានបង្ខំឱ្យនៅតែក្នុងផ្ទះ និងកំហិតការធ្វើដំណើរទៅកាន់ហាងទំនិញ កន្លែងហាត់ប្រាណ ហាងធ្វើសក់ និងការិយាល័យ។
អ្នកឌីហ្សាញផ្នែកទេសភាព Signe Nielsen ដែលទទួលបន្ទុកឌីហ្សាញរុក្ខជាតិធំៗ ដែលមានផ្កាភ្ញី ព្រមទាំងដើមឈើតូចធំជាង ៣៥០ ប្រភេទ ចង់ឱ្យអ្នកដំណើរចាកចេញពីទីក្រុងចរាចរណ៍កកស្ទះដោយមកលេងកោះតូចដ៏គួរឱ្យភ្ញាក់ផ្អើល។
អ្នកស្រី បាបារ៉ា បានប្រាប់ AFP ថា៖ «សង្ឃឹមថា ពេលបញ្ចប់ការដើរកម្សាន្ដ ឬរត់ ឬអ្វីក៏បាន ពួកគេចាកចេញទៅដោយភាពស្ងប់សុខ រីករាយជាងពេលពួកគេទើបចូលមកដល់»។
សរសរទ្រកោះបេតុង ដែលមានទម្ងន់ប្រមាណ ៧៥ តោនមួយដើម ត្រូវបានផលិតឡើងនៅលើដីគោកក្រុងញូវយ៉ក និងបណ្ដែតតាមដងទន្លេហាដសុន ចម្ងាយ ២១០ គីឡូម៉ែត្រ មុនស្ទូចបញ្ឈរឲ្យខ្ពស់ផុតផ្ទៃដី។
កោះសិប្បនិម្មិត ដែលចំណាយប្រាក់សង់អស់ប្រមាណ ២៦០ លានដុល្លារ ត្រុវបានផ្ដល់មូលនិធិភាគច្រើនដោយសហគ្រិនមហាសេដ្ឋី បាររី ឌីលល័រ និងភរិយា ឌីយ៉ាន វ៉ុន ហ្វឺស្ដេនប៊ឺក ជាអ្នកបង្កើតគម្រោងនេះឡើង។
លោក ឌីលល័រ បានប្រាប់ The New York Times ថា លោកនឹងចំណាយប្រាក់សម្រាប់ការថែទាំសួននេះរយៈពេល ២០ ឆ្នាំដំបូង។
ការចូលរួមចំណែករបស់លោកអាចចំណាយទឹកប្រាក់សរុប ៣៨០ លានដុល្លារ ជាការចូលរួមចំណែកដ៏ច្រើនលើសលប់សម្រាប់ការបរិច្ចាគបែបឯកជនចំពោះការកសាងសួនសាធារណៈ។
គម្រោងកោះសិប្បនិម្មិតស្ទើរតែមិនអាចចេញជារូបរាង ដោយសារវាត្រូវបានពន្យាពេលពីបញ្ហាផ្លូវច្បាប់ជាហូរហែររហូតដល់អភិបាលក្រុងញូវយ៉ក អេនដ្រូ ឃ្យូម៉ូ បានឈានដល់កិច្ចព្រមព្រៀងរវាងគ្រប់ភាគីពាក់ព័ន្ធក្នុងឆ្នាំ ២០១៧។
អ្នកស្រី ឡូរ៉េន មូនហ្រ្វាស័រ អាយុ ៣៣ ឆ្នាំដែលមកដើរសំដិលថ្ងៃជាមួយកូនតូចឈ្មោះលូកាបាននិយាយថា៖ «ពិតជាកន្លែងល្អមែនទែន ដែលត្រូវបានកសាងឡើងនៅក្នុងបរិវេណទីក្រុងជាពិសេសទីប្រជុំជន»៕ AFP/HR