ក្រុងប៉ារីស៖ ក្រុម​វេជ្ជបណ្ឌិត​មកពី​សារមន្ទីរ​ធំៗ​ក្នុង​ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃ​ពុធ​បានប្រកាស​អាសន្ន​អំពី​ការកើនឡើង​រហូតដល់ ៥ ដង​នៃ​ចំនួន​កុមារ​តម្រូវ​ឱ្យទទួល​ការព្យាបាល​ក្រោយ​លេប​ដែក​ឆក់​ពី​ឧបករណ៍​លេង។

ជិត​ពាក់កណ្ដាល​នៃ​កុមារ​ទាំងនោះ​មាន​អាយុ​ចន្លោះ ៤ ​ខែ​ឡើង និង​តម្រូវឱ្យធ្វើ​ការវះកាត់​យក​កម្ទេច​ដែក​ឆក់​ចេញ ក្រោយ​ការបង្ក​ភាពរំខាន ដោយ​ពួកគេ​បាន​រាយការណ៍​ក្នុង​លិខិត​ស្រាវជ្រាវ​មួយ​ចុះផ្សាយ​ក្នុង​ព្រឹត្ដិបត្រ​វេជ្ជសាស្ដ្រ Archives of Disease in Childhood។

ចាប់ពី​ឆ្នាំ ២០១៦ រហូតដល់​ឆ្នាំ ២០២០ មន្ទីរពេទ្យ​ធំៗ​ចំនួន ៤ នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អង់គ្លេស​បាន​ទទួល​កុមារ ២៥១ នាក់​ដែល​លេប​កម្ទេច​មេដែក​ក្នុង​សម្ភារ​ក្មេង​លេង។

កាក់ មាន​ចំនួន ៣៧ ភាគរយ​ដែល​ធ្លាក់ចូល​ពោះ​កុមារ​មេដែក​មាន​ចំនួន ២១ ភាគរយ​ និង​កាក់​ថ្ម​អគ្គិសនី ១៧ ភាគរយ។ ចំពោះ​ប្រភេទ​ឧបករណ៍​ទាំងនេះ​ករណី​គ្រោះថ្នាក់​បាន​បន្ដ​កើនឡើង​លើស​ពាក់កណ្ដាល។

ប៉ុន្ដែ​បញ្ហា​ទាក់ទង​នឹង​ការលេង​មេដែក​ទាំងនោះ​ដែល​ភាគច្រើន​ជា​សម្ភារ​រំលេច​ពណ៌​ស្រស់ស្អាត​ដូចជា​ឧបករណ៍​ប៉ុន​ឈើគូស​ប្រទះឃើញ​ក្នុង​ឧបករណ៍​ក្មេង​លេង​ផ្គុំ​អគារ​មាន​ការឡើង ៥ ដង។

ឧប្បត្ដិហេតុ​ជាង ៤០ ភាគរយ​តម្រូវ​ឱ្យ​មាន​វះកាត់​យកចេញ។

ហេមេនស៊ូថាកការ ជា​គ្រូ​ពេទ្យវះកាត់​កុមារ​នៅ​មន្ទីរពេទ្យ​កុមារ​អេវេលីណា​ក្រុង​ឡុងដ៍ បាន​ប្រាប់ AFP ថា៖ «មាន​ទាំង​ការវះកាត់​ចោះ​ពោះ ឬ​បើក​ស្បែក​ពោះ​ដើម្បី​យក​កម្ទេច​មេដែក​ចេញពី​ពោះវៀន»។

ករណី​ពាក់កណ្ដាល​មាន​បញ្ហា​ស្មុគស្មាញ។

វេជ្ជបណ្ឌិត​អាមេរិក សេន ឌីកឌ័រប៊ីន បង្ហាញ​កម្ទេច​មេដែក​នៅក្នុង​របស់​លេង​របស់​កុមារ។ AFP

ថាកការ បាន​ពន្យល់ថា៖ «ដោយសារ​កុមារ​ជួប​បញ្ហា​ស្នាម​ក្រពះ ពោះ​របស់​ពួកគេ​មាន​ភាពកខ្វក់ ហើយ​វា​អាចជា​លទ្ធផល​បង្ក​ឱ្យ​កើត​ជំងឺ​ឆ្លង​ផ្សេងៗ កុមារ​ខ្លះ​ត្រូវ​បាន​កាត់​ពោះវៀន ដែល​ត្រូវតែ​វះកាត់​ដោយសារ​បញ្ហា​សុខភាព»។

ករណី​ធ្ងន់ធ្ងរ​បំផុត​ទាក់ទង​នឹង​កុមារ ដែល​ត្រូវធ្វើការ​វះកាត់​ច្រើនដង​ច្រើនសា ត្រូវ​នៅ​បន្ដ​សម្រាក​ព្យាបាល​ច្រើន​ខែ ហើយ​នៅក្នុង​មន្ទីរពេទ្យ​ជិត ៥ ខែ។ គ្មាន​ករណី​ស្លាប់​ត្រូវបាន​រាយការណ៍​នោះទេ។ ប៉ុន្ដែ ថាក​ការ​បាន​បន្ដថា៖ «ការព្រងើយ​កន្តើយ​មិន​ព្យាបាល របួស​អាច​បង្ក​ការគំរាមកំហែង​ដល់​អាយុជីវិត»។

នៅ​ចក្រភព​អង់គ្លេស បទប្បញ្ញត្ដិ​បាន​ចែងថា ឧបករណ៍​ក្មេង​លេង​ដែលមាន​ផ្ទុក​មេដែក​ទាំងអស់​ត្រូវ​មាន​ការដាក់​កំណត់ហេតុ​ព្រមាន តែ​ក្រុមហ៊ុន​ភាគច្រើន​មិនបាន​បង្ហាញ​សារ​ព្រមាន​ជាប់​នៅលើ​ឧបករណ៍​ទាំង​នោះឡើយ។

ក្នុង​ករណី​មួយ​ដែល​រាយការណ៍​កាលពី​ដើម​ឆ្នាំ​ក្នុង​ព្រឹត្ដិបត្រ Emergency Medicine កុមារា​វ័យ ៣ ឆ្នាំ​ម្នាក់​នៅ​សហរដ្ឋអាមេរិក​បាន​លេប​កម្ទេច​មេដែក ៦ គ្រាប់​ជា​បន្ដបន្ទាប់។ ២ គ្រាប់​ទើរ​ជាប់​ត្រឹម​បំពង់ក និង ៤ គ្រាប់​ទៀត​ធ្លាក់​ដល់​ពោះវៀន៕ HR