ក្រុង​ដារកា៖ មិនខុស​ពីសារមន្ទីរ​ដទៃទៀត​ជុំវិញ​ពិភពលោក សារមន្ទីរ​សិល្បៈ Theodore-Monod នៅ​ក្រុង​ដាការ បាន​បើកទ្វារ​ឡើង​វិញកាលពី​ចុង​ខែ​ឧសភា ​ក្រោយ​ពី​ផ្អាកទទួល​ភ្ញៀវ​​ជាង​ ១ ឆ្នាំ​ ដោយសារ​តែ​វិបត្តិ​កូវីដ។

ការ​ស្វាគមន៍​ភ្ញៀវ​ជា​ថ្មី សារមន្ទីរ​នាំ​មក​ជាមួយ​​នូវ​​​ទស្សនវិស័យ​ថ្មី និង​វត្ថុ​​បុរាណ​ដែល​បានវិលត្រឡប់​ពី​ទ្វីប​ផ្សេង ដោយ​ត្រូវបាន​ដាក់តាំង​ក្នុងសាល​​ទើបតុបតែងថែម​ភ្លើង​​កែ​លម្អ​ថ្មី។

អ្នក​មក​ទស្សនា​សារមន្ទីរ​ច្បាស់ជា​ភ្ញាក់ផ្អើល​នឹង​​ការវិវឌ្ឍ​ដ៏ប្រសើរជាង​មុន រួមទាំង​វត្ថុ​តាំង ជា​កេរប្រវត្តិសាស្ត្រ និង​វត្ថុសិល្បៈ​ដ៏​ច្រើន​សម្បូរ​បែប។​

ការ​ស្វាគមន៍​ភ្ញៀវ​ជា​ថ្មី សារមន្ទីរ​នាំ​មក​ជាមួយ​​នូវ​​​ទស្សនវិស័យ​ថ្មី និង​វត្ថុ​​បុរាណ​ដែល​បានវិលត្រឡប់​ពី​ទ្វីប​ផ្សេងៗ។ AFP

ស្ថាបនា​ឡើង​នៅដើមទសវត្សរ៍​ឆ្នាំ ១៩៣០ អគារ​​ដែល​ធ្លាប់ជា​វិទ្យាស្ថាន​បារាំង​​សម្រាប់​អាហ្រ្វិក​ស្បែកខ្មៅ (French Institute for Black Africa) ត្រូវបាន​ប្ដូរ​ឈ្មោះថា វិទ្យាស្ថាន​មូលដ្ឋានគ្រឹះ​នៃ​វប្បធម៌​អាហ្វ្រិក​ស្បែក​ខ្មៅ (IFAN) មុន​ពេល​សំណង់​នេះ​ត្រូវ​​បាន​​ប្រែ​ក្លាយជា​សារមន្ទីរ​​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ ហើយ​ត្រូវ​បាន​ដាក់ឈ្មោះ​ថា​អ្នក​វិទ្យាសាស្ត្រ និង​ស្រាវជ្រាវ​រុករក​ Theodore Monod ក្នុង​ឆ្នាំ ២០០៧។

ពិព័រណ៍​ដែលទើប​បើកសម្ពោធ​ថ្មីៗ​បាន​​អបអរ​​ជនជាតិ​សេណេហ្គាល់​ឆ្នើម Amadou-Mahtar Mbow ជានាយក​​ជនជាតិ​អាហ្វ្រិក​ដំបូង​​របស់​អង្គការ​យូណេស្កូ ដែល​គម្រប់ខួប

១០០ ​ឆ្នាំ​កាលពី​ចុង​ខែ​កន្លង​ទៅ ​នេះ។

កំឡុងពេល​បំពេញ​កិច្ចការ​ជា​នាយក​អង្គការ​យូណេស្កូ​ Mbow កាលពី​ឆ្នាំ ១៩៧៨ បាន​សរសេរ​​​ទាំង​ទទូច​ថា៖ «សូមអំពាវ​នាវ​ដល់​ការ​វិលត្រឡប់​នូវ​បេតិកភណ្ឌ​វប្បធម៌​ដែល​មិន​អាច​ជំនួស​បាន​ ឱ្យ​វិលត្រឡប់ទៅ​ម្ចាស់ដើម ឬ​អ្នក​បង្កើត​វា​វិញ​»។

ស្ថាបនា​ឡើង​នៅដើមទសវត្សរ៍​ឆ្នាំ ១៩៣០ អគារ​​ដែល​ធ្លាប់ជា​វិទ្យាស្ថាន​បារាំង​​សម្រាប់​អាហ្រ្វិក​ស្បែកខ្មៅ។ AFP

លោក​ក៏បាន​ទទូច​បណ្ដា​រដ្ឋ​នានា​ឱ្យ​ដាក់នូវ​វិធានការ​ក្នុង​ការ​ប្រគល់​មក​វិញ​នូវ​ទ្រព្យ​សម្បត្តិវប្បធម៌​ទៅ កាន់ប្រទេស​ជា​ម្ចាស់ដើម​វិញ។

វត្ថុ​បុរាណ និង​វត្ថុ​សិល្បៈ​ខ្លះ​ទៀត​​ត្រូវបាន​​ទទួល​យក​​នៅ​សតវត្សរ៍​ទី១៩ ហើយ​ក្រោយ​មក​អ្នកស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សារមន្ទីរ IFAN បាន​ស្រាវជ្រាវ​បន្ថែម​នូវ​វត្ថុសិល្បៈ​ដែល​បាន​ប្រមូល​រួមមាន ចម្លាក់ ក្បាំង​មុខ បំណែក​នាវា សម្លៀក​បំពាក់ គ្រឿង​តុបតែង​លម្អ អាវុធ​យុទ្ធភ័ណ្ឌ លោហៈ ដី និង​ស្បែក ដោយភាគច្រើន​មក​ពី​តំបន់​អាហ្វ្រិក​ខាង​លិច។

ថ្មីៗ​នេះ​ផង​ដែរ វត្ថុ​ជាច្រើន​ដែល​ទើប​វិលត្រឡប់​មក​ពី​ក្រុង​ប៉ារីស​ ត្រូវ​បាន​ខ្ចី​យកទៅ​ដាក់តាំង​អស់រយៈពេលជា​ច្រើន​ឆ្នាំ​នៅសារមន្ទីរ​ Quai Branly។

សារមន្ទីរ​​ត្រូវ​បាន​ដាក់ឈ្មោះ​ថា​អ្នក​វិទ្យាសាស្ត្រ និង​ស្រាវជ្រាវ​រុករក​ Theodore Monod ក្នុង​ឆ្នាំ ២០០៧។ AFP

អ្នក​ចងក្រង​ពិព័រណ៍​សារមន្ទីរ El Hadji Malick Ndiaye បាន​​ពន្យល់ថា៖ «នេះ​មិន​ត្រឹម​តែ​ជា​ការ​​ប្រគល់​មកវិញទេ វា​គឺ​ជា​ការ​វិលត្រឡប់​ទៅ​រក​ម្ចាស់ដើម​ វា​គឺជាវត្ថុ​និមិត្តរូប​​ដែល​ត្រឡប់ម​ក​កាន់ទឹក​ដីអាហ្វ្រិកវិញ»។

Ndiaye បាន​លើកឡើង​ពីភាព​គួរ​ឱ្យ​សោកស្ដាយ​ដែល​វត្ថុ​សិល្បៈចំនួន​ ៩ ០០០ ត្រូវ​បាន​​​លាក់ខ្លួន​ពី​ភ្នែកទស្សនិកជន ដោយសារ​តែ​វិបត្តិកូវីដ​ នាំ​ឱ្យ​វិទ្យាស្ថាន​សារមន្ទីរ​បាត់បង់ចំណូល​មួយ​ភាគធំ​ផង​ដែរ។

ទោះជាយ៉ាងណាក្ដី សារមន្ទីរ​ក៏​បាន​ឆ្លៀត​ឱកាស​ពេលបិទទ្វារ​ដើម្បី​​ធ្វើការ​កែ​លម្អ​​សាលពិព័រណ៍​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

សារមន្ទីរ​ក៏​បាន​ឆ្លៀត​ឱកាស​ពេលបិទទ្វារ​ ដើម្បី​​ធ្វើការ​កែ​លម្អ​​សាលពិព័រណ៍​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។ AFP

ថ្លែង​ពី​អគារ​​ដែល​សាសង់​លើ​ទឹក​ដី​ក្រុងដាការ​នៅ​ដើមទសវត្សរ៍​ឆ្នាំ ១៩៣០ លោក​បានលើកឡើង​ថា៖ «កំឡុង​ពេលបិទទ្វារ យើង​​មាន​ពេល​សម្លឹង​មើល​​ស្ថានភាព​សារមន្ទីរ និង​ធ្វើ​ឱ្យ​វា​កាន់តែ ប្រសើរឡើង ហើយ​ការ​បើកទ្វារ​ឡើង​វិញ​ទាមទារ​ឱ្យ​យើង​មានចក្ខុវិស័យថ្មី​សម្រាប់​សារមន្ទីរយើង»។

លោក​បាន​រៀបរាប់ទៀត​ថា ភ្ញៀវ​សារមន្ទីរ​​បច្ចុប្បន្ន​នឹង​សម្គាល់​ពីការ​វិវឌ្ឍ​នៃ​ការ​តាំងពិព័រណ៍ រួម​មាន​ការ​ប្រើប្រាស់​ពន្លឺ​ភ្លើង ពន្លឺ​ព្រះអាទិត្យ និង​ភាពលម្អិត​ដទៃទៀត ធ្វើ​ឱ្យ​វត្ថុ​ទាំង​នោះកាន់តែ​លេច​ធ្លោរ​ច្បាស់។

ដោយចំណាយពេល​កែកុន​​​​ដើម្បី​​ប្រែមុខ​មាត់ថ្មី​នៃ​សារមន្ទីរ​ ក្រោយពី​​វិបត្តិ​កូវីដធូរស្បើយ លោក Ndiaye បាន​និយាយ​ថា៖ «សារមន្ទីរ​នេះ​បីដូចជា​នាវា​ដ៏​គួរ​ឱ្យ​ស្ងប់ស្ងែង​ដែល​ពោរពេញទៅ​ដោយ​និមិត្តរូប​​នៃ​ការ​វិល​ត្រឡប់​មក​វិញ»៕ AFP/HR

វត្ថុ​ជាច្រើន​ដែល​ទើប​វិលត្រឡប់​មក​ពី​ក្រុង​ប៉ារីស​ ត្រូវ​បាន​ខ្ចី​យកទៅ​ដាក់តាំង​អស់រយៈពេលជា​ច្រើន​ឆ្នាំ​នៅសារមន្ទីរ​ Quai Branly។ AFP