ក្រុងអាថែន៖ ប្រទេសក្រិក​ចង់​ឃើញ​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​វិល​មក​កាន់​ដែន​កោះ​ស្រស់​ស្អាត​របស់​ខ្លួន​ជា​ថ្មី និង​បាន​បញ្ជូន​រដ្ឋមន្ដ្រី​ទេសចរណ៍​ទៅកាន់​ទីក្រុង​ឡុងដ៍ នៃ​ប្រទេស​អង់គ្លេស​ដើម្បី​បញ្ចុះ​បញ្ចូល​ទីផ្សារ​ធំ​បំផុត​មួយ​ប្រចាំ​ប្រទេស​ខ្លួន​ពី​កត្ដា​សុវត្ថិភាព។

មុន​ពេល​ជួប​វិបត្ដិ​កូវីដ​សកល ទេសចរ​ចក្រ​ភព​អង់គ្លេស ៣,៥ លាន​នាក់​បាន​មក​លេង​ប្រទេស​ក្រិក ក្នុង​ឆ្នាំ ២០១៩ ហើយ​លោក ហាររី ធេអូហារីស បាន​និយាយ​ថា លោក​នឹង​ចំណាយ​ពេល ៣ ថ្ងៃ​ធ្វើ​ការ​ផ្សព្វផ្សាយ​គោល​ដៅ​ទេសចរណ៍​សប្ដាហ៍​នេះ។

ចក្រ​ភព​អង់គ្លេស​បាន​ដាក់​ប្រទេស​ក្រិក​ក្នុង​គោលដៅ​ធ្វើ​ដំណើរ​ពណ៌​លឿង​ទុំ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មាន​ន័យថា ពលរដ្ឋ​អង់គ្លេស​ដែល​វិល​ពី​ក្រិក​ចូល​ស្រុក​វិញ ត្រូវ​ធ្វើ​ចត្ដាឡីស័ក​យ៉ាង​តិច ៥ ថ្ងៃ។

ភ្ញៀវទេសចរដើរកាត់ភោជនីយដ្ឋានក្នុងតំបន់ទេសចរណ៍បុរាណ Roman Agora និងភ្នំ Acropolis hill កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១។ AFP

វិស័យ​ទេសចរណ៍​បាន​ផ្ដល់​ចំណូល ១ ភាគ ៤ ​នៃ​សេដ្ឋកិច្ច​​ប្រចាំ​ឆ្នាំ​ដល់​ប្រទេស​ក្រិក​ ហើយ​ក្រុង​អាថែន ចង់​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​ដល់​ប្រតិបត្ដិករ​ទេសចរណ៍​នូវ​កត្ដា​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ប្រទេស​ខ្លួន។

លោក ធេអូហារីស នឹង​ជួប​ជាមួយ​រដ្ឋមន្ដ្រី​ការ​បរទេស​ប្រចាំ​តំបន់​អាស៊ី នីហ្គេល អាដាមស៍ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង ២​។ នេះ​បើ​យោងតាម​សេចក្ដី​ថ្លែង​ការណ៍​របស់ប្រទេស​ក្រិក។

សេចក្ដី​ថ្លែងការណ៍​បាន​បន្ដថា លោក​ក៏​នឹង​ជជែក​ជាមួយ​អាកាសចរណ៍ British Airways, EasyJetនិង​ Jet2ដែល​រមែង​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​ក្រិក​ ដោយ​ជា​ចលករ​សំខាន់​ បញ្ជាក់​ពី​កត្ដា​សុវត្ថិភាព​នៃការ​ធ្វើដំណើរ។

ភ្ញៀវទេសចរមកពីអូទ្រីស អង្គុយនៅហាងកាហ្វេក្បែរឆ្នេរសមុទ្រនៃដែនកោះ Eubea របស់ក្រិក។ AFP

នាយក​រដ្ឋ​មន្ដ្រី​ក្រិក Kyriakos Mitsotakis បាន​កត់​សម្គាល់​កាលពី​ថ្ងៃ​ចន្ទ​ក្រោយ​ជួប​ជជែក​ជាមួយ​សមភាគី​អេស្ប៉ាញ​ Pedro Sanchez ថាក្រុង​អាថែន​គឺជា​ទីក្រុង​សហភាព​អឺរ៉ុប​មួយ​ ជាមួយ​ក្រុង​ម៉ាឌ្រីត ដែល​គាំទ្រ​គំនិត​ចេញ​វិញ្ញាបនបត្រ​វ៉ាក់សាំង​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ដូច​ប្រក្រតី​ឡើង​វិញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល អារីស្ដូតលី ប៉េឡូនី បាន​និយាយថា​៖ «​នៅ​ថ្ងៃទី ១៤ ខែ​ឧសភា ការ​ចាប់ផ្ដើម​វិស័យ​ទេសចរណ៍ និង​ធ្វើ​ដំណើរ​រវាង​នាយកដ្ឋាន​ក្រិកទាំង​អស់​ ពិត​ជា​ជំហាន​ដ៏សំខាន់​ ដែល​ស្រប​ពេល​ជាមួយ​ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នូវ​សារមន្ទីរ​នានា»។

ក្រោម​វិធានការ​បិទ​ខ្ទប់​ដោយ​អន្លើតាំងពី​ថ្ងៃទី ៧ ខែ​វិច្ឆិកា ប្រទេស​ក្រិក​បន្ដ​កត់ត្រា​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃជាង ១៥០០ ករណី ដែល​ភាគ​ច្រើន​នៅ​ទីក្រុង​អាថែន ជាមួយ​អ្នក​ស្លាប់​ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ច្រើន​ទៀត។

ទិដ្ឋភាពហាងកាហ្វេឥតដំបូលនៅតំបន់បុរាណ Ancient Agora នៃទីក្រុងអាថែន កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១។ AFP

កាលពីថ្ងៃ​ចន្ទ សាលា​រៀន​ទាំង​អស់​ត្រូវបាន​អនុញ្ញាត​ឱ្យ​បើកទ្វារ​ក្រោយ​ពីបិទ​អស់រយៈ​ពេល ៦ ខែ​។ សិស្ស​ និង​គ្រូ​នឹង​ត្រូវ​ធ្វើ​តេស្ដ​រក​វីរុស​ ២ ដង​ក្នុង​ ១ សប្ដាហ៍។

ជិត​ ១ ខែ​មុន ការ​ធ្វើ​ចត្ដាឡីស័ក​រយៈ​ពេល ៧ ថ្ងៃ​ត្រូវបាន​លើក​លែង​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ពី​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស អ៊ីស្រាអែល ស៊ែប អេមីរ៉ាត​អារ៉ាប់​រួម និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត៕