ក្រុងរ៉ៃក្យាវិក៖ ភ្នំភ្លើង Fagradalsfjall នៃ​ប្រទេស​អ៊ីស្លង់​ដែល​បាន​រក្សា​ភាពស្ងប់ស្ងាត់​អស់​ពេល​យូរលង់​មក​ហើយ​នោះ​ស្រាប់តែ​ផ្ទុះ​ចេញ​កម្អែ​ភ្នំភ្លើង​ទៅក្នុង​បរិយាកាស ដែល​អាច​មើលឃើញ​ពី​ទីក្រុង​រ៉ៃក្យាវិក​ក្លាយជា​ទស្សនីយភាព​ទាក់ទាញ​ក្រសែភ្នែក​មហាជន​បើករថយន្ត​រាប់សិប​គីឡូម៉ែត្រ​រួច​បន្តដំណើរ​ថ្មើរជើង​ឆ្ពោះ​ទៅ​កៀក​កំពូលភ្នំ​ផ្ទុះ។

ភ្នំភ្លើង ដែល​ចាប់ផ្ដើម​កម្រើក​កាលពី​ពាក់កណ្ដាល​ខែមីនា ក្នុង​ជ្រលង Geldingadalir ក្បែរ​ភ្នំ Fagradalsfjall បាន​ទាក់ទាញ​ភ្ញៀវ​មកពី​ជុំវិញ​ពិភពលោក​ដោយ​អ្នកខ្លះ​ចិត្ដសឿង​ហ៊ាន​ចូល​កៀក​ទៅ​ត្រឹម​ទីតាំង​មាន​សុវត្ថិភាព​ជិត​បំផុត ដែល​រៀបចំ​ឡើង​ ដើម្បី​ការពារ​ការផ្ទុះ​កម្អែ​ថ្ម​ក្រហម។

ភ្ញៀវទេសចរ ហេនរិក វាបផ្ល័រ ជា​ស្ដ្រី​អាល្លឺម៉ង់​ដែល​រស់នៅ​អ៊ីស្លង់​បាន​និយាយ​ពេល​ឈរ​ជាមួយ​កូនស្រី​នៅ​ជ្រុង​ម្ខាង​នៃ​ភ្នំភ្លើង​ថា៖ «មើលទៅ​ពិតជា​អស្ចារ្យ​ណាស់»។

គយគន់​ទស្សនីយភាព​ដ៏អស្ចារ្យ​នៃ​ថាមពល​ផែនដី​នេះ អ្នកស្រី​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​សៅរ៍​លើ​ដំណើរ​លើក​ទី ៤ មកកាន់​តំបន់​នេះ​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ហាក់ដូចជា នៅ​ជិត​នឹង​អំណាច​ភ្លើង​ណាស់​តែ​ខ្ញុំ​មិន​ខ្លាច​ទេ»។

អ្នក​ចិត្តសឿង​កាន់តែ​ហ៊ាន​ចូលទៅ​កៀក​ទោះបីជា​អ្នកជំនាញ​ព្រមាន​ពី​ហានិភ័យ​អាច​កើតឡើង​ដោយ​បន្ទុះ​កម្អែ​ក្ដី។ AFP

មកដល់​សប្ដាហ៍​មុននេះ​សកម្មភាព​របស់​ភ្នំភ្លើង​នៅតែ​បន្ដ និង​ឆេះងំៗ​តែ​ពេលនេះ​វា​កំពុងតែ​ឆ្លាស់គ្នា រវាង​ការឆេះតិចៗ និង​ផ្ទុះ​បំភាយ​កម្អែ​ខ្លាំង។

កម្អែ​ភ្នំភ្លើង​មួយ​នេះ​ត្រូវ​បាន​វាស់​ចម្ងាយ​ផ្ទុះ​ជាង ៤៦០ ម៉ែត្រ​នាពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។ នេះ​បើ​យោងតាម​ការិយាល័យ​ឧតុនិយម​ជាតិ។

អ្នកស្រី Freyja Wappler-Fridriksdottir បានឱ្យ​ដឹងថា៖ «ការឆេះ​បំភាយ​តិចៗ​នៅតែ​បន្ដ ជា​សំឡេង​ដែល​ក្រើនរំឭក​ពី​វត្ដមាន​របស់​យន្ដហោះ»។

អ្នកស្រី​ស្ថិតក្នុង​ចំណោម​មនុស្ស​ជាង ២ ៥០០ នាក់​នៅ​ទីតាំង​នោះ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​រក្សា​ចម្ងាយ​ប្រមាណ ៥០០ ម៉ែត្រ​ពី​ភ្នំភ្លើង ដែល​កម្រិត​សុវត្ថិភាព​មាន​ចម្ងាយ​ចន្លោះ​ពី ៤០០ ទៅ ៦៥០ ម៉ែត្រ​អាស្រ័យ​លើ​ល្បឿន​ខ្យល់​បក់។

ដោយ​បន្ត​ផ្ទុះ​តាំងពី​ខែមីនា​ភ្នំភ្លើង​ជួនកាល​បន្ថយ​អានុភាព​ជួនកាល​ស្រាប់តែ​ផ្ទុះឡើង​ខ្លាំង។ AFP

អ្នកស្រី​បាន​បន្ដថា៖ «វា​មិន​រាល់ថ្ងៃ​នោះទេ​ដែល​យើង​អាចមក​ទស្សនា​ភ្នំភ្លើង​ជិតៗ​បែប​នេះ វា​ពិតជា​អស្ចារ្យ និង​ស្រស់ស្អាត​មែនទែន» ការផ្ទុះ​ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី ១៩ ខែមីនា​បាន​កក្រើក​ឡើង​លើកដំបូង​លើ​ឧបទ្វីប Reykjanes ក្នុង​រយៈពេល​ជាង ៨ សតវត្សរ៍ ហើយ​វា​ជិត ៦ ពាន់​ឆ្នាំ​ទៅហើយ​តាំងពី​សកម្មភាព​ផ្ទុះ​ចុងក្រោយ​បំផុត​កើតឡើង​ក្នុង​តំបន់​នេះ។

ប៉ុន្ដែ​អ្នកជំនាញ​ប្រាកដថា ការផ្ទុះ​នេះ​មិនមែន​កើតឡើង​សើៗ​នោះទេ​ ដោយ​វា​ផ្ទុះ​ចេញពី​ស្រទាប់​ស្នូល​ផែនដី។

លោក អេដវើដ ម៉ាសាល មកពី​វិទ្យាសាស្ដ្រ​ផែនដី​បាន​និយាយថា៖ «នេះ​គឺ​ជាក​ម្លែ​ភ្នំភ្លើង​យុគសម័យ​ដ៏យូរលង់​បំផុត​ដែល​យើង​បានឃើញ​តាំងពី​សម័យ​ទឹកកក​ប្រមាណ ១ ម៉ឺន​ឆ្នាំមុន»៕ HR

រថយន្ត​ជាច្រើន​បន្តកន្ទុយ​គ្នា​ឆ្ពោះ​ទៅកាន់​ជើងភ្នំ​មុននឹង​អ្នកទេសចរ​បន្តដំណើរ​ដោយ​ថ្មើរជើង។AFP

នារី​ទេសចរ​ឡើងមក​ទស្សនា​បន្ទុះ​ភ្នំភ្លើង Fagradalsfjall នៃ​ប្រទេស​អ៊ីស្លង់។ AFP

ទិដ្ឋភាព​រថយន្ត​បន្តកន្ទុយ​គ្នា​វែង​អន្លាយ​ឆ្ពោះទៅកាន់​តំបន់ភ្នំ​ភ្លើង។ AFP

ភ្ញៀវទេសចរ​គយគន់​ភ្នំភ្លើង Fagradalsfjall ដែល​មាន​ចម្ងាយ​តែ ៤០ គីឡូម៉ែត្រ​ពី​រដ្ឋធានី​រ៉ៃក្យាវិក​នៃ​ប្រទេស​អ៊ីស្លង់។ AFP

កម្អែ​ភ្នំភ្លើង​ថ្មី​ពណ៌​លឿងទុំ​លាយឡំ​នឹង​កម្អែ​ចាស់​ដែល​ប្រែជា​ពណ៌​ខ្មៅ។ AFP

ផ្សែងភ្លើង​ចេញពី​ភ្នំភ្លើង Fagradalsfjall មាន​ចម្ងាយ​តែ ៤០ គីឡូម៉ែត្រ​ពី​ទីក្រុង​រ៉ៃក្យាវិក នៃ​ប្រទេស​អ៊ីស្លង់។ AFP