កាលពីកន្លងមក ភ្នំពេញប៉ុស្ដិ៍បានផ្សព្វផ្សាយ ១ វគ្គរួចមកហើយអំពីភាពស្របច្បាប់នៃការទទួលយកកូនអ្នកដទៃមកចិញ្ចឹម តាមរយៈការបកស្រាយពីលោកមេធាវី លី កុសល មានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយលោកពន្យល់ថា ករណីសុំកូនអ្នកដទៃយកមកចិញ្ចឹមដោយស្របច្បាប់ត្រូវតែធ្វើឡើងតាមផ្លូវតុលាការ ហើយការរំលាយការស្មុំកូននេះវិញ ក៏ត្រូវធ្វើឡើងតាមរយៈការកាត់កាល់តាមផ្លូវតុលាការដូចគ្នា។ ប៉ុន្តែនៅលេខនេះយើងសូមលើកយកវគ្គបន្តមកចុះផ្សាយតាមរយៈសំណួរដូចខាងក្រោម៖
ករណីស្មុំនេះ កាលពីកូននៅតូច លោក (ខ) ដែលបានឱ្យកូនទៅលោក (ក) ចិញ្ចឹមដោយមិនមានធ្វើលិខិតស្នាមប្រគល់ទទួលមិនបានប្តឹងលោក (ក) ទេ ប៉ុន្តែដល់កូនគាត់ធំពេញរូបរាងទើបប្តឹងលោក (ក) ព្រោះសំអាងថាមិនមានលិខិតស្នាម។ ករណីនេះតើលោក (ខ) ធ្វើបានទេ?
ករណីនេះ លោក (ខ) អាចធ្វើការប្តឹងបាន នេះជាសិទ្ធិរបស់លោក (ខ) តែអ្វីដែលសំខាន់នោះ គឺលោក (ខ) ត្រូវមានភ័ស្តុតាងហេតុផលឱ្យបានសមរម្យ និងត្រឹមត្រូវ តែបើមិនមានហេតុផល ឬភ័ស្តុតាងណាមួយឱ្យបានសមរម្យ ច្បាស់លាស់នោះទេ គឺតុលាការនឹងច្រានចោលការទាមទាររបស់លោក (ខ)។
ចំពោះបញ្ហាដែលលោក (ខ) លើកឡើងដោយសំអាងថា មិនមានលិខិតស្នាមប្រគល់ទទួលនោះ ចំណុចនេះគេចាត់ទុកគឺជាការព្រមព្រៀងហើយ ដោយហេតុថា នៅក្នុងមូលដ្ឋានក៏មានសាក្សីជាច្រើនដែលបានឃើញ និងដឹងឮ រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ព្រោះការចិញ្ចឹមបីបាច់ថែរក្សាកូននីមួយៗមិនមែនធ្វើឡើងដោយស្ងាត់ៗនោះទេ ហើយរយៈពេលចិញ្ចឹមកូនទៀតសោត គឺមានរយៈពេលរាប់ឆ្នាំ ឧទាហរណ៍ដូចជាលោក (ក) បានធ្វើសកម្មភាព ចុះឈ្មោះកូននៅក្នុងសៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ ឬចុះសំបុត្រកំណើតជាដើម, លោក (ក) បានចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែផ្ទុយទៅវិញ បែរជាលោក (ខ) ដឹងហើយ ឮហើយ មិនដែលខ្វាយខ្វល់ទៅនឹងសុខទុក្ខកូនបង្កើតរបស់ខ្លួន និងមិនបានបំពេញករណីយកិច្ចជាឪពុកម្តាយដ៏ល្អ បែរជាពេលកូនរបស់ខ្លួនធំឡើងរៀនសូត្របានខ្ពង់ខ្ពស់មានចំណេះវិជ្ជាចង់មកយកកូនរបស់ខ្លួនទៅវិញ នេះគឺជាការបង្ហាញពីអត្តចរិតមិនល្អរបស់លោក (ខ) ទៅវិញទេ។
ឧបមាថា លោក (ខ) អាចប្តឹងបាន ប៉ុន្តែកូនរបស់គាត់ដែលលោក (ក) ចិញ្ចឹមនោះមិនព្រមទៅនៅជាមួយលោក (ខ) វិញ បើបែបនេះតើច្បាប់ត្រូវដោះស្រាយបែបណា?
កូនរបស់គាត់អាចប្តឹងកាត់កាល់លោក (ខ) បាន ព្រោះប្រសិនបើកូនរបស់លោក (ខ) យល់ឃើញថា ស្ថានភាពឪពុកម្តាយបង្កើតមិនអាចផ្តល់ឱ្យគាត់ ទទួលបាននូវសុភមង្គល ទំនុកបម្រុងបីបាច់ថែរក្សាទទួលបាននូវការរៀនសូត្របានខ្ពង់ខ្ពស់ មានអនាគតល្អ កេងប្រវ័ញ្ចលើកម្លាំងពលកម្ម ប្រើអំពើហិង្សា។ល។ ដូច្នេះកូនលោក (ខ) អាចធ្វើនីតិវិធីសុំឱ្យតុលាការផ្តាច់ទំនាក់ទំនងតាមផ្លូវច្បាប់ជាមួយលោក (ខ)។
ករណីនេះតើអាជ្ញាធរណាទើបមានសមត្ថកិច្ច ឬមានសិទ្ធិអំណាចក្នុងការសម្រេចបាន? ដោយមូលហេតុអ្វី?
មានតែតុលាការមួយគត់ដែលមានសិទ្ធិក្នុងការសម្រេច ដោយផ្អែកទៅឆន្ទៈ ឬគោលបំណងពិតប្រាកដរបស់កូន រួមទាំងស្ថានរស់នៅរបស់កូន ថាតើលោក (ក) មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនដែរឬទេ?