កាលពីថ្ងៃចន្ទសប្ដាហ៍មុន ភ្នំពេញប៉ុស្ដិ៍បានផ្សព្វផ្សាយ ១ វគ្គរួចហើយអំពីទោសទណ្ឌនៃអ្នកប្រព្រឹត្តល្មើសលើសាកសព “អំពើប៉ះពាល់ដល់បូរណភាពនៃសាកសព“ ដោយត្រូវជាប់ទោសតាមមាត្រា ២៦១ នៃក្រមព្រហ្មទណ្ឌតាមរយៈការបកស្រាយពីលោក មេធាវី កុយ ដុល្លា ជាសមាជិកនៃក្រុមមេធាវីធម្មសាស្ត្រ ដែលមានការិយាល័យបម្រើការងារនៅអគារលេខ ៣៦ ជាន់ទី ១០ បន្ទប់លេខ P១០-P១១ ផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ (Email: k.dolla@bakc.org.kh)។ ដោយឡែកនៅសប្ដាហ៍នេះ យើងសូមលើកយកវគ្គបញ្ចប់មកចុះផ្សាយតាមរយៈសំណួរដូចខាងក្រោម៖
ចុះបើឧបមាថា នគរបាលចាប់ជនល្មើសដែលសម្លាប់លោក (ខ) បាន តើលោក (ក) អាចរួចផុតពីទោសដែរទេ?
ដូចបានបញ្ជាក់ក្នុងសំណួរទី ១ ខាងលើអំពើរបស់លោក (ក) ពុំប្រឈមនឹងបទល្មើសឃាតកម្ម ឃាតកម្មគិតទុកជាមុន ឬមនុស្សឃាតដោយអចេតនានោះទេ ក៏ប៉ុន្ដែអំពើរបស់លោក (ក) ដែលបានប្រព្រឹត្ត គឺជាបទល្មើសព្រហ្មទណ្ឌមួយផ្សេងទៀត “បទប៉ះពាល់ដល់បូរណភាពនៃសាកសព” តាមមាត្រា ២៦១ នៃក្រមព្រហ្មទណ្ឌ។ ហេតុដូច្នេះ ទោះបីជានគរបាលចាប់ជនល្មើសដែលបានសម្លាប់លោក (ខ) បានក៏ដោយ ក៏លោក (ក) នៅតែទទួលខុសត្រូវព្រហ្មទណ្ឌដែរ ដោយហេតុថា អង្គហេតុ និងបទល្មើសរបស់ជនល្មើសដែលសម្លាប់លោក (ខ) និងអំពើរបស់លោក (ក) មានភាពឯករាជ្យពីគ្នា ពោលគឺជនល្មើសដែលសម្លាប់លោក (ខ) ប្រឈមនឹងផ្លូវច្បាប់ពាក់ព័ន្ធបទល្មើសដែលអាចជាបទឃាតកម្ម ឬបទឃាតកម្មគិតទុកជាមុន ឬបទមនុស្សឃាតដោយអចេតនា តាមអង្គហេតុជាក់ស្តែង។ ចំណែកឯលោក (ក) វិញអាចនឹងទទួលខុសត្រូវព្រហ្មទណ្ឌក្នុងបទល្មើស “បទប៉ះពាល់ដល់បូរណភាពនៃសាកសព” ដោយសារមូលហេតុដូចបានបញ្ជាក់ក្នុងសំណួរទី ១។
តើមនុស្សស្លាប់ទៅហើយ ទទួលបានសិទ្ធិការពារខ្លួនដែរឬទេ?
ជាគោលការណ៍ រូបវន្ដបុគ្គលម្នាក់ៗមានសមត្ថភាពទទួលសិទ្ធិនៅពេលចាប់កំណើត ហើយបាត់បង់អស់នូវសមត្ថភាពទទួលសិទ្ធិនេះនៅពេលទទួលមរណភាព។ ក៏ប៉ុន្ដែថ្វីដ្បិតតែសមត្ថភាពទទួលសិទ្ធិបានរលត់នៅពេលទទួលមរណភាពក៏ដោយ ក៏នៅទទួលបានការការពារមួយចំនួនដូចជា៖ ការហាមប៉ះពាល់បូរណភាពសាកសព ឬការប្រមាថទីបញ្ចុះសព ឬសិទ្ធិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងករណីផ្សេងទៀតដែលច្បាប់បានកំណត់ជាក់លាក់។ ដើម្បីមានភាពច្បាស់លាស់ ខ្ញុំសូមលើកយកបទប្បញ្ញត្តិមួយចំនួនមកបង្ហាញដូចខាងក្រោម៖
- យោងតាមមាត្រា ២៦១ នៃក្រមព្រហ្មទណ្ឌ ចែងថា “អំពើប៉ះពាល់ដល់បូរណភាពនៃសាកសព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀលទៅ ២ ០០០ ០០០ (ពីរលាន) រៀល។
ការគោរពសាកសពនេះ ត្រូវបានច្បាប់ធានា ប៉ុន្តែក៏មានអញ្ញត្រកម្មមួយចំនួនផងដែរ។ ឧទាហរណ៍ដូចជា៖ ការធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ ឬអាចជាការសិក្សាវិទ្យាសាស្ត្រ (ទទួលការយល់ព្រមពីសាមីជនមុនគាត់ស្លាប់ និងការយល់ព្រមពីគ្រួសារ) ឬការធ្វើកោសល្យវិច័យ ដើម្បីបញ្ជាក់មូលហេតុនៃការស្លាប់ ថា តើសាកសពនោះស្លាប់ដោយឃាតកម្ម ឬអត្តឃាត ធ្វើទ្បើងដោយមន្ត្រីនគរបាលយុត្តិធម៌ និងអ្នកជំនាញ និងករណីពិសេសផ្សេងទៀតដែលច្បាប់អនុញ្ញាត។
- យោងតាមមាត្រា ២៦២ នៃក្រមព្រហ្មទណ្ឌចែងថា “អំពើប្រមាថតាមមធ្យោបាយណាមួយក៏ដោយទៅលើផ្នូរ ទីបញ្ចុះសព កោដ្ឋ ឬទៅលើសំណង់ដែលកសាងឡើង សម្រាប់រំឭកវិញ្ញាណក្ខន្ធនៃអ្នកទទួលមរណភាព ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀលទៅ ២ ០០០ ០០០ (ពីរលាន) រៀល”។
- យោងតាមមាត្រា ៣០ នៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលចែងថា “សិទ្ធិបេតិកភណ្ឌត្រូវបានការពារចាប់តាំងពីថ្ងៃដែលបានបង្កើតស្នាដៃ។ រយៈពេលកិច្ចការពារសិទ្ធិនេះត្រូវប្រព្រឹត្តទៅអស់ ១ ជីវិតអ្នកនិពន្ធ ព្រមទាំងប្រព្រឹត្តទៅ ៥០ (ហាសិបឆ្នាំ) ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធ។ កិច្ចការពារសិទ្ធិបេតិកភណ្ឌលើស្នាដៃសហការប្រព្រឹត្តទៅអស់ ១ ជីវិតអ្នកនិពន្ធ ដែលរស់នៅចុងក្រោយគេ ព្រមទាំងប្រព្រឹត្តទៅរយៈពេល ៥០ (ហាសិប) ឆ្នាំក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធចុងក្រោយនេះ”។
- លិខិតបណ្តាំមតកសាសន៍ដែលបុគ្គលម្នាក់បានធ្វើ ដើម្បីសម្ដែងឆន្ទៈចុងក្រោយពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរបស់គាត់ បន្ទាប់ពីមរណភាពរួមមាន៖ មតកសាសន៍ដោយលិខិតយថាភូត, មតកសាសន៍ដោយលិខិតឯកជន,មតកសាសន៍ដោយលិខិតសម្ងាត់ ជាអាទិ៍។ ប៉ុន្តែលិខិតបណ្តាំទាំងអស់នេះត្រូវធ្វើទ្បើងក្នុងលក្ខខណ្ឌដែលច្បាប់បានកំណត់យ៉ាងតឹងរ៉ឹង។
ផ្អែកតាមបទប្បញ្ញត្តិខាងលើ ឃើញថា ទោះបីមនុស្សស្លាប់ទៅហើយក៏ទទួលបានការការពារ និងធានាដោយច្បាប់ដែរ ដោយការគោរពសាកសព ការគោរពឆន្ទៈរបស់មតកជន និងការការពារកេរ្ដិ៍ឈ្មោះដែលបានបន្សល់ទុកនូវស្នាដៃរបស់អ្នកនិពន្ធ៕