ជាទូទៅ ការចូលបម្រើការងារអ្វីមួយតែងមានការតម្រូវឱ្យគោរពតាមលក្ខន្ដិកៈនៃស្ថាប័ននោះ ក្នុងនោះក៏មានការបញ្ជាក់ពីបុគ្គលិកលក្ខណៈរបស់បុគ្គលិកម្នាក់ៗផងដែរ ពិសេសគឺលិខិតថ្កោលទោសជាដើម។ ក៏ប៉ុន្តែប្រសិនបើមានបុគ្គលិក ឬមន្ត្រីក្នុងអង្គភាព ឬស្ថាប័ននោះប្រព្រឹត្តល្មើសច្បាប់គឺតែងមានការផ្ដន្ទាទោស។
ចង់ដឹងថា បើអនុវត្តទោសរួច បុគ្គលនោះអាចត្រឡប់មកធ្វើការកន្លែងដើមវិញឬទេ? ជុំវិញបញ្ហានេះភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោក មេធាវី លី កុសល មានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានខ្លឹមសារដូចខាងក្រោម៖
ឧបមាថា លោក (ក) ជាយោធាបានបាញ់លោក (ខ) ស្លាប់ ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ។ ករណីនេះបើគាត់ផុតកំណត់ជាប់ទោស ហើយចេញពីពន្ធនាគារវិញ តើអាចចូលបម្រើការងារក្នុងអង្គភាពវិញបានទេ?
យោងតាមមាត្រា ២៨ នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទចុះថ្ងៃ ១៨ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ បានចែងអំពីសម្បទាដែលអាចធ្វើជាទាហានបានគឺគាត់ត្រូវមានសញ្ជាតិខ្មែរ និងមានលិខិតថ្កោលទោសដែលបានបញ្ជាក់ថា គ្មានទោស។ ដូច្នេះហើយបើលោក (ក) ជាយោធាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយដែលត្រូវបានផ្តន្ទាទោស និងមានសាលក្រម ឬសាលដីកាស្ថាពរហើយលោក (ក) គឺពុំអាចចូលបម្រើការងារជាយោធាវិញបាននោះទេ បើទោះបីជាគាត់អនុវត្តទោសរួចហើយក៏ដោយពីព្រោះសាវតាររបស់គាត់គឺត្រូវបានចារថា ធ្លាប់មានទោសរួចទៅហើយ។
ជាទូទៅដើម្បីអាចទទួលបាននូវការងារក្នុងស្ថាប័នរដ្ឋ គឺស្ថាប័នទាំងនោះតែងតែតម្រូវឱ្យមានលិខិតថ្កោលទោស ដែលបញ្ជាក់ថា ជននោះគ្មានទោសពីមុនមកនេះគឺជាបុរេលក្ខខណ្ឌរបស់ស្ថាប័នរដ្ឋដើម្បីអាចចូលបម្រើការងារបាន។
បច្ចុប្បន្នយើងក៏សង្កេតឃើញថា ក្រុមហ៊ុនឯកជនមួយចំនួនក៏កំពុងមានតម្រូវការឱ្យមានបញ្ជាក់នូវសាវតារអំពីទោសទណ្ឌតាមរយៈលិខិតថ្កោលទោសដែលចេញពីក្រសួងយុត្តិធម៌ផងដែរ។
តើស្ថាប័នណាមួយដែលមានសមត្ថកិច្ចក្នុងការបញ្ជាក់ពីភាពជាមនុស្សស្អាតស្អំគ្មានទោសរបស់គាត់បាន?
ជាគោលការណ៍បើគាត់ប្រព្រឹត្តបទល្មើស ហើយដែលត្រូវបានតុលាការផ្តន្ទាទោស និងមានសាលក្រម ឬ សាលដីកាស្ថាពរហើយនោះគឺឈ្មោះរបស់គាត់គឺនឹងត្រូវបញ្ជូនទៅក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌ជាអ្នកមានសមត្ថកិច្ចក្នុងការបញ្ជាក់លើជនណាមួយថា គាត់ធ្លាប់ជាប់ទោសពីមុនឬក៏អត់?
ករណីលោក (ក) ដដែល ប្រសិនបើគាត់សម្លាប់លោក (ខ) គាត់ព្រមចេញសំណងទៅគ្រួសារលោក (ខ) រួចហើយ តើគាត់ត្រូវមានទោសដែរទេ?
យោងទៅតាមសំណួរខាងលើអំពើ និងសកម្មភាពនេះវាចូលទៅក្នុងបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា ១៩៩ ហេតុដូច្នេះវានាំឱ្យកើតមាននូវបណ្តឹងអាជ្ញា។ ជាធម្មតានាពេលដែលបទល្មើសមួយ ឬច្រើនត្រូវបានប្រព្រឹត្ត គឺតែងតែបង្កបច្ច័យអន្តរាយដល់សង្គមផង និងជនរងគ្រោះផង។ ហេតុនេះហើយ បានជាក្រមនីតិវិធីព្រហ្មទណ្ឌ ត្រង់មាត្រា ២ បានបញ្ញត្តិអំពី បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី។
-តើអ្វីទៅជាបណ្តឹងអាជ្ញា? និងអ្វីទៅជាបណ្តឹងរដ្ឋប្បវេណី?
+ បណ្តឹងអាជ្ញា៖
កាលណាអំពើដែលជាបទល្មើសត្រូវបានប្រព្រឹត្តឡើងក្នុងសង្គមប្រាកដជាបង្កឱ្យមានភាពចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ ឬបង្កភាពវឹកវរដល់សង្គមនោះអង្គការអយ្យការដែលជាម្ចាស់បណ្តឹងអាជ្ញាតែមួយគត់នឹងធ្វើការចោទប្តឹងលើបុគ្គលនោះ មិនថារូបវន្តបុគ្គលក្តី ឬនីតិបុគ្គលក្តី ដោយគោរពនូវគោលការណ៍សមភាពចំពោះមុខច្បាប់។
ប្រភពដែលនាំឱ្យមានបណ្តឹងអាជ្ញារួមមាន៖ បណ្តឹងបរិហារ បណ្តឹងទាមទារ បណ្តឹងសាមញ្ញ និងបណ្តឹងរដ្ឋប្បវេណី។ ម្ចាស់បណ្តឹងអាជ្ញាក៏អាចចោទប្តឹងដោយគ្មានបណ្តឹងបានផងដែរ ក្នុងករណីដែលខ្លួនបានដឹងអំពីអត្ថិភាពនៃបទល្មើសនោះដោយខ្លួនឯង។ បណ្តឹងអាជ្ញាមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើសដោយបង្ហាញឱ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់។ បណ្តឹងអាជ្ញាអាចធ្វើបានតែចំពោះមុខសាលាជម្រះក្តីព្រហ្មទណ្ឌតែ ១ គត់ដែលខុសគ្នាពីបណ្តឹងរដ្ឋប្បវេណី។ មាត្រា ៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌក៏បានចែងផងដែរអំពីមូលហេតុនៃការរលត់បណ្តឹងអាជ្ញាមានដូចជា៖
-មរណភាពនៃជនល្មើស។
-ការផុតអាជ្ញាយុកាល។
-ការលើកលែងទោសជាទូទៅ។
-និរាករណ៍នៃច្បាប់ព្រហ្មទណ្ឌ។
-អាជ្ញាអស់ជំនុំ។
ដូច្នេះការសងសំណង និងការដកពាក្យបណ្តឹងរដ្ឋប្បវេណីគឺមិននាំឱ្យរលត់បណ្តឹងអាជ្ញាទេ។
លើកលែងតែក្នុងករណីច្បាប់ព្រហ្មទណ្ឌមានចរិតលក្ខណពិសេស បានកំណត់ជាក់លាក់ថា “ការដកពាក្យបណ្តឹងពីជនរងគ្រោះជាមូលហេតុនៃការរលត់បណ្តឹងអាជ្ញា” ទើបបណ្តឹងអាជ្ញារលត់។ ឧទាហរណ៍៖ មាត្រា ៣៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះបានចែងថា “ការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌពុំអាចធ្វើបានឡើយបើមានសំណើពីជនរងគ្រោះជានីតិជនដោយបទល្មើសនោះជាបទមជ្ឈិមស្រាល ឬបទលហុ។ ដូច្នេះកាលណាលក្ខខណ្ឌនេះត្រូវបានបំពេញនោះបណ្តឹងអាជ្ញារបស់អង្គការអយ្យការត្រូវតែរលត់។
មូលហេតុនៃការបញ្ញត្តិបែបនេះ ដោយសារតែបទល្មើសពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារគឺដើមហេតុបង្កកើតចេញពីបុគ្គលឯកជនហើយកាលណាជនរងគ្រោះអាចទទួលយកការប្រើហិង្សា (សមរម្យ) បែបនេះ ក្នុងនាមជារដ្ឋមិនគួរគប្បីលូកដៃចូលក្នុងទំនាក់ទំនងឯកជនបែបនេះទេ។
+ បណ្តឹងរដ្ឋប្បវេណី៖
បណ្តឹងរដ្ឋប្បវេណី សំដៅលើបណ្តឹងដែលធ្វើដោយជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ឬសិទ្ធិវ័ន្តនៃជនរងគ្រោះ ដើម្បីទទួលការជួសជុលព្យសនកម្មផ្លូវកាយ ផ្លូវចិត្ត និងសម្ភារ។ បណ្តឹងរដ្ឋប្បវេណីមានគោលបំណងធ្វើឱ្យបានជួសជុលការខូចខាតដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះហើយក្នុងគោលបំណងនេះឱ្យអ្នករងគ្រោះបានទទួលសំណងជំងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល។
បណ្តឹងរដ្ឋប្បវេណី អាចធ្វើឡើងនៅមុខសាលាជម្រះក្តីព្រហ្មទណ្ឌជាមួយបណ្តឹងអាជ្ញាក៏បាន ឬធ្វើឡើងនៅមុខសាលាជម្រះក្តីរដ្ឋប្បវេណីតែម្តងក៏បាន ប៉ុន្តែករណីនេះបណ្តឹងរដ្ឋប្បវេណីត្រូវព្យួរសិន ដោយសារតែសេចក្តីសម្រេចនៃបណ្តឹងព្រហ្មទណ្ឌមានឧត្តមភាពជាងសេចក្តីសម្រេចនៃបណ្តឹងរដ្ឋប្បវេណី ហើយតុលាការរដ្ឋប្បវេណីសម្រេចអំពីសំណងដោយមិនពិនិត្យទៅលើចំណងហេតុផលទៀតឡើយ គ្រាន់តែមានសេចក្តីសម្រេចព្រហ្មទណ្ឌស្ថាពរគឺគ្រប់គ្រាន់។
ងាកទៅអង្គហេតុរបស់យើងវិញ ថ្វីដ្បិតគ្រួសារលោក (ខ) ទទួលការសម្របសម្រួលទទួលនូវសំណងពីក្រុមគ្រួសារលោក (ក) ក៏ដោយ ក៏មិនអាចរំលត់នូវបណ្តឹងអាជ្ញានោះដែរ ហើយមន្ត្រីនគរបាលយុត្តិធម៌ ឬប្រជាពលរដ្ឋដែលដឹងអំពីបទល្មើសនោះអាចប្តឹងបរិហារ ទៅអយ្យការដើម្បីឱ្យបណ្តឹងអាជ្ញានោះមានចលនាផងដែរ។
សរុបសេចក្តីមក លោក (ក) គាត់នៅតែទទួលខុសត្រូវព្រហ្មទណ្ឌដដែល បើទោះបីជាគាត់ផ្តល់សំណងឱ្យគ្រួសារលោក (ខ) ក៏ដោយ៕